អ្នកស្រីស៊ូសានណាហ៍ សាយបឺ(Susannah Cibber) ទទួលបាននូវកេរ្តិ៍ឈ្មោះល្បី នៅសតវត្សរ៍ទី១៨ ដោយសារគាត់មានអំណោយទានផ្នែកចម្រៀង។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏មានឈ្មោះល្បី ដោយសារបញ្ហារឿងអាស្រូវក្នុងជីវិតអាពាហ៍ពិពាហ៍របស់គាត់ផងដែរ។ ហេតុនេះហើយបានជា នៅពេលដែលគេយកបទច្រៀង ដែលមានចំណងជើងថា “ព្រះមែស៊ី” ដែលលោកហេនឌែល(Handel)បាននិពន្ធ មកប្រគុំជាលើកទីមួយ ក្នុងក្រុងឌីប្លីន នៅខែមេសា ឆ្នាំ១៧៤២ មានទស្សនិកជនជាច្រើន មិនចង់ឲ្យគាត់ចូលរួមសម្តែង ជាអ្នកចម្រៀងទោល ដែលលេចធ្លោនោះទេ។
ក្នុងអំឡុងពេលនៃការសម្តែងបើកការប្រគុំតន្រ្តីនៅថ្ងៃនោះ អ្នកស្រីសាយបឺ ក៏បានច្រៀងបទព្រះមែស៊ីយ៉ាងដូចនេះថា “ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់”(អេសាយ ៥៣:៣)។ ពាក្យពេចន៍ដែលគាត់បានច្រៀងនេះ បានធ្វើឲ្យលោកគ្រូគង្វាល ផាទ្រីក ដេឡានី(Patrick Delany)មានការប៉ះពាល់ចិត្ត បានជាគាត់ក្រោកឈរឡើង ហើយលាន់មាត់ថា “អ្នកស្រីសាយបឺ ព្រះទ្រង់បានអត់ទោសឲ្យអ្នកស្រីហើយ!”
រឿងនេះបានឆ្លុះបញ្ចាំង អំពីទំនាក់ទំនងរវាងជីវិតរបស់អ្នកស្រីស៊ូសានហាហ៍ សាយបឺ ជាមួយនឹងខ្លឹមសារនៃបទ “ព្រះមែស៊ី” របស់លោកហេនឌែល ដែលយើងមិនពិបាកនឹងយល់ឡើយ។ “មនុស្សទូទុក្ខ” គឺជាព្រះយេស៊ូវ ដែលជាព្រះមែស៊ី ត្រូវគេ “មើលងាយ ហើយបោះបង់ចោល” ដោយសារតែអំពើបាប គឺមិនខុសពីអ្នកស្រីសាយបឺ ដែលត្រូវគេស្អប់ ដោយសារអំពើបាបរបស់គាត់នោះឡើយ។ តែហោរាអេសាយបានមានប្រសាសន៍ថា “ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ”(ខ.១១)។
យ៉ាងណាមិញ ជីវិតរបស់យើងក៏មិនខុសពីអ្នកស្រីសាយបឺឡើយ។ ទោះយើងកំពុងតែឈរ ជាមួយអ្នកស្រីសាយបឺ នៅចំពោះមុខហ្វូងមនុស្សដែលប្រកាន់ទោស ឬកំពុងតែឈរនៅក្នុងចំណោមហ្វូងមនុស្ស ដែលប្រកាន់ទោសគេក្តី ក៏យើងរាល់គ្នា សុទ្ធតែចាំបាច់ត្រូវប្រែចិត្តចេញពីអំពើបាប ហើយទទួលការអត់ទោសបាបពីព្រះ។ ព្រះយេស៊ូវបានមានព្រះជន្មគង់នៅ សុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីផ្សះផ្សាឲ្យយើងជានឹងព្រះវរបិតា។
ដោយសារការគ្រប់យ៉ាង ដែលព្រះយេស៊ូវបានធ្វើ នោះសូមឲ្យយើងបានទទួលការអត់ទោសបាបពីទ្រង់ ទោះយើងជានរណាក៏ដោយ។—TIM GUSTAFSON