ពេលដែលខ្ញុំទើបតែបញ្ចប់មហាវិទ្យាល័យ ខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវរៀនចាយត្បិតត្បៀត ដោយកំណត់ថា ក្នុងមួយសប្តាហ៍ ខ្ញុំមិនត្រូវចំណាយទៅលើគ្រឿងទេស លើសពី២៥ដុល្លាឡើយ។ ថ្ងៃមួយ ពេលខ្ញុំកំពុងតម្រង់ជួររង់ចាំបង់លុយ នៅហាងទំនិញ មុននឹងចេញមកក្រៅ ខ្ញុំសង្ស័យថា គ្រឿងទេសដែលខ្ញុំបានទិញ មានតម្លៃលើសលុយដែលនៅជាប់ខ្លួន។ ខ្ញុំក៏ប្រាប់អ្នកគិតលុយ ឲ្យឈប់បូកបន្ថែមទំនិញដែលនៅសល់ ពេលដែលតម្លៃសរុបបានកើនដល់២០ដុល្លា ព្រោះខ្ញុំមានលុយល្មមនឹងទិញគ្រឿងទេសទាំងអស់ដែលខ្ញុំបានជ្រើសរើស លើកលែងតែម្រេចមួយកញ្ចប់ ដែលខ្ញុំគ្មានលុយបន្ថែមសម្រាប់ទិញ។
ពេលខ្ញុំហៀបនឹងបើកឡានចេញទៅផ្ទះវិញ មានបុរសម្នាក់បានឈប់នៅក្បែរឡានខ្ញុំ។ គាត់ក៏បានហុចម្រេចមួយកញ្ចប់ឲ្យខ្ញុំ ដោយនិយាយថា វាជាម្រេចដែលខ្ញុំត្រូវការ។ មិនទាន់បានអរគុណគាត់ផង គាត់ក៏បានដើរចេញទៅបាត់។
ពេលខ្ញុំនឹកឃើញការល្អដ៏សាមញ្ញ និងសប្បុរសរបស់គាត់ ខ្ញុំមានចិត្តកក់ក្តៅ ហើយក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ជំពូក៦។ ព្រះយេស៊ូវទ្រង់បានរិះគន់អ្នកដែលធ្វើទាន ដើម្បីឲ្យគេសរសើរខ្លួន(ខ.២) ហើយទ្រង់ក៏បានបង្រៀនសិស្សទ្រង់ ឲ្យចេះធ្វើទាន តាមបែបផ្សេងវិញ។ ទ្រង់បានបង្រៀនកុំឲ្យធ្វើទាន ដើម្បីមុខមាត់នោះឡើយ ផ្ទុយទៅវិញ គឺត្រូវធ្វើទាន ក្នុងភាពលាក់កំបាំង គឺមិនខុសពីដៃឆ្វេងដែលមិនដឹងថា ដៃស្តាំកំពុងតែធ្វើទាននោះឡើយ(ខ.៣)។
អំពើសប្បុរសរបស់មនុស្សដែលខ្ញុំមិនស្គាល់ បានធ្វើឲ្យខ្ញុំនឹកចាំថា ការធ្វើទាន គឺមិនគួរធ្វើឡើង ដើម្បីខ្លួនយើងនោះឡើយ។ យើងធ្វើទាន គឺដោយសារតែការអ្វីដែលព្រះដ៏សប្បុរសនៃយើង បានប្រទានពរយើង ដោយមិនសំចៃ(២កូរិនថូស ៩:៦-១១)។ ពេលយើងធ្វើទាន ដោយស្ងាត់ស្ងៀម និងដោយចិត្តសប្បុរស យើងកំពុងតែឆ្លុះបញ្ចាំង ឲ្យគេស្គាល់ទ្រង់ជានរណា ហើយទ្រង់ក៏បានទទួលការអរព្រះគុណ ដែលមានតែទ្រង់ទេ ដែលសមនឹងទទួល(ខ.១១)។—MONICA BRANDS