ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំនិងបងប្អូនស្រីៗទាំងពីរនាក់របស់ខ្ញុំ ចូលចិត្តអង្គុយទន្ទឹមគ្នា នៅលើហិបធំមួយ របស់ម្តាយខ្ញុំ ដែលធ្វើពីឈើសេដា។ ម្តាយខ្ញុំបានទុកអាវរងាធ្វើពីរោមចៀម នៅក្នុងហិបនោះ ជាមួយនឹងគ្រឿងក្រណាត់ ដែលជីដូនខ្ញុំបានប៉ាក់ ឬចាក់នឹងអំបោះ។ គាត់បានឲ្យតម្លៃវត្ថុអ្វីដែលមាននៅក្នុងហិបនោះ ហើយបានពឹងផ្អែកទៅលើក្លិនឈួលរបស់ឈើសេដា ដើម្បីការពារមិនឲ្យសត្វល្អិតកាត់ខោអាវដែលនៅខាងក្នុងហិប។
របស់ទ្រព្យភាគច្រើន នៅលើផែនដីនេះ ងាយនឹងទទួលរងការបំផ្លាញ ដោយសារសត្វល្អិត ឬច្រេះចាប់ ឬអាចត្រូវគេលួច។ បទគម្ពីរម៉ាថាយ ជំពូក៦ បានលើកទឹកចិត្តយើង ឲ្យផ្តោតចិត្តជាពិសេស មិនមែនទៅលើរបស់អ្វី ដែលមិនស្ថិតស្ថេរនោះឡើយ តែឲ្យផ្តោតទៅលើអ្វីដែលមានតម្លៃដ៏អស់កល្បជានិច្ច ។ ពេលម្តាយខ្ញុំលាចាកលោក នៅអាយុ៥៧ឆ្នាំ គាត់មិនបានបង្គរទុកទ្រព្យសម្បត្តិនៅផែនដីច្រើនឡើយ ប៉ុន្តែ ខ្ញុំចូលចិត្តគិតអំពីទ្រព្យសម្បត្តិ ដែលគាត់បានសន្សំនៅនគរស្ថានសួគ៌(ខ.១៩-២០)។
ខ្ញុំនឹកចាំថា គាត់បានស្រឡាញ់ព្រះខ្លាំងប៉ុណ្ណា ហើយបានបម្រើទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម ដោយមើលការខុសត្រូវក្រុមគ្រួសាររបស់គាត់ ដោយចិត្តស្មោះត្រង់ និងបង្រៀនក្មេងៗ នៅសាលារៀនថ្ងៃអាទិត្យ ហើយរាប់អានស្រ្តីម្នាក់ ដែលប្តីរបស់នាងបានបោះបង់ចោល ព្រមទាំងកម្សាន្តចិត្តម្តាយដែលមានវ័យក្មេង ដែលបានបាត់បង់កូនតូចរបស់ខ្លួន។ ហើយគាត់បានអធិស្ឋាន … សូម្បីតែនៅពេលដែលភ្នែកគាត់មើលលែងឃើញ ហើយត្រូវអង្គុយនៅលើរទេះរុញក៏ដោយ ក៏គាត់នៅតែបន្តស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ។
ទ្រព្យសម្បត្តិដ៏ពិតរបស់យើង មិនត្រូវបានវាស់ នៅក្នុងអ្វីដែលយើងបានបង្គរទុកនោះឡើយ តែនៅក្នុងការអ្វី ឬនៅក្នុងអ្នក ដែលយើងបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត។ តើយើងបានសន្សំ “ទ្រព្យសម្បត្តិ” អ្វីខ្លះ នៅនគរស្ថានសួគ៌ ដោយបម្រើ និងដើរតាមព្រះយេស៊ូវ? —CINDY HESS KASPER