ក្នុងចំណោមអត្ថបទរាប់រយ ដែលខ្ញុំបាននិពន្ធ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ១៩៨៨ មានអត្ថបទតិចទេ ដែលនៅដក់ជាប់ក្នុងគំនិតខ្ញុំ។ ដែលក្នុងនោះ មានដូចជាអត្ថបទ ដែលនិយាយអំពីកាលដែល កូនស្រីទាំងពីរ របស់ខ្ញុំ និងម្តាយរបស់ពួកគេ បានចេញទៅបោះជំរុំនៅឆ្ងាយពីផ្ទះ ឬកំពុងធ្វើដំណើរបេសកកម្ម នៅទសវត្សរ៍ឆ្នាំ ១៩៩០ ហើយខ្ញុំ ក៏បាននៅផ្ទះតែពីរនាក់ ជាមួយស្ទីវ(Steve) កូនប្រុសខ្ញុំ ដែលមានអាយុ៦ឆ្នាំនៅឡើយ។
ខណៈពេលដែលយើងកំពុងតែអរសប្បាយនឹងការធ្វើដំណើរទៅអាកាសយាន្តដ្ឋាន ស្ទីវក៏បានងាកមកខ្ញុំ រួចនិយាយថា “បងមែលីស្សាអត់នៅចឹង ដូចមិនសូវសប្បាយទេ”។ មែលីស្សាជាបងស្រីអាយុ៨ឆ្នាំរបស់គាត់ ដែលបានជួយគាត់ជាច្រើន។ កាលនោះ យើងទំាងពីរនាក់ មិនបានដឹងទេថា ពាក្យសម្តីនេះ នឹងមានន័យចាក់ដោតចិត្តយើងយ៉ាងណានៅពេលក្រោយមកទៀត។ ជាការពិតណាស់ ក្រោយមក ការរស់នៅរបស់យើង “មិនសប្បាយដូចមុន” អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមែលីស្សាបានលាចាកលោកទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនាងស្ថិតក្នុងវ័យជំទង់។ ពេលវេលាដែលបានកន្លងផុតទៅ អាចធ្វើឲ្យការឈឺចាប់របស់យើងថយចុះ ប៉ុន្តែ គ្មានអ្វីដកការឈឺចាប់ចេញពីយើងទាំងស្រុងឡើយ។ ពេលវេលាមិនអាចព្យាបាលរបួសក្នុងចិត្តបានឡើយ។ ប៉ុន្តែ យើងអាចព្យាបាលរបួសនោះបាន ដោយស្តាប់ព្រះបន្ទូលសន្យាដ៏កម្សាន្តចិត្ត ហើយយកមកជញ្ជឹងគិត និងក្រេបយក ដាក់ក្នុងចិត្តយើង។
ចូរយើងស្តាប់ ដោយដឹងថា“កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(បរិទេវ ៣:២២)។
ចូរយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់ “ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាយើង ដោយកំបាំងនៅក្នុងពន្លាទ្រង់”(ទំនុកដំកើង ២៧:៥)។
ចូរយើងក្រេបយក ដាក់ក្នុងចិត្តយើង ដូចដែលមានសេចក្តីចែងថា “នេះហើយជាសេចក្តីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង”(ទំនុកដំកើង ១១៩:៥០)។
ជីវិតរបស់យើងមិនអាចដូចមុនទៀតឡើយ ពេលដែលមនុស្សដែលយើងស្រឡាញ់ បានស្លាប់ចោលយើង។ ប៉ុន្តែ ព្រះបន្ទូលសន្យារបស់ព្រះ នាំមកនូវសេចក្តីសង្ឃឹម និងការកម្សាន្តចិត្ត។—DAVE BRANON