ពេលដែលខ្ញុំកំពុងបើកទំព័រអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំ ម្រាមដៃរបស់ខ្ញុំក៏បានឈប់បើក នៅត្រង់រូបថតខ្ញុំថតជាមួយស្វាមីរបស់ខ្ញុំ ដែលកាលនោះ យើងទើបតែបានទទួលការប្រកាសជាប្តីនិងប្រពន្ធ។ កាលនោះ ខ្ញុំបានបង្ហាញចេញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ យ៉ាងច្បាស់លាស់ចំពោះគាត់។ ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ជិត៤ទសវត្សរ៍ក្រោយមក ទំនាក់ទំនងប្តីប្រពន្ធយើង ក៏បានចងភ្ជាប់គ្នាយ៉ាងជាប់ ដោយចំណងនៃសេចក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ដែលបានចម្លងយើង ឲ្យឆ្លងកាត់ពេលដែលយើងជួបរឿងអាក្រក់ និងពេលដែលយើងជួបរឿងល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានធ្វើការប្តេជ្ញាចិត្តជាថ្មីថា ខ្ញុំព្រមទៅជាមួយគាត់ ទោះគាត់នាំខ្ញុំទៅទីណាក៏ដោយ ។
ក្នុងបទគម្ពីរយេរេមា ២:២ ព្រះទ្រង់បាននឹកចាំ អំពីរាស្រ្តអ៊ីស្រាអែល ជាទីស្រឡាញ់របស់ទ្រង់ ដែលបានដើរផ្លូវខុស។ គឺដូចដែលទ្រង់មានបន្ទូលថា “គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្តីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន”។ ចំពោះពាក្យ ចិត្តគួច ព្រះគម្ពីរដើមជាភាសាហេព្រើរ បានប្រើពាក្យដែលសំដៅទៅលើ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត ក្នុងកំរិតខ្ពស់បំផុត ដែលអាចធ្វើទៅបាន។ ពីដំបូង ពួកអ៊ីស្រាអែលបានបង្ហាញចេញនូវការប្តូរផ្តាច់ឥតងាករេ ចំពោះព្រះ ប៉ុន្តែ ក្រោយមក ពួកគេក៏បានងាកបែរចេញពីទ្រង់បន្តិចម្តងៗ។
ពួកគេមានការប្តូរផ្តាច់ដ៏មុតមាំ នៅគ្រាដំបូង ប៉ុន្តែ ការសប្បាយភ្លេចខ្លួន បានធ្វើឲ្យសេចក្តីស្រឡាញ់មានការរីករិលទៅៗ ហើយការខ្វះការប្រឹងប្រែងក៏បាននាំឲ្យពួកគេ មានភាពមិនស្មោះត្រង់។ យ៉ាងណាមិញ ទំនាក់ទំនងប្តីប្រពន្ធ ក៏ត្រូវមានការប្រយ័ត្ន គឺត្រូវជៀសវាងការចុះខ្សោយនៃការប្តេជ្ញាចិត្តផងដែរ។ ចុះចំណែកឯការប្តេជ្ញាចិត្ត នៅក្នុងទំនាក់ទំនងនៃសេចក្តីស្រឡាញ់ ដែលយើងមានជាមួយព្រះវិញ? តើយើងមានការប្តេជ្ញាចិត្តចំពោះទ្រង់ក្នុងពេលបច្ចុប្បន្ន ដូចកាលយើងទើបតែមានការប្តេជ្ញាចិត្តជាលើកដំបូងដែរឬទេ?
ដោយព្រះទ័យស្មោះត្រង់ ព្រះទ្រង់បានអនុញ្ញាតឲ្យរាស្រ្តទ្រង់វិលត្រឡប់មករកទ្រង់វិញ(៣:១៤-១៥)។ សព្វថ្ងៃនេះ យើងនៅតែអាចធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងទៅតាមទ្រង់គ្រប់ទីកន្លែង។—ELISA MORGAN