ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​ខ្ញុំ យើង​មាន​ការ​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​មើល​ការ​ផ្សាយ​ផ្ទាល់ ​តាម​អ៊ីន​ធើណិត ដែល​ផ្តោត​ទៅ​លើ​សកម្ម​ភាព​របស់​សត្វ​ឥន្ទ្រី​មួយ​គ្រួសារ ក្នុង​រដ្ឋ​ផ្លូរីដា។​ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​បើក​មើល​ការ​ផ្សាយ​នោះ ដើម្បី​ទស្សនា​សត្វ​ឥន្រ្ទី​មួយ​សំបុក​នោះ ដែល​មាន​មេ បា និង​កូន​តូច​របស់​ពួក​វា​មួយ​ក្បាល ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​ចេញ​ចូល​សំបុក្រ​របស់​ពួក​វា ដែល​ខ្ពស់​ឆ្ងាយ​ពី​ដី ដើម្បី​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​ ជា​រៀង​រាល់​ថ្ងៃ មេ​ឥន្រ្ទី និង​ឥន្រ្ទី​ឈ្មោល បាន​ថែរ​ទាំ​កូន​ឥន្រ្ទី​នោះ ដោយ​នាំ​យក​ត្រី មក​ពី​ទន្លេ​នៅ​ក្បែរ​នោះ ដើម្បី​បំប៉នវា​។

គ្រួសារ​ដ៏​តូច​របស់​សត្វ​ឥន្រ្ទី​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ចែង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ (ទំនុក​ដំកើង ជំពូក ១០៤)  ជា​ការ​ពិពណ៌​នា​ដ៏​ក្បោះ​ក្បាយ នូវ​រូប​ភាព​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​ព្រះ​ហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់ ដែល​មាន​ដូច​តទៅ :

យើង​បាន​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ដែល​ជាប់​ទាក់​ទង​នឹង​ចក្រ​វាល ដែល​ទ្រង់​បាន​បង្កើត(ខ.២-៤)។

យើង​បាន​ពិសោធន៍​នឹង​ស្នា​ព្រះ​ហស្ត​នៅ​លើ​ផែន​ដី ដែល​មាន​ដូច​ជា​ទឹក ភ្នំ ជ្រលង​ភ្នំ(ខ.៥-៩)។

យើង​អរ​សប្បាយ​នឹង​សិរីល្អ​នៃ​អំណោយ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន ដូច​ជា​សត្វ​ទាំង​ឡាយ និង​សត្វ​បក្សី ព្រម​ទាំង​រុក្ខ​ជាតិ​ផង(ខ.១០-១៨)។

យើង​មាន​ការ​ស្ងើច​សរសើរ ចំពោះ​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​វដ្ដ ដែល​ជា​ដំណើរ​វិល​ទៅ​មក ដូច​ជា ពេល​ថ្ងៃ ​និង​ពេល​យប់ ភាព​ងងឹត និង​ពន្លឺ ការ​ធ្វើ​ការ និង​ការ​សម្រាក​(ខ.១៩-២៣)។

ព្រះ​ទ្រង់​ពិត​ជា​បាន​រចនា និង​បង្កើត​លោកិយ ឲ្យ​មាន​ភាព​អស្ចារ្យ ដោយ​ព្រះ​ហស្ត​ទ្រង់ សម្រាប់​ឲ្យ​យើង​អរ​សប្បាយ និង​ដើម្បី​សិរីល្អ​ទ្រង់! “ព្រលឹង​ខ្ញុំ​អើយ ចូរ​សរសើរ​ព្រះ​អម្ចាស់!”(ខ.១)។ យើង​ម្នាក់​ៗ អាច​និយាយ​អរ​ព្រះ​គុណ​ព្រះអម្ចាស់ សម្រាប់​អ្វី​ទាំង​អស់ ដែល​ទ្រង់​បាន​ប្រទាន​យើង សម្រាប់​ឲ្យ​កោត​សរសើរ និង​អរ​សប្បាយ។—DAVE BRANON