មិត្តភក្តិរបស់ខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុំ នៅពេលយប់ជ្រៅ ក្នុងអំឡុងពេលដែលនាងទទួលការព្យាបាលជម្ងឺមហារីក។ នាងបាននិយាយទាំងខ្សឹបខ្សួល ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យខ្ញុំមានចិត្តសង្រេង ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានស្រក់ទឹកភ្នែក ដោយការអធិស្ឋាន យ៉ាងស្ងៀមស្ងាត់។ ឱព្រះអម្ចាស់ តើទូលបង្គំគួរតែធ្វើដូចម្តេច?
ការទួញយំរបស់នាង បានធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំមិនអាចបញ្ឈប់ការឈឺចាប់របស់នាង ឬដោះស្រាយបញ្ហារបស់នាង ឬក៏រកឃើញពាក្យដ៏ឆ្លាតវ័យ ដើម្បីលើកទឹកចិត្តនាងទេ។ ប៉ុន្តែ ខ្ញុំដឹងថា នរណាអាចជួយនាងបាន។ ខណៈពេលដែលខ្ញុំកំពុងតែយំជាមួយមិត្តសំឡាញ់ម្នាក់នេះ ខ្ញុំក៏បានឈ្លៀតអធិស្ឋាន ខ្សិបៗថា “ព្រះយេស៊ូវ ព្រះយេស៊ូវ ព្រះយេស៊ូវ”។
សម្លេងយំរបស់នាងក៏បានអន់ថយ ទៅជាសម្លេងខ្សឹបខ្សួល ទាល់តែដង្ហើមរបស់នាងបានប្រែជាយឺត។ ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលសម្លេងស្វាមីរបស់នាងក៏បានបន្លឺឡើងថា “គាត់គេងលក់ហើយ។ ចាំថ្ងៃស្អែក ពួកខ្ញុំនឹងទូរស័ព្ទទៀត”។
ខ្ញុំក៏បានដាក់ទូរស័ព្ទចុះ ហើយក្រាបពីលើខ្នើយកើយ ដោយការអធិស្ឋានទាំងខ្សឹបខ្សួល។
កណ្ឌគម្ពីរម៉ាកុសបាននិយាយអំពីរឿងរបស់មនុស្សម្នាក់ ដែលចង់ជួយមនុស្សជាទីស្រឡាញ់របស់ខ្លួន។ បុរសជាឪពុកដែលកំពុងមានទុក្ខធំ បាននាំកូនប្រុសដែលកំពុងឈឺចាប់ មករកព្រះយេស៊ូវ(ម៉ាកុស ៩:១៧)។ ការទូលអង្វររបស់គាត់ ដិតដាមទៅដោយការសង្ស័យ ខណៈពេលដែលគាត់រៀបរាប់អំពីស្ថានភាពដ៏អស់សង្ឃឹមរបស់ខ្លួន(ខ.២០-២២) ហើយគាត់ក៏បានទទួលស្គាល់ថា ខ្លួនត្រូវការព្រះយេស៊ូវ ដើម្បីជួយពង្រឹងជំនឿរបស់គាត់(ខ.២៤)។ ឪពុកនិងកូនទាំងពីរនាក់ ក៏បានពិសោធន៍នឹងសេរីភាព ក្តីសង្ឃឹម និងសន្តិភាព ពេលដែលព្រះយេស៊ូវបោះជំហានចូល ទៅក្នុងបញ្ហានៃជីវិតពួកគេ ហើយគ្រប់គ្រងលើបញ្ហានោះ(ខ.២៥-២៧)។
ពេលដែលមនុស្សជាទីស្រឡាញ់របស់យើង កំពុងមានការឈឺចាប់ តាមធម្មតា យើងចង់ធ្វើការអ្វីដែលត្រឹមត្រូវ ហើយនិយាយពាក្យដែលល្អឥតខ្ចោះ ទៅកាន់គាត់។ ប៉ុន្តែ មានតែព្រះគ្រីស្ទទេ ដែលពិតជាអាចជួយយើងបាន។ ពេលយើងស្រែកអំពាវរកព្រះនាមព្រះយេស៊ូវ ទ្រង់អាចជួយឲ្យយើងមានជំនឿកាន់តែរឹងមាំ ហើយពឹងផ្អែកលើអំណាចនៃព្រះវត្តមានទ្រង់។—XOCHITL DIXON