ជួន​កាល ជីវិត​យើង​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ។ នៅ​ពេល​ខ្លះ​ទៀត ការ​អស្ចារ្យ​បាន​កើត​ឡើង ក្នុង​ជីវិត​យើង។

យុវជន​បី​នាក់ ដែល​ជា​ឈ្លើយ​សឹក នៅ​ទីក្រុង​បាប៊ីឡូន បាន​ឈរ​នៅ​ពី​មុខ​ស្តេច​ដែល​គួរ​ឲ្យ​ខ្លាច នៃ​ទឹក​ដី​នោះ ហើយ​ក៏​បាន​ប្រកាស់​ដោយ​ក្លាហាន​ថា ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ធំ​ដូច​យក្ស ដែល​ធ្វើ​ពី​មាស នៅ​ពី​លើ​ពួក​គេ​ឡើយ។ ពួក​គេ​ក៏​បាន​ប្រកាស់​ព្រម​គ្នា​ថា “បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ”(ដានីយ៉ែល ៣:១៦-១៨)។

បុរស​ទាំង​បី​នាក់​នេះ ដែល​មាន​សាដ្រាក់ មៃសាក់ និង​អ័បេឌ-នេកោ ក៏​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គេ ដោយ​ការ​អស្ចារ្យ បាន​ជា​សក់​ពួក​គេ​មិន​បាន​ឆេះ​សូម្បី​តែ​មួយ​សរសៃ ហើយ​សំលៀក​បំពាក់​ពួក​គេ​ក៏​មិន​ហុយ​ផ្សែង​ដែរ(ខ.១៩-២៧)។ ពួក​គេ​បាន​ត្រៀម​ខ្លួន​ស្លាប់​ហើយ ប៉ុន្តែ ​បើ​សិន​ជា​ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ទេ ជំនឿ​ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់ ក៏​នៅ​តែ​មិន​រេរា​ដដែល។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នៅ​តែ​តោង​ទ្រង់​ឲ្យ​ជាប់ បើ​សិន​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មិន​បាន​ជា​ពី​ជម្ងឺ ឬយើង​បាត់​បង់​ការ​ងារ ឬ​មួយ​យើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន​ក៏​ដោយ។ ជួន​កាល ព្រះ​ទ្រង់​សង្រ្គោះ​យើង ឲ្យ​រួច​ពី​គ្រោះថ្នាក់​ក្នុង​ជីវិត​នេះ ហើយ​ជួន​កាល ទ្រង់​មិន​ជួយ​យើង។ ប៉ុន្តែ យើង​អាច​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត គឺ​ថា “ព្រះ​ដែលយើង​បម្រើ ទ្រង់​មាន​សមត្ថ​ភាព” ទ្រង់​ស្រឡាញ់​យើង ហើយ​ក៏​គង់​នៅ​ជា​មួយ​យើង នៅ​​ក្នុង​ទុក​លំបាក​ទាំង​អស់ បើសិន​ជា​យើង​ជួប​ប្រទះ​រឿង​អ្វី​ក៏​ដោយ។—ALYSON KIEDA