ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។

ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។

កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម និង​ការស្កប់​ចិត្ត ដោយ​ដឹង​ថា មាន​ព្រះ​មួយ​អង្គ ដែល​បាន​សន្យា​ថា នឹង​មិន​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ឡើយ។ ពោល​គឺ​យើង​អាច​ទុក​ចិត្ត​ទ្រង់​ទាំង​ស្រុង។—ARTHUR JACKSON