តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Elisa Morgan

តើអ្នកចង់បន្សល់ទុកកេរដំណែលអ្វី?

លោក​ថូម៉ាស អេឌីសិន(Thomas Edison) បាន​ឆ្នៃ​បង្កើត​អំពូល​ភ្លើង​ដំបូង​គេ ដែល​អាច​ប្រើ​ប្រាស់​បាន។ លោក​យ៉ូណាស សក(Jonas Salk) បាន​បង្កើត​វ៉ាក់សាំង​ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង។ អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael) បាន​និពន្ធ​បទ​ទំនុក​សកល​ជា​ច្រើន ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​ច្រៀង នៅ​ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ព្រះ។ ប៉ុន្តែ ចុះ​ចំណែក​ឯ​អ្នក​វិញ? តើ​ព្រះ​ជា​ម្ចាស់​បាន​ដាក់​អ្នក​នៅ​លើ​ផែន​ដី​នេះ ដើម្បី​អ្វី​ដែរ? តើ​អ្នក​នឹង​ប្រើ​ជីវិត​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ?

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៤ បាន​ប្រាប់​យើង​ថា នាង​អេវ៉ា “បាន​មាន​ផ្ទៃ​ពោះ ហើយ​ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​កាអ៊ីន”។ បន្ទាប់​ពី​នាង​បាន​ពរ​កាអ៊ីន​ជា​លើកទី​មួយ នាង​ក៏​បាន​ប្រកាស់​ថា នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដោយ​ព្រះ​អម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​នាង​(ខ.១)។ ត្រង់​ចំណុច​នេះ នាង​អេវ៉ា​បាន​បង្ហាញ​អំពី​អារម្មណ៍​ដ៏​រំភើប​រីករាយ​បំផុត ដែល​កូន​ទីមួយ​របស់​នាងបាន​ចាប់​កំណើត បាន​ជា​នាង​ប្រកាស់​ថា កូន​នោះ គឺជា​ការ​ប្រោស​ប្រទាន​របស់​ព្រះ​អម្ចាស់ ពោល​គឺ​នាង​បាន​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ព្រះ​អង្គ។  ទី​បំផុត តាម​រយៈ​ពូជ​របស់​នាង​អេវ៉ា ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​រាស្រ្ត​ព្រះ​អង្គ តាម​រយៈ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​(យ៉ូហាន ៣:១៦)។ នាង​បាន​បន្សល់​នូវ​កេរ​ដំណែល​ដ៏​អស្ចារ្យ!

ការ​បំពេញ​តួនាទី​ជា​ឪពុក​ម្តាយ ស្ថិត​ក្នុង​ចំណោម​ការ​រួម​ចំណែក​ដ៏​យូរ​អង្វែង ជួយ​ដល់​ពិភព​លោក​នេះ។ ការ​រួម​ចំណែក​ជួយ​នោះ ក៏​រាប់​បញ្ចូល​សកម្ម​ភាពមាន​ប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​បាន​ធ្វើ ដែល​មាន​ដូច​ជា​ការ​សរសេរ​និពន្ធ ការ​កាត់​ដេរ​ខោអាវ ឬ​ការ​គូរ​គំនូរ​ជា​ដើម។ ម្យ៉ាង​ទៀត អ្នក​អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​ឥទ្ធិ​ពល​នៃ​ការ​កោត​ខ្លាច​ព្រះ។ ពុំ​នោះទេ ការ​រួម​ចំណែក​របស់​អ្នក​នឹង​បន្ត​កើត​មាន តាម​របៀប​ដែល​អ្នក​នឹក​ស្មានមិន​ដល់ បន្ទាប់​ពី​អ្នក​បាន​លា​ចាក​លោក​នេះ។…

រឿងនីមួយៗបង្កប់ព្រះនាមទ្រង់

មានពេលមួយ ខ្ញុំបានបើកព្រះគម្ពីររូបភាព សម្រាប់កុមារ ហើយក៏បានចាប់ផ្តើមអានខគម្ពីរនោះឲ្យចៅៗរបស់ខ្ញុំស្តាប់។ ភ្លាមៗនោះ យើងមានការជក់ចិត្តយ៉ាងខ្លាំង ចំពោះរឿងដែលនិយាយអំពីសេចក្តីស្រឡាញ់ និងការផ្គត់ផ្គង់របស់ព្រះ ដែលបានពិពណ៌នាជាពាក្យសម្រាយ។ ខ្ញុំក៏បានគូសចំណាំទំព័រដែលយើងកំពុងតែអាននោះ រួចបិទសៀវភៅនោះ ដើម្បីមើលក្របរបស់វា ឃើញចំណងជើងដែលគេបានដាក់ឲ្យថា : រឿងរបស់ព្រះយេស៊ូវ ក្នុងព្រះគម្ពីរ : រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។
ជាការពិតណាស់ រឿងនីមួយៗមានបង្កប់ព្រះនាមទ្រង់។

ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ជួនកាល ពេលខ្ញុំអានរឿងក្នុងព្រះគម្ពីរប៊ីប ជាពិសេសក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ខ្ញុំក៏ពិបាកយល់ដែរ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកដែលមិនស្គាល់ព្រះ ហាក់ដូចជាមានជ័យជម្នះមកលើរាស្រ្តរបស់ទ្រង់? យើងដឹងថា ចរិកលក្ខណៈរបស់ទ្រង់បរិសុទ្ធ ហើយបំណងព្រះទ័យទ្រង់ក៏ល្អ តែហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យភាពសាហាវព្រៃផ្សៃយ៉ាងនោះ កើតមានចំពោះរាស្រ្តទ្រង់?

បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានជួបសិស្សទ្រង់ពីរនាក់ នៅតាមផ្លូវទៅកាន់ភូមិអេម៉ោស។ កាលនោះ ពួកគេមើលទ្រង់មិនស្គាល់ ហើយកំពុងតែមានការខកចិត្ត ចំពោះការសុគតរបស់ព្រះមែស៊ី ដែលពួកគេធ្លាប់តែសង្ឃឹមរង់ចាំនោះ(លូកា ២៩:១៩-២៤)។ គឺសង្ឃឹមថា ទ្រង់នឹងយាងមកប្រោសលោះសាសន៍អ៊ីស្រាអែល(ខ.២១)។ បន្ទាប់មកព្រះយេស៊ូវក៏បាន “ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក”(ខ.២៧)។

រឿងនីមួយៗក្នុងព្រះគម្ពីរប៊ីប សុទ្ធតែបង្កប់ព្រះនាមទ្រង់ សូម្បីតែនៅក្នុងរឿងដែលពិបាកយល់ ព្រោះរឿងទាំងនោះបានបើកបង្ហាញភាពប្រេះបែក ក្នុងពិភពលោករបស់យើង និងបង្ហាញឲ្យយើងដឹងថា យើងត្រូវការព្រះសង្រ្គោះមួយអង្គ។ គ្រប់សកម្មភាព ហេតុការណ៍…

ភាពស្មោះត្រង់នៅគ្រប់ទីកន្លែង

កាលពីមុន មិត្តភក្តិរបស់ខ្ញុំម្នាក់ បានធ្វើជាអ្នកប្រឹក្សាយោបល់របស់ខ្ញុំ។ មានពេលមួយ គាត់បានគូររូបមនុស្សស្គមដូចឈើចាក់ធ្មេញម្នាក់ នៅលើក្រដាស់មួយសន្លឹក។ គាត់ក៏បានហៅរូបនោះថា “ខ្លួនរបស់យើង ពេលនៅម្នាក់ឯង”។ បន្ទាប់មក គាត់ក៏បានគូរទម្រង់ក្រៅជុំវិញរូបនោះ ដែលមានទំហំធំជាងរូបនោះប្រហែល២បីសង់ទីម៉ែត្រធ្វើឲ្យរូបមនុស្សនោះធាត់ជាងមុខ ហើយក៏បានហៅវាថា “ខ្លួនយើង នៅទីសាធារណៈ”។ គាត់ពន្យល់ថា ភាពខុសគ្នារវាងខ្លួនរបស់យើង ពេលនៅម្នាក់ឯង និងខ្លួនយើងនៅទីសាធារណៈ គឺស្ថិតនៅត្រង់ភាពស្មោះត្រង់របស់យើង។

ពេលខ្ញុំកំពុងតែស្តាប់ការបង្រៀនរបស់គាត់ ខ្ញុំក៏បានឆ្ងល់ថា ពេលដែលខ្ញុំនៅក្បែរអ្នកដទៃ តើខ្ញុំមានភាពស្មោះត្រង់ ដូចពេលដែលខ្ញុំនៅម្នាក់ឯងដែរឬទេ?

ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស ការបង្រៀនរបស់គាត់បាននិយាយអំពីសេចក្តីស្រឡាញ់ និងការលត់ដំខាងវិញ្ញាណ ឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ជិតដល់ចុងបញ្ចប់នៃសំបុត្ររបស់គាត់(២កូរិនថូស ១០:១០) គាត់ក៏បានលើកឡើង អំពីពួកចោទប្រកាន់ ដែលបានធ្វើការរិះគន់មកលើភាពស្មោះត្រង់របស់គាត់ ដោយចោទប្រកាន់គាត់ថា គាត់ជាមនុស្សទន់ខ្សោយ ហើយមានភាពក្លាហានតែនៅក្នុងសំបុត្ររបស់គាត់ប៉ុណ្ណោះ។ ពួកអ្នកចោទប្រកាន់ទាំងនោះបានប្រើវោហាស័ព្ទរបស់ខ្លួន ធ្វើជាអាជីពដើម្បីរកកំរៃពីអ្នកស្តាប់។ សាវ័កប៉ុលមានការរៀនសូត្រជ្រៅជ្រះ តែគាត់បាននិយាយស្តី ដោយប្រើពាក្យសម្តីសាមញ្ញៗ និងច្បាស់លាស់។ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រមុនៗថា “ឯពាក្យសំដី និងវោហាអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ និងព្រះចេស្តាវិញទេតើ”(១កូរិនថូស ២:៤)។ នៅក្នុងសំបុត្របន្ទាប់ គាត់ក៏បានបង្ហាញពីភាពស្មោះត្រង់របស់គាត់ ដោយមានប្រសាសន៍ថា “ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ”(២កូរិនថូស ១០:១១)។…

ការឱបតុក្កតាខ្លាឃ្មំ

មាន​ពេល​មួយ ខ្ញុំ​បាន​ទិញ​តុក្កតា “ខ្លា​ឃ្មំ” ធ្វើ​ជា​អំណោយ​ សម្រាប់​ចៅ​របស់​ខ្ញុំ។ វា​ជា​តុក្កតា​ដ៏​ធំ​មួយ ដែល​គេ​បានញាត់​គ​ខាង​ក្នុង ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​បង្ហាញ​ចេញ​នូវ​ក្តី​ស្រឡាញ់​ចំពោះ​គាត់។ ពី​ដំបូង ចៅ​របស់​ខ្ញុំ​បាន​ឆ្លើយ​តប ដោយ​ការ​ងឿង​ឆ្ងល់។ បន្ទាប់​មក គាត់​ក៏​បាន​ភ្ញាក់​ផ្អើល។​ ហើយ​ដោយ​សារ​ការ​ចង់​ដឹង​ចង់​យល់ គាត់​ក៏​បាន​ធ្វើ​ការ​ពិនិត្យ​មើល យ៉ាង​ក្លា​ហាន។​ គាត់​យក​ម្រាម​ដៃ​របស់​គាត់​ទៅ​ប៉ះ​ច្រមុះ​ខ្លា​ឃ្មំ​នោះ​ ហើយ​ពេល​ដែល​ខ្លា​ឃ្មំ​ដួល​ទៅ​មុខ មក​លើ​ដៃ​របស់​គាត់ គាត់​ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​អំណរ។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ផ្អែក​ទៅ​លើ​ទ្រូង​ដ៏​ស្រមូវ​របស់​ខ្លាឃ្មំ ហើយ​ឱប​វា​យ៉ាង​ណែន។ ស្នាម​ញញឹម​របស់​គាត់​បាន​លេច​ឡើង​នៅ​ថ្ពាល់​គាត់ ខណៈ​ពេល​ដែល​គាត់​ក្រាប​ពី​លើរោម​ទន់​ៗ​របស់​ខ្លាឃ្មំ​។ ក្មេង​តូច​ម្នាក់​នេះ មិន​ដឹង​ថា តុក្កតា​ខ្លា​ឃ្មំ​មិន​អាច​ស្រឡាញ់​គាត់​នោះ​ទេ។ គាត់​មាន​អារម្មណ៍ថា តុក្កតា​ខ្លា​ឃ្មំ​នោះ​ស្រឡាញ់​គាត់ ហើយ​ក៏​បាន​តប​ស្នង​វិញ ដោយ​ក្តី​ស្រឡាញ់​របស់​គាត់ អស់​ពី​ចិត្ត។​

ក្នុង​សំបុត្រ​ទី​មួយ ក្នុង​ចំណោម​សំបុត្រ​បី​ច្បាប់​ដំបូង ដែល​សាវ័ក​យ៉ូហាន​សរសើរ​ផ្ញើ​ទៅ​ពួក​ជំនុំ​ដំបូង គាត់​បាន​បង្រៀន​ដោយ​ចិត្ត​ក្លាហាន​ថា ព្រះ​ជា​ម្ចាស់​ជា​សេចក្តី​ស្រឡាញ់។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់”(១យ៉ូហាន ៤:១៦)។

ព្រះ​ជា​ម្ចាស់​ស្រឡាញ់​យើង​រាល់​គ្នា ដោយ​ព្រះ​ហស្ត​បើក​ចំហរ​ចាំ​ទទួល​យើង ដោយ​ព្រះ​ទ័យ​ស្មោះ​(យ៉ូហាន ៣:១៦)។ ព្រះ​ជា​ម្ចាស់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​យើង ដោយ​ការ​លះ​បង់ ដោយ​ឥត​សំចៃ តាម​រយៈ​ព្រះ​យេស៊ូវ។

លោក​យ៉ូហាន​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”(១យ៉ូហាន ៤:១៩)។ ពេល​យើង​ជឿ​ថា ព្រះ​ស្រឡាញ់​យើង នោះ​យើង​ក៏​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់តប​ស្នង​មក​វិញ។…

អ្វីដែលព្រះជាម្ចាស់ទតឃើញ

ថ្ងៃ​មួយ នៅ​ពេល​ព្រឹក​ព្រលឹម ខ្ញុំ​បាន​បើក​បង្អួច​ផ្ទះ មើល​ទៅ​ព្រៃ ដែល​នៅ​ក្រោយ​ផ្ទះ​ខ្ញុំ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​សត្វ​ស្ទាំង ឬ​សត្វ​ទីទុយ​មួយ​ក្បាល​ទំ​នៅ​លើ​ដើម​ឈើ​មួយ​ដើម កំពុង​រក​មើល​ចំណី ក្នុង​តំបន់​នោះ។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​សត្វ​ឥន្រ្ទី​ក្បាល​ត្រងោល​កំពុង​តែ​ទប់​ខ្លួន​នៅ​លើមែក​មួយ ដែល​នៅ​ខ្ពស់ ដើម្បី​ពិនិត្យ​មើល​ភូមិ​សាស្រ្ត​នៅ​ទីនោះ គឺ​ហាក់​ដូច​ជា​តំបន់​ទាំង​មូល​ជា​របស់​វា​អញ្ចឹង។ វា​ទំនង​ជា​កំពុង​តែ​ស្វែង​រក “អាហារ​ពេល​ព្រឹក”។ វា​មើល​មក​ក្រោម ដូច​ស្តេច​ដែល​ទត​មើល​ពី​កន្លែង​ខ្ពស់។

ក្នុង​បទ​គម្ពីរ​២របាក្សត្រ ១៦ លោក​ហាណានី ដែល​ជា​ហោរា​របស់​ព្រះ បាន​ទូល​ស្តេច​មួយ​អង្គ ឲ្យ​ជ្រាប​ថា សកម្មភាព​របស់​ទ្រង់ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ទត​មើល​របស់​ព្រះ​ជា​ម្ចាស់។ គាត់​ទូល​ស្តេច​អេសា ដែល​ជា​ស្តេច​នៃនគរ​យូដា​ថា “​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់”(ខ.៧)។ បន្ទាប់​មក លោក​ហាណានី​ក៏​បាន​ពន្យល់​ថា “​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(ខ.៩)។ ដោយសារ​ស្តេច​អេសា​បាន​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ខុស ទ្រង់​តែង​តែ​ជួប​សង្រ្គាម​ជា​និច្ច។

ពេល​យើង​អាន​បទ​គម្ពីរ​នេះ យើង​ប្រហែល​ជា​យល់​ច្រឡំ​ថា ព្រះ​ជា​ម្ចាស់​បាន​ទត​មើល​យើង​គ្រប់​ជំហាន ដើម្បី​ចាំ​វាយ​ផ្ចាល់​យើង ដូច​សត្វ​បក្សី​ដែល​ចាំ​ចាប់​ចំណី។ ប៉ុន្តែ ពាក្យ​ពេចន៍​ដែល​លោក​ហាណានី​បាន​ថ្លែង​ក្នុង​បទ​គម្ពីរ​នេះ ​គឺ​បាន​ផ្តោត​ទៅ​លើ​ភាព​វិជ្ជ​មាន​ទៅ​វិញ​ទេ។ គាត់​បាន​ចង្អុល​បង្ហាញ​ថា ព្រះ​នៃ​យើង​បាន​ទត​មើល​ជា​និច្ច ហើយ​រង់​ចាំយើង​ស្រែក​រក​ទ្រង់ ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ។

តើ​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់ បាន​ទត​មើល​មក​លោកិយ​នេះ ដើម្បី​ស្វែង​រក​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​យើង​រាល់​គ្នា ដោយ​របៀប​ណា​ខ្លះ? តើ​ទ្រង់​អាច​ប្រទាន​ក្តី​សង្ឃឹម និង​ជំនួយ​ដែល​យើង​ត្រូវ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ?…

ស្នាព្រះហស្តសម្រាប់អ្នក

ជីដូន​របស់​ខ្ញុំ​ជា​ជាង​កាត់​ដេរ​ដ៏​ស្ទាត់​ជំនាញ ដែល​បាន​ឈ្នះ​ការ​ប្រកួត នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់ នៅ​រដ្ឋ​តិច​សាស់។ ពេញ​មួយ​ជីវិត​គាត់ គាត់​បាន​អប​អរ​ឱកាស ឬ​ព្រឹត្តិការ​ពិសេស​ៗ ដោយ​ប្រើ​អំណោយ​ទាន​កាត់​ដេរ​ដោយ​ផ្ទាល់​ដៃ។ ឧទាហរណ៍ គាត់​បាន​ចាក់​អាវ​រងា​ពណ៌​ឈាម​ជ្រូក ធ្វើ​ជា​អំណោយ​សម្រាប់​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​នៅ​វិទ្យាល័យ។ ហើយ​គាត់​ក៏​បាន​ដេរ​ភួយ​ពណ៌​បៃតង​ខ្ចី សម្រាប់​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ។ ពេល​ខ្ញុំ​មើល​ទៅ​ជាយ​អាវ និង​ភួយ​ទាំង​នោះ ខ្ញុំ​ក៏​បាន​រក​ឃើញ​ហត្ថលេខា​របស់​គាត់ ដែល​បាន​សរសេរ​ថា “ផលិត​ដោយ​ជីដូន​របស់​អ្នក”។ ពាក្យ​ដែល​គាត់​បាន​ប៉ាក់​ពី​លើ​ក្រណាត់​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ហើយ​បាន​បង្ហាញ​ក្តី​ជំនឿ​របស់​គាត់​ផង​ដែរ។

សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ដោយ​បញ្ជាក់​អំ​ពី​គោល​បំណង​នៃ​ជីវិត​របស់​ពួក​គេ ក្នុង​ពិភព​លោក​នេះ។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា ពួក​គេ​គឺ​ជា “ស្នា​ដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ​គ្រីស្ទយេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”(២:១០)។ ត្រង់​ចំណុច​នេះ ពាក្យ “ស្នាដៃ” គឺមាន​ន័យ​ថា ស្នា​ដៃ​សីល្បៈ ឬ​ស្នា​ដៃ​ឯក។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​ពិពណ៌​នា​ថា ព្រះ​ជា​ម្ចាស់​បាន​បង្កើត​យើង ឲ្យធ្វើ​ជា​ស្នា​ព្រះហស្ត​ទ្រង់ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ ឬ​បង្ហាញ​ចេញ​នូវ​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ក្នុង​លោកិយ​នេះ។ យើង​មិន​អាច​ជួយ​សង្រ្គោះ​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​ល្អ​បាន​ទេ ប៉ុន្តែ ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​មក ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ នោះ​ទ្រង់​ក៏​អាច​ប្រើ​យើង ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់​ផង​ដែរ។​

ជី​ដូន​របស់​ខ្ញុំ​បាន​ឈ្ងោក​ទៅ​រក​ម្ជុល​របស់​គាត់ ដើម្បី​ដេរអាវ និង​ភួយ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​គាត់​មានចំពោះ​ខ្ញុំ​ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ខ្ញុំ​រក​ឃើញ​គោល​បំណង​នៃ​ជីវិត នៅ​លើ​ផែន​ដី​នេះ។…

ខុសបរិបទ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​តម្រង់​ជួរ​ រង់​ចាំ​ឡើង​ជិះ​យន្ត​ហោះ មាន​មនុស្ស​ម្នាក់​ប៉ះ​ស្មា​ខ្ញុំ​។​ ខ្ញុំ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ។ គាត់​ក៏​បាន​សួរ​ខ្ញុំ​ថា “អេលីសា(Elisa)! នៅ​ចាំ​ខ្ញុំ​ទេ? ខ្ញុំ​ឈ្មោះ​ចូន(Joan)”។ ពេល​នោះ ខ្ញុំ​ក៏​បាន​ខំ​នឹក​គិត អំពី​មនុស្ស​ទាំង​ប៉ុន្មាន​នាក់ ដែល​មាន​ឈ្មោះ​ចូន ដែល​ខ្ញុំ​បាន​ស្គាល់ ប៉ុន្តែ ខ្ញុំនៅ​តែ​នឹក​មិន​ឃើញ​ថា ធ្លាប់​ស្គាល់​គាត់​ពី​ពេល​ណា។ តើ​គាត់​ជា​អ្នក​ជិត​ខាង ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ក្បែរ កាល​ពី​មុន? ឬ​ជា​មិត្ត​រួម​ការងារ​កាល​ពី​មុន? ខ្ញុំ​រក​នឹក​មិន​ឃើញ​ទេ។

ពេល​គាត់​ឃើញ​ខ្ញុំ​ពិបាក​រក​នឹក​ដូច​នេះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “អេលីសា យើង​ធ្លាប់​ស្គាល់​គ្នា​កាល នៅ​រៀន​នៅ​វិទ្យាល័យ​”។ ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​នឹក​ឃើញ​ថា កាល​នោះ គឺ​នៅ​ពេល​យប់​ថ្ងៃ​សុក្រ នៅ​ទីលាន​ប្រកួត​កីឡា​បាល់​ទាត់ យើង​បាន​ស្រែក​ហូរ​កញ្រ្ចៀវ ពី​កន្លែង​ឈរ​ទស្សនា។ ពេល​ដែល​ខ្ញុំ​បាន​គិត​ដល់​បរិបទ​មួយ​នេះ​ហើយ​ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​គាត់​ឡើង​វិញ។

ក្រោយ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ហើយ នាង​ម៉ារា មក​ពី​ស្រុក​ម៉ាកដាឡា ក៏​បាន​ទៅ​ផ្នូរ​របស់​ព្រះ​អង្គ​នៅ​ពេល​ព្រឹក​ព្រលឹម ហើយ​ក៏​បាន​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ​(យ៉ូហាន ២០:១-២)។ នាង​ក៏​បាន​រត់​ទៅ​ហៅ​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន។ អ្នក​ទាំង​ពីរ​ក៏​បាន​ត្រឡប់​មក​ផ្នូរ​វិញ ជា​មួយ​នឹង​នាង ហើយ​ក៏​បាន​ឃើញ​ផ្នូរ​ព្រះ​អង្គ​នៅ​ទទេ(ខ.៣-១០)។ តែ​នាង​ម៉ារា​បាន​ឈរ​យំ​នៅ​ខាង​ក្រៅ​ផ្នូរ​(ខ.១១)។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ទីនោះ “នាង​មើល​ទ្រង់​មិន​ស្គាល់​ទេ”(ខ.១៤) ដោយ​នឹក​ស្មាន​ថា ទ្រង់​ជា​អ្នក​ថែ​ចំការ​(ខ.១៥)។

តើ​ហេតុ​អ្វី បាន​ជា​នាង​មើល​ព្រះយេស៊ូវ​មិន​ស្គាល់ យ៉ាង​ដូច្នេះ? តើ​ព្រះ​កាយ​របស់​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង បាន​ជា​នាង​ពិបាក​នឹង​មើល​ទ្រង់​ស្គាល់​ឬ?…

ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។

ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។

របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទទឹង បណ្តោយ កម្ពស់ និង​ជម្រៅ នៃ​សេចក្តី​ស្រឡាញ់…

ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច

បន្ទាប់​ពី​ខ្ញុំ​បាន​យក​អំពូល​ភ្លើង​ជា​ច្រើន​ខ្សែ មក​ព័ទ្ធ​ជុំវិញ​ដើម​ណូអែល ខ្ញុំ​ក៏​បាន​យក​បូពណ៌​ផ្កា​ឈូក និង​ពណ៌​ខៀវ មក​ចង​នឹង​មែក​វា ហើយ​ដាក់​ឈ្មោះ​ឲ្យ​ដើម​នោះ​ថា ដើម​ណូអែល “នៃ​ក្តី​សង្ឃឹម ចំពោះ​ព្រះ​រាជ​បុត្រ​តូច”។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​រង់​ចំា​ទទួលកូន​ចិញ្ចឹម​ម្នាក់ ជាង​បួន​ឆ្នាំ​មក​ហើយ។ ពិត​ណាស់ យើង​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង នៅ​ថ្ងៃ​ណូអែល!

រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​មក​អធិស្ឋាន នៅ​ក្បែរ​ដើម​ណូអែល​នោះ ដោយ​រំឭក​ខ្លួន​ឯង អំពី​សេចក្តី​សប្បុរ​របស់​ព្រះ​អម្ចាស់។ នៅថ្ងៃ​ទី​២១ ធ្នូ យើង​ក៏​បាន​ទទួល​ដំណឹង​ថា យើង​នឹង​មិន​បាន​ទទួល​កូន​ចិញ្ចឹម​នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នោះ​ទេ។ ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ឈប់​នៅ​ពី​មុខ​ដើម​ណូអែល​នោះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់។ តើ​ព្រះ​ជា​ម្ចាស់នៅ​តែ​ស្មោះ​ត្រង់​ឬ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ?

នៅ​ពេល​ខ្លះ ព្រះ​ជា​ម្ចាស់​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន ឬ​លត់​ដំ​យើង ​ដោយ​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ខ្លះ​ទៀត ព្រះ​ទ្រង់​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ទ្រង់ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ការ​ទុក​ចិត្ត​ជា​ថ្មី ​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​កែ​តម្រង់​ប្រជា​ជន​អ៊ីស្រាអែល។ ការ​នោះពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់ បាន​ជា​គាត់​ពោល​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ”(៣:១៣)។ ក្នុង​ពេល​ដ៏ពិបាក​នោះ លោក​យេរេមា ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​ថ្លែង​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់(ខ.២២-២៣)។

ខ្ញុំ​ក៏​បាន​ទុក​ឲ្យ​ដើម​ណូអែល​នៅ​បន្ត​ឈរ​នៅ​ទីនោះ​ទៀត បន្ទាប់​ពី​ថ្ងៃ​ណូអែល​បាន​កន្លង​ផុត​ទៅ​ ហើយ​ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន​នៅពេល​ព្រឹក​ដូច​រាល់​ដង។ ទី​បំផុត នៅ​ចុង​សប្តាហ៍​នៃ​ថ្ងៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

ការសន្ទនាដ៏ពិបាក

ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​ឡាន ចម្ងាយ​ប្រហែល​៨០​គីឡ៉ូម៉ែត្រ ដើម្បី​ទៅ​ជួប​បុគ្គលិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ របស់​ក្រុម​ហ៊ុន​របស់​ខ្ញុំ។ ពេល​នោះ យើង​មាន​ការ​សន្ទនា​ដ៏​ពិបាក ជា​មួយ​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ពី​បុគ្គលិក​ម្នាក់​ទៀត​ថា គាត់​បាន​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​យើង ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច​ខូច​ឈ្មោះ​ក្រុម​ហ៊ុន ដោយសារ​គាត់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ ចង់​ផ្តល់​យោបល់​មួយ ដើម្បី​ឲ្យ​គាត់​ផ្លាស់​ប្តូរ​គំនិត។

ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ២៥ មាន​មនុស្ស​មិន​សម​ទំនង​ម្នាក់ បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ទៅ​ជួប​អនាគត​ស្តេច​របស់​អ៊ីស្រាអែល ដែល​ហៀប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នឹង​នាំ​មក​នូវ​ភាព​ហិន​វិនាស។ នាង​អ័ប៊ីកែល​បាន​រៀបការ​ជា​មួយណាបាល ដែល​មាន​អត្ត​ចរិត​មិន​ល្អ សម​នឹង​អត្ថន័យ​របស់​ឈ្មោះ​ខ្លួន (ដែល​មាន​ន័យ​ថា “មនុស្ស​ឡប់”) (ខ.៣,២៥)។ ណាបាល​បាន​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ដាវីឌ និង​កង​ទ័ព​របស់​គាត់ តាម​ប្រពៃណី សម្រាប់​ការ​ការពារ​ហ្វូង​សត្វ​របស់​ខ្លួន(ខ.១០-១១)។ នាង​អ័ប៊ីកែល​ក៏​បាន​ដឹង​ថា ដាវីឌ​មាន​ផែន​ការ​សង​សឹង មក​លើ​គាត់ ហើយ​នាង​ក៏​ដឹង​ផង​ដែរ​ថា ប្តី​ដ៏​ល្ងីល្ងើ​របស់​នាង​មិន​ព្រម​ស្តាប់​នាង​ឡើង។ នាង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សះ​ផ្សា ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ ហើយ​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ផ្លាស់​ប្តូរ​គំនិត(ខ.១៨-៣១)។

តើ​នាង​អ័ប៊ីកែល​បាន​សម្រេច​ការ​នេះ​ដោយ​របៀប​ណា? បន្ទាប់​ពី​នាង​បាន​ឲ្យ​គេ​ដឹក​អាហារ​នឹង​សត្វ​លា យក​ទៅ​ឲ្យ​ដាវីឌ ​និង​ពួក​ប្រុស​ៗ​របស់​គាត់​ ហើយ​ដោះ​ស្រាយ​រឿង​បំណុល​នោះ​ហើយ នាង​ក៏​បាន​ប្រាប់​ការ​ពិត ដល់​ដាវីឌ។ នាង​បាន​ធ្វើ​ការរំឭក​ប្រកប​ដោយ​ប្រាជ្ញា ដល់​ដាវីឌ ដើម្បី​ឲ្យ​គាត់​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់។ បើ​គាត់​នៅ​តែចចេស​ចង់​សង​សឹក នោះ​ពេល​ដែល​ព្រះជាម្ចាស់​ឲ្យ​គាត់​ឡើង​ធ្វើ​ស្តេច គាត់​នឹង “មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ការ​កម្ចាយ​ឈាម ដែល​មិន​ចាំ​បាច់​នោះ”(ខ.៣១)។

អ្នក​ក៏​ប្រហែល​ជា​ដឹង​ថា…