អ៊ំស្រី ខាធី(Kathy) បាន​មើល​ថែរ​ឪពុក​របស់​គាត់(ដែល​ជា​ជីតា​របស់​ខ្ញុំ) នៅ​ផ្ទះ​របស់​គាត់ អស់​រយៈ​ពេល​១០​ឆ្នាំ។ គាត់​បាន​ធ្វើ​ម្ហូប និង​បោស​សម្អាត ឲ្យ​ជីតា​ខ្ញុំ​ជា​ប្រចាំ ពេល​ដែល​ជីតា​ខ្ញុំ​នៅ​មាន​កម្លាំង ហើយ​ពេល​សុខភាព​ជីតា​របស់​ខ្ញុំ មាន​ភាព​អន់​ខ្សោយ គាត់​ក៏​បាន​ជួយ​ថែរ​ទាំ​សុខ​ភាព​គាត់។

ការ​បម្រើ​ដែល​គាត់​មាន​ចំពោះ​ឪពុក​គាត់ គឺ​ជា​គំរូ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ថា គាត់​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ដែល​ពួក​គេ​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​ពួកគេ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួន ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា (១ថែស្សាឡូនិច ១:៣)។

អ៊ំស្រី​របស់​ខ្ញុំ​បាន​ធ្វើ​ការ​បម្រើ ដោយ​ជំនឿ និង​សេចក្តី​ស្រឡាញ់។ ការ​ថែរ​ទាំ​ដែល​គាត់​បាន​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ជាប់​ជា​និច្ច គឺ​ដោយ​សារ​គាត់​បាន​ជឿ​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ។ កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ គឺ​បាន​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​ឪពុក​របស់​គាត់។

គាត់​ក៏​បាន​អត់​ទ្រាំ ដោយ​ក្តី​សង្ឃឹម។ ​ជី​តា​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ណាស់ ប៉ុន្តែ អ៊ំស្រី​ខ្ញុំ​មិន​ចង់​ឃើញ​គាត់​មាន​ការ​អន់​ថយ​សុខ​ភាព​ឡើយ។ គាត់​បាន​លះ​បង់​ពេល​វេលា ដែល​គាត់​ធ្លាប់​មាន​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ហើយ​ក៏​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ដើម្បី​ថែរ​ទាំ​សុខ​ភាព​គាត់។ គាត់​អាច​អត់​ទ្រាំ​បាន ដោយ​សារ​គាត់​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ចម្រើន​កម្លាំង​គាត់ ជា​រៀង​រាល់​ថ្ងៃ ហើយ​គាត់​ក៏​មាន​សង្ឃឹម​ផង​ដែរ​ថា នគរ​ស្ថាន​សួគ៌​កំពុង​រង់​ចំ​ជីតា​របស់​គាត់។

ទោះ​យើង​កំពុង​ថែ​ទាំ​សាច់​ញាតិ កំពុង​តែ​ជួយ​អ្នក​ជិត​ខាង ឬ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​ក្តី ចូរ​យើង​មាន​កម្លំាង​ឡើង ពេល​ដែល​យើង​កំពុង​ធ្វើ​ការ ដែល​ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យយើង​​​ធ្វើ។ ការ​បម្រើ​របស់​អ្នក អាច​ធ្វើ​ជា​ទី​បន្ទាល់​ដ៏​មាន​អំណាច​នៃ​សេចក្តី​ជំនឿ ក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​។—LISA SAMRA