ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​មុន ខ្ញុំ​ចង់​ក្លាយ​ជា​ម្តាយ​ម្នាក់។ ខ្ញុំ​បាន​ស្រមៃ​ថា ខ្ញុំ​នឹង​រៀប​ការ ហើយ​មាន​កូន​ពរ​នៅ​ក្នុង​ដៃ​ជា​លើក​ទី​មួយ។ ទី​បំផុត ពេល​ខ្ញុំ​បាន​រៀប​ការ ស្វាមី​ខ្ញុំ ហើយ​និង​ខ្ញុំ មិន​ដែល​គិត​ថា យើង​នឹង​រង់​ចាំ​ពង្រីក​គ្រួសារ​យើង នៅ​ពេល​ក្រោយ​ឡើយ។ ប៉ុន្តែ រៀង​រាល់​លើក​ដែល​ខ្ញុំ​បាន​ធ្វើ​តេស ដើម្បី​ឲ្យ​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃ​ពោះ​ឬ​អត់ យើង​ក៏​បាន​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន បាន​ជា​យើង​ដឹង​ថា យើង​កំពុង​តែ​មាន​បញ្ហា​អត់​កូន។ អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​យើង​បាន​ទៅ​ជួប​វេជ្ជ​បណ្ឌិត រួច​ក៏​បាន​ធ្វើ​តេស ហើយ​យើង​ទទួល​បាន​តែ​ទឹក​ភ្នែក។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាល​ខ្យល់​ព្យុះ។ ការ​អត់​កូន​គឺ​ប្រៀប​បាន​នឹង​គ្រាប់​ថ្នាំ​ដ៏​សែន​ល្វីង ដែល​យើង​ត្រូវ​លេប ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់ អំពី​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។

ពេល​ខ្ញុំ​និយាយ​អំពី​ដំណើរ​ជីវិត​ដ៏​ពិបាក​កាល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​បាន​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈ​ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​ធំ ដោយ​សារ​ទឹក​រលក​ធំ​ៗ និង​ភាព​ងងឹត នៅ​ក្នុង​ខ្យល់​ព្យុះ ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​រក​ពួក​គេ ដោយ​ដើរ​នៅ​លើ​ទឹក​រលក​ដែល​កំពុង​បក់​បោក​ខ្លាំង ដោយ​សារ​ខ្យល់​ព្យុះ។ ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ ដោយ​ព្រះ​វត្ត​មាន​ទ្រង់ ព្រម​ទាំង​មានបន្ទូល​ថា “កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ”(ខ.២០)។

ខ្ញុំ និង​ស្វាមី​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កំពុង​តែ​មក​រក​យើង នៅ​ក្នុង​ពេល​ដែល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ គឺ​មិន​ខុស​ពី​ពួក​សាវ័ក នៅ​ពេល​នោះ​ឡើយ ប៉ុន្តែ យើង​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ខណៈ​ពេល​ដែល​យើង​បាន​រៀន​ស្គាល់​ព្រះ ​កាន់​តែ​ជ្រាល​ជ្រៅ ដោយ​ដឹង​ថា ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច។ ទោះ​យើង​មិន​មាន​កូន ដែល​យើង​ស្រមៃ​ចង់​បាន​ក៏​ដោយ យើង​រៀន​សូត្រ​បាន​ថា ក្នុង​ការ​តយុទ្ធ​របស់​យើង យើង​អាច​ពិសោធ​នឹង​អំណាច​នៃ​ព្រះ​វត្ត​មាន​ទ្រង់ ដែល​ជួយ​ឲ្យ​យើង​ស្ងប់​ចិត្ត។ ដោយសារ​ទ្រង់​គង់​នៅ​ជា​មួយ​យើង ដោយ​ធ្វើ​ការ​ដោយ​អំណាច​ចេស្តា ក្នុង​ជីវិត​យើង នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ថប់​បារម្ភ​អ្វី​ឡើយ។—KAREN WOLFE