ស្រុកកំណើតរបស់ខ្ញុំ បានជួបប្រទះរដូវរងា ដែលមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅក្នុងការជោគព្រឹល ដែលធ្លាក់មិនចេះឈប់ ជាហេតុធ្វើឲ្យសាច់ដុំខ្ញុំឈឺ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា ការប្រឹងប្រែងរបស់ខ្ញុំ ដូចជាគ្មានផ្លែផ្កាអ្វីសោះ បានជាខ្ញុំបោះជំហានចូលក្នុងផ្ទះវិញ ទាំងគោះស្បែកជើងកវែងខ្លាំងៗ។ ប៉ុន្តែ ពេលចូលទៅដល់ខាងក្នុង ខ្ញុំក៏បានទទួលការស្វាគមន៍ពីកម្តៅភ្លើងក៏កក់ក្តៅ និងពីកូនៗរបស់ខ្ញុំ ដែលកំពុងជួបជុំគ្នា នៅជុំវិញភ្លើងនោះ។ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅក្រៅផ្ទះ តាមមាត់បង្អួចផ្ទះខ្ញុំ ទស្សនៈដែលខ្ញុំមាន ចំពោះអាកាសធាតុក៏បានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំមិនបានគិតអំពីការងារ ដែលខ្ញុំត្រូវធ្វើជាបន្ថែមទៀតឡើយ ផ្ទុយទៅវិញ ខ្ញុំបានគយគន់សម្រស់នៃមែកឈើដែលបានកក និងមើលទៅព្រឹលដែលបានគ្របដណ្តប់ទេសភាពរដូវរងាដែលគ្មានពណ៌។
ពេលខ្ញុំអានទំនុកដំកើង ជំពូក៧៣ ខ្ញុំបានឃើញការពិពណ៌នារបស់លោកអេសាភ ដែលបានផ្លាស់ប្តូរពីការនិយាយអំពីការលំបាក ដែលធ្ងន់ធ្ងរជាងខ្ញុំ ទៅរកការនិយាយអំពីការល្អវិញ។ នៅដើមជំពូក គាត់បានពោលពាក្យដំងូរអំពីដំណើររបស់លោកិយ ដែលក្នុងនោះ មនុស្សអាក្រក់ហាក់ដូចជាបានទទួលរង្វាន់។ គាត់មានការសង្ស័យ អំពីតម្លៃនៃការរស់នៅ ខុសពីលោកិយ និងការរស់នៅដើម្បីប្រយោជន៍អ្នកដទៃ(ខ.១៣)។ ប៉ុន្តែ ពេលដែលគាត់បានចូលក្នុងទីបរិសុទ្ធរបស់ព្រះ ទស្សនៈគាត់ក៏បានផ្លាស់ប្តូរ(ខ.១៦-១៧) ដោយគាត់ចាំថា ព្រះទ្រង់នឹងជំនុះជម្រះលោកិយ នឹងជម្រះបញ្ហារបស់លោកិយ យ៉ាងឥតខ្ចោះ ហើយដែលសំខាន់ជាងនោះទៀត គឺគាត់ដឹងថា ការនៅជិតព្រះ គឺជាការដ៏គាប់ប្រសើរណាស់(ខ.២៨)។
ពេលដែលយើងមានការពិបាកចិត្ត ដោយសារបញ្ហា ដែលហាក់ដូចជាកើតឡើង មិនព្រមឈប់ឈរ យើងអាចចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ដោយការអធិស្ឋាន និងទទួលភាពកក់ក្តៅ ពីសេចក្តីពិតដែលកែប្រែជីវិត និងទស្សនៈ គឺសេចក្តីពិតដែលថា ការជំនុំជម្រះរបស់ព្រះ គឺប្រសើរជាងការដែលយើងកាត់ទោសអ្នកដទៃ។ ទោះកាលៈទេសៈរបស់យើង ប្រហែលជាមិនផ្លាស់ប្តូរក៏ដោយ ក៏ទស្សនៈរបស់យើងនៅតែអាចផ្លាស់ប្តូរជានិច្ច។—KIRSTEN HOLMBERG