កាលរៀននៅវិទ្យាល័យ គ្រូបង្វឹកកីឡាថ្នាក់ជាតិរបស់ខ្ញុំ ធ្លាប់បានឲ្យយោបលខ្ញុំ មុនពេលការប្រកួតរត់ប្រណាំងថា “កុំព្យាយាមរត់នាំមុខគេ។ អ្នករត់នាំមុខគេឆាប់អស់កម្លាំង ស្ទើរតែគ្រប់ពេល”។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តខ្ញុំ ឲ្យរត់ប្រគិតពីក្រោយអ្នកដែលរត់លឿនជាងគេ។ កាលណាខ្ញុំឲ្យអ្នកនោះ នាំមុខខ្ញុំ ខ្ញុំអាចសន្សំកម្លាំងកាយ និងចិត្ត សម្រាប់រត់ឲ្យដល់ទីមុនគេ ពេលជិតដល់ទី។
ការនាំមុខអាចមានការនឿយហត់ ហើយការតាមពីក្រោយគេ អាចមានសេរីភាពច្រើនជាង។ ការយល់អំពីទ្រឹស្តីនេះ ជួយឲ្យការរត់ប្រណាំរបស់ខ្ញុំ មានភាពល្អប្រសើរជាងមុន។ ប៉ុន្តែ ការបង្កើតសិស្ស តាមទ្រឹស្តីនេះ មានការពិបាកជាងការរត់ប្រណាំង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំងាយនឹងគិតថា ការធ្វើជាអ្នកជឿព្រះយេស៊ូវ គឺមានន័យថា ខ្ញុំត្រូវប្រឹងប្រែងឲ្យបានខ្លាំងមែនទែន ។ ប៉ុន្តែ ការដេញតាមការរំពឹងគិតបែបនេះ បានធ្វើឲ្យខ្ញុំបាត់ឱកាសពិសោធន៍នឹងក្តីអំណរ និងសេរីភាព ដែលខ្ញុំអាចរកបាន នៅក្នុងការដើរតាមទ្រង់(យ៉ូហាន ៨:៣២,៣៦)។
ប៉ុន្តែ ព្រះយេស៊ូវមិនសព្វព្រះទ័យឲ្យយើងដឹកនាំជីវិតខ្លួនឯងឡើយ ហើយទ្រង់ក៏មិនបានបង្កើតកម្មវិធីសម្រាប់ឲ្យយើងជួយខ្លួនឯងឲ្យមានការរីកចម្រើនឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា ពេលយើងស្វែងរកទ្រង់ យើងនឹងរកឃើញការសម្រាក ដែលយើងចង់បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូបង្រៀនជាច្រើន របស់សាសនាដទៃ បានសង្កត់ធ្ងន់ទៅលើការសិក្សាគម្ពីរសាសនាឲ្យបានតឹងរ៉ឹង ឬខំកាន់តាមវិន័យសាសនាណាមួយ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ។ ទ្រង់បានបង្រៀនថា យើងអាចស្គាល់ព្រះវរបិតា តាមរយៈការស្គាល់ព្រះរាជបុត្រា(ខ.២៧)។ ពេលយើងស្វែងរកបំណងព្រះទ័យទ្រង់ ទ្រង់នឹងលើកបន្ទុកយើងចេញ(ខ.២៨-៣០) ហើយជីវិតយើងក៏នឹងបានផ្លាស់ប្រែផងដែរ។
ការដើរតាមទ្រង់ គឺជាផ្លូវទៅរកក្តីសង្ឃឹម និងការប្រោសឲ្យជា ព្រោះការដើរតាមទ្រង់ ដែលជាអ្នកដឹកនាំដ៏សុភាព និងមានការបន្ទាបខ្លួន(ខ.២៩) មិនដែលជាបន្ទុកឡើយ។ យើងមានសេរីភាព ពេលដែលយើងសម្រាកក្នុងក្តីស្រឡាញ់ទ្រង់។ —MONICA BRANDS