ក្នុងអំឡុងពេលដំណើរកម្សាន្តជាមួយចៅៗរបស់ខ្ញុំ យើងមានការសប្បាយរីករាយ នៅក្នុងការមើលការផ្សាយផ្ទាល់ តាមអ៊ីនធើណិត ដែលផ្តោតទៅលើសកម្មភាពរបស់សត្វឥន្ទ្រីមួយគ្រួសារ ក្នុងរដ្ឋផ្លូរីដា។ ជារៀងរាល់ថ្ងៃ យើងបានបើកមើលការផ្សាយនោះ ដើម្បីទស្សនាសត្វឥន្រ្ទីមួយសំបុកនោះ ដែលមានមេ បា និងកូនតូចរបស់ពួកវាមួយក្បាល ខណៈពេលដែលពួកវាកំពុងតែចេញចូលសំបុក្ររបស់ពួកវា ដែលខ្ពស់ឆ្ងាយពីដី ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មេឥន្រ្ទី និងឥន្រ្ទីឈ្មោល បានថែរទាំកូនឥន្រ្ទីនោះ ដោយនាំយកត្រី មកពីទន្លេនៅក្បែរនោះ ដើម្បីបំប៉នវា។
គ្រួសារដ៏តូចរបស់សត្វឥន្រ្ទីនេះ បានធ្វើឲ្យយើងនឹកចាំ អំពីការពិពណ៌នារបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលចែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ (ទំនុកដំកើង ជំពូក ១០៤) ជាការពិពណ៌នាដ៏ក្បោះក្បាយ នូវរូបភាពនៃការបង្កើតរបស់ព្រះ ដោយព្រះហស្តដ៏ប៉ិនប្រសប់របស់ទ្រង់ ដែលមានដូចតទៅ :
យើងបានមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ ដែលជាប់ទាក់ទងនឹងចក្រវាល ដែលទ្រង់បានបង្កើត(ខ.២-៤)។
យើងបានពិសោធន៍នឹងស្នាព្រះហស្តនៅលើផែនដី ដែលមានដូចជាទឹក ភ្នំ ជ្រលងភ្នំ(ខ.៥-៩)។
យើងអរសប្បាយនឹងសិរីល្អនៃអំណោយដែលព្រះជាម្ចាស់ប្រទាន ដូចជាសត្វទាំងឡាយ និងសត្វបក្សី ព្រមទាំងរុក្ខជាតិផង(ខ.១០-១៨)។
យើងមានការស្ងើចសរសើរ ចំពោះការដែលព្រះទ្រង់បានបង្កើតឲ្យមានវដ្ដ ដែលជាដំណើរវិលទៅមក ដូចជា ពេលថ្ងៃ និងពេលយប់ ភាពងងឹត និងពន្លឺ ការធ្វើការ និងការសម្រាក(ខ.១៩-២៣)។
ព្រះទ្រង់ពិតជាបានរចនា និងបង្កើតលោកិយ ឲ្យមានភាពអស្ចារ្យ ដោយព្រះហស្តទ្រង់ សម្រាប់ឲ្យយើងអរសប្បាយ និងដើម្បីសិរីល្អទ្រង់! “ព្រលឹងខ្ញុំអើយ ចូរសរសើរព្រះអម្ចាស់!”(ខ.១)។ យើងម្នាក់ៗ អាចនិយាយអរព្រះគុណព្រះអម្ចាស់ សម្រាប់អ្វីទាំងអស់ ដែលទ្រង់បានប្រទានយើង សម្រាប់ឲ្យកោតសរសើរ និងអរសប្បាយ។—DAVE BRANON