រឿងនោះមិនសាមញ្ញ ដូចការឆ្លងទន្លេឡើយ។ តាមច្បាប់ គ្មានមេទ័ពនៃចក្រភពរ៉ូម៉ាំងណា ដែលត្រូវបានអនុញ្ញាតឲ្យ ដឹកនាំទ័ពដែលប្រដាប់ដោយអាវុធចូល ទៅក្នុងទីក្រុងរ៉ូមឡើយ។ ហេតុនេះហើយបានជា នៅពេលដែលស្តេចជូលា សេសារ(Julius Caesar)ដឹកនាំកងពលទី១៣របស់ទ្រង់ ឆ្លងកាត់ទន្លេរូប៊ីខុន ហើយចូលទៅក្នុងទឹកដីអ៊ីតាលី ក្នុងឆ្នាំ៤៩ មុនគ្រីស្ទសករាជ គេក៏បានចាត់ទុកទង្វើរនេះ ជាការក្បត់ជាតិ។ ឥទ្ធិពលនៃការសម្រេចចិត្តរបស់ស្តេចសេសានៅពេលនោះ មិនអាចបកមកក្រោយវិញបានឡើយ ដោយបណ្តាលឲ្យមានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំ មុនពេលដែលមេទ័ពដ៏អស្ចារ្យរូបនេះ ក្លាយជាអធិរាជនៃចក្រភពរ៉ូម៉ាំង។ រហូតមកដល់សព្វថ្ងៃនេះ ក្នុងភាសាអង់គ្លេស គេបានប្រើពាក្យ “ឆ្លងកាត់ទន្លេរូប៊ីខុន” ក្នុងន័យធៀបថា “គេបានដល់ចំណុចដែលមិនអាចបកក្រោយវិញបានទេ”។
ជួនកាល ពាក្យសម្តីដែលយើងនិយាយជ្រុលហើយ មិនខុសពីការដែលស្តេចសេសារបានឆ្លងទន្លេរូប៊ីខុសនោះឡើយ ពោលគឺមិនអាចបកក្រោយវិញបានទេ។ ពេលដែលពាក្យសម្តីទាំងនោះ បានចេញពីបបូរមាត់យើងហើយ វាអាចជួយគេ ហើយកម្សាន្តចិត្តគេ ឬអាចនាំឲ្យមានការខូចខាត ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចបកក្រោយវិញបាន ដូចការដែលស្តេចសេសារដឹកនាំទ័ពចូលទីក្រុងរ៉ូមយ៉ាងដូច្នោះដែរ។ លោកយ៉ាកុបបានធ្វើការពិពណ៌នាក្នុងន័យប្រៀបធៀប យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។
ពេលដែលយើងបានធ្វើ ឬនិយាយអ្វី ចំពោះនរណាម្នាក់ ហើយខ្លាចដល់ចំណុចដែលមិនអាចបកក្រោយវិញបាន យើងអាចសូមការអត់ឱនទោសពីពួកគេ និងពីព្រះ(ម៉ាថាយ ៥:២៣-២៤ ១យ៉ូហាន ១:៩)។ ប៉ុន្តែ យកល្អយើងគួរតែសម្រាកជារៀងរាល់ថ្ងៃ នៅក្នុងព្រះវិញ្ញាណនៃព្រះ ដោយពិចារណាអំពីពាក្យសម្តីរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច”(កូល៉ុស ៤:៦) ដើម្បីឲ្យពាក្យសម្តីយើង មិនគ្រាន់តែបានថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ឡើយ តែថែមទាំងស្អាង និងលើកទឹកចិត្តអ្នកដែលនៅក្បែរយើងផងដែរ។-BILL CROWDER