ខ្យល់​ថ្ងួច​ថ្ងូរ ផ្លេក​បន្ទោរ​ព្រាក​ៗ ទឹក​រលក​គ្រាំ​គ្រេង។ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ។ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​យាយ​តា​ខ្ញុំ នៅ​ក្នុង​បឹង​មួយ ប៉ុន្តែ យើង​បាន​នៅ​ទីនោះ​ជ្រុល​ម៉ោង​ហើយ។ ពេល​ថ្ងៃ​លិច ខ្យល់​កន្ត្រាក់​បាន​បក់​មក​យ៉ាង​លឿន មក​លើ​ទូក​ដ៏​តូច​របស់​យើង។ ជីតា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ទៅ​អង្គុយ​នៅ​ក្បាល​ទូក ដើម្បី​កុំ​ឲ្យ​វា​ក្រឡាប់។ ចិត្ត​ខ្ញុំ​ពេល​នោះ មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​ក៏​ចាប់​ផ្តើម​អធិស្ឋាន។ កាល​នោះ ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ទេ។

​ខ្ញុំបាន​​អធិ​ស្ឋាន សូម​ព្រះ​ទ្រង់​ប្រទាន​ការ​ធានា និង​ការ​ការ​ពារ​សម្រាប់​យើង។ ខ្យល់​ព្យុះ​មិន​ព្រម​ថម​ថយ​កម្លាំង​សោះ ប៉ុន្តែ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រាំង​ដោយ​សុវត្ថិ​ភាព។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​ពេល​ណា ដែល​ខ្ញុំ​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​ព្រះ យ៉ាង​ច្បាស់​លាស់ ដូច​កាល​យប់ ដែល​យើង​ជួប​ខ្យល់​ព្យុះ​នោះ​ឡើយ។

ព្រះ​យេស៊ូវ​ក៏​ធ្លាប់​ជួប​ខ្យល់​ព្យុះ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ម៉ាកុស ៤​:៣៥-៤១ ទ្រង់​បាន​ប្រាប់​សិស្ស​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​បឹង ទៅ​ត្រើយ​ម្ខាង ដែល​មិន​យូរ​ប៉ុន្មាន ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក​ខ្លាំង។  ខ្យល់​ព្យុះ​នៅ​យប់​នោះ បាន​ល្បងល​អ្នក​នេសាទ​ដ៏​មាំទាំ​ទាំង​នោះ។ ពួក​គេ​ក៏​បាន​គិត​ថា ពួក​គេ​​នឹង​ស្លាប់​មិន​ខាន។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ហើយ​ទឹក​រលក​ក៏​លែង​បក់​បោក​ខ្លាំង​ទៀត ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​នាំ​ពួក​សិស្ស​ទ្រង់ ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង។​

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់ ក្នុង​ពេល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ផង​ដែរ។ ជួន​កាល​ ទ្រង់​ធ្វើឲ្យ​ខ្យល់ និង​ទឹក​រលក​ស្ងប់ ដោយ​ការ​អស្ចារ្យ។ ជួន​កាល ទ្រង់​ក៏​ធ្វើ​ការ​អស្ចារ្យ តាម​របៀប​មួយ​ទៀត គឺ​ដោយ​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​លំនឹង ហើយ​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ទ្រង់។ ទ្រង់​សព្វ​ព្រះ​ទ័យ​​​ឲ្យ​យើង​សម្រាក ដោយ​ជឿ​ថា ទ្រង់​មាន​អំណាច​នឹងបង្គាប់​ខ្យល់​ព្យុះ និង​ទឹក​រលក ឲ្យ​នៅ​ស្ងៀម​បាន។—ADAM HOLZ