មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​មិត្ត​ភក្តិ​មួយ​ចំនួន​ថា “តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ពេល​ថ្មី​ៗ​នេះ?” មាន​ម្នាក់​ឆ្លើយ​ថា គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​អាន​ខគម្ពីរ រៀង​រាល់​ពេល​ព្រឹក។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ ខណៈ​ពេល​ដែល​ទ្រង់​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ថ្ងៃ​ថ្មី ។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​ដឹង​ថា ទ្រង់​បាន​គង់​នៅ​ជា​មួយ​គាត់ គ្រប់​ជំហាន និយាយ​រួម គាត់​ដឹង​ពី​របៀប​ដែល​ទ្រង់​បាន​ជួយ​គាត់ ឲ្យ​ប្រឈម​មុននឹង​ឧបស័គ្គ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​ឲ្យ​គាត់​មាន​ក្តីអំណរ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចម្លើយ​មួយ​នេះ ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ និង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​អ្នក​នោះ។

ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដើរ​តាម​ទ្រង់ គឺ​ជា​សេចក្តី​អាថ៌​កំបំាង​ដ៏​អស្ចារ្យ ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ​បាន​បក​ស្រាយ ខណៈ​ពេល​ដែល​គាត់​បាន​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​សូម​ឲ្យ “​ទ្រង់​ធ្វើ​ការ​ក្នុង​ពួកគេ ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅ​ក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​នេះ អ្នក​និពន្ធ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​អត្ថ​ន័យ​ដ៏​សំខាន់​នៃ​សំបុត្រ​នេះ​ថា ព្រះ​ទ្រង់​នឹង​បំពាក់​សមត្ថ​ភាព​រាស្រ្ត​ទ្រង់ ដើម្បី​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ការ​ក្នុង និង​តាម​រយៈ​ពួក​គេ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់។

ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង គឺ​ជា​អំណោយ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដូច​ជា នៅ​ពេល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង ឬ​នៅ​ពេល​ដែល​យើង​បង្ហាញ​ភាព​អត់​ធ្មត់ ដល់​អ្នក​ដែល​ធ្វើ​ឲ្យយើង​មាន​ការ​ពិបាក​ជា​ដើម។ ព្រះ​នៃ​យើង “ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត”(ខ.២០) ទ្រង់​បាន​បំពេញ​យើង​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ​សាន្ត នៅ​ក្នុង និង​តាម​រយៈ​យើង។ តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​របស់​ទ្រង់ យ៉ាង​ណា​ខ្លះ នៅ​ពេល​ថ្មី​ៗ​នេះ?  —AMY BOUCHER PYE