ខ្ញុំចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូលបន្តិចបន្តួច ឲ្យកូនៗរបស់ខ្ញុំពាក់ឧបករណ៍លិបទឹក ដើម្បីទស្សនាទិដ្ឋភាពនៅក្រោមផ្ទៃទឹកសមុទ្រខារីប៊ីន នៅក្បែរឆ្នេរកោះតូបាហ្គោ។ ប៉ុន្តែ បន្ទាប់ពីពួកគេបានលិបទឹកហើយ ពួកគេក៏បានងើបពីទឹកវិញ ដោយចិត្តរីករាយ។ ពួកគេលាន់មាត់ថា “មានត្រីរាប់ពាន់ក្បាល តាមប្រភេទខុសៗគ្នា! ពិតជាស្រស់ស្អាតណាស់! កូនមិនដែលបានឃើញត្រីមានពណ៌ស្អាតចឹងទេ!”
ដោយសារផ្ទៃទឹកសមុទ្រខារីប៊ីន មានលក្ខណៈស្រដៀងនឹងផ្ទៃបឹងទឹកសាប នៅក្បែរផ្ទះយើង នោះកូនៗរបស់ខ្ញុំអាចខកខានមិនបានគយគន់សម្រស់ ដែលបានបង្កប់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រនោះ បើសិនជាពួកគេមិនបានចាប់អារម្មណ៍នឹងការលិបទឹកសមុទ្រ នៅថ្ងៃនោះទេ។
ពេលហោរាសាំយ៉ូអែល ទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងកូនប្រុសរបស់លោកយ៉ូសេ ឲ្យធ្វើជាស្តេចបន្ទាប់ សម្រាប់នគរអ៊ីស្រាអែល លោកសាំយ៉ូអែលក៏បានឃើញលោកអេលាប ដែលជាកូនច្បងរបស់លោកអ៊ីសាយ ហើយក៏បានពេញចិត្តនឹងគាត់ ដោយមើលតែសម្បកក្រៅ ។ លោកហោរាគិតថា គាត់បានរកឃើញមនុស្សត្រូវហើយ ប៉ុន្តែ ព្រះអម្ចាស់បានបដិសេធន៍មិនព្រមរើសលោកអេលាប។ ព្រះទ្រង់ក៏បានរំឭកលោកសាំយ៉ូអែលថា ទ្រង់ “មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។
ដូចនេះ លោកសំាយ៉ូអែលក៏បានសួររកកូនប្រុសផ្សេងទៀត។ ដាវីឌ ដែលជាកូនប្រុសពៅ មិនមានវត្តមាននៅពេលនោះទេ ព្រោះគាត់កំពុងមើលថែរចៀមរបស់គ្រួសារគាត់។ គេក៏បានទៅហៅដាវីឌឲ្យមក ហើយព្រះអម្ចាស់ក៏បានបង្គាប់លោកសាំយ៉ូអែល ឲ្យចាក់ប្រេងតាំងឲ្យគាត់។
ជាញឹកញាប់ យើងច្រើនតែមើលមនុស្សតែសម្បកក្រៅ ហើយមិនបានចំណាយពេលពិនិត្យមើលចិត្តដែលនៅខាងក្នុងឡើយ ដែលជួនកាល វាប្រៀបបាននឹងសម្រស់ដែលបានលាក់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រ។ យើងមិនតែងតែឲ្យតម្លៃ ទៅលើអ្វីដែលព្រះទ្រង់ឲ្យតម្លៃ។ ប៉ុន្តែ បើសិនជាយើងចំណាយពេលពិនិត្យមើលអ្វី ដែលបង្កប់ខាងក្នុង យើងអាចរកឃើញទ្រព្យសម្បត្តិដ៏អស្ចារ្យ។ —LISA SAMRA