កាល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នំា សាលា​រៀន​របស់​ខ្ញុំ បាន​តម្រូវ​ឲ្យ​សិស្ស​រៀន​មុខ​វិជ្ជា​បួន ដែល​មាន​ការ​រុក​រក ដូច​ជា​សេដ្ឋ​កិច្ចក្នុង​ផ្ទះ សីល្បៈ ចម្រៀង​ជា​ក្រុម និង​ជាង​ឈើ។ នៅ​ថ្ងៃ​ដំបូង ដែល​ខ្ញុំ​រៀន​មុខ​វិជ្ជា​ចម្រៀង​ជា​ក្រុម គ្រូ​បង្រៀន​បាន​ឲ្យ​សិស្ស ទៅ​ច្រៀង​ជា​មួយ​ព្យាណូ​ម្តង​ម្នាក់​ៗ ដើម្បី​ស្តាប់​សម្លេង​ច្រៀង​របស់​ពួក​គេ ហើយ​ក៏​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​បន្ទប់ តាម​កំរិត​នៃ​សម្លេង​របស់​ពួក​គេ។ ​ដល់​វេណ​ដែល​ខ្ញុំ​ត្រូវ​ច្រៀង​ជា​មួយ​ព្យាណូ ខ្ញុំ​ក៏​បាន​ច្រៀង​តាម​ណោត ដែល​គាត់​បាន​លេង​ជា​ច្រើន​ដង ប៉ុន្តែ ក្រោយ​មក គាត់​មិន​បាន​នាំ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​នោះ​ជា​មួយ​គេ​ទេ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពីការ​ព្យាយាម​ជា​ច្រើន​លើក គាត់​ក៏​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ការិយ៉ាល័យ​ប្រឹក្សា​យោបល​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​រៀន​មុខ​វិជ្ជា​ផ្សេង​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ច្រៀង​សោះ​ឡើយ ព្រោះ​សម្លេង​ខ្ញុំ​មិន​សម​នឹង​បទ​ចម្រៀង​ណា​មួយ​ទេ។

ខ្ញុំ​ក៏​បាន​បន្ត​មាន​គំនិត​ដូច​នេះ ជាង​១​ទសវត្សរ៍ ទាល់​តែ​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩៨ ក្នុង​នាម​ជា​យុវ​ជន​ដ៏​ក្មេង​វ័យ​ម្នាក់។ អ្នក​និពន្ធ​ទំនុក​ដំកើង​មួយ​នេះ បាន​ធ្វើ​ការ​អញ្ជើញ​ឲ្យ​យើង “ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់​មិន​បាន​ឲ្យ​យើង​ច្រៀង ដោយ​ផ្អែក​ទៅ​លើ​គុណ​ភាព​នៃ​សម្លេង​របស់​យើង​ឡើយ។ ព្រះ​ទ្រង់​អរ​សប្បាយ នឹង​ចម្រៀង​អរ​ព្រះ​គុណ និង​សរសើរ​ដំកើង​ទាំង​អស់ របស់​កូន​ទ្រង់​ម្នាក់​ៗ។ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ច្រៀង ​ដោយ​សារ​ព្រះ​ទ្រង់ “បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ”(ខ.១)។

អ្នក​និពន្ធ​ទំនុក​ដំកើង បាន​លើក​ឡើង អំពី​មូល​ហេតុ​ដ៏​អស្ចារ្យ​ពីរ ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ​ដោយ​អរ​សប្បាយ ដោយ​បទ​ចម្រៀង និង​អាកប្ប​កិរិយ៉ា​របស់​យើង។ ទី​មួយ គឺ​ដោយ​សារ ព្រះ​រាជ​កិច្ច​ជួយ​សង្រ្គោះ​របស់​ទ្រង់ ក្នុង​ជីវិត​យើង ហើយ​ទីពីរ គឺ​ដោយ​សារ​​ភាព​ស្មោះ​ត្រង់​ដែល​ទ្រង់​នៅ​តែ​មាន​ចំពោះ​យើង។ នៅ​ក្នុង​ក្រុម​ចម្រៀង​របស់​ព្រះ យើង​ម្នាក់​ៗ​មាន​ចំណែក​នៅ​ក្នុង​ការ​ច្រៀង អំពី​ការ​ដ៏​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ។ —KIRSTEN HOLMBERG