នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្ញុំ អ័ឡាន(Alan)ស្វាមីខ្ញុំ បានទិញផ្កាស្រស់ៗមួយបាច់ធំ ឲ្យខ្ញុំ។ កាលនោះគាត់បានបាត់បង់ការងារ ក្នុងអំឡុងពេលដែលក្រុមហ៊ុនរបស់គាត់រៀបចំរចនាសម្ព័ន្ធឡើងវិញ ដូចនេះ ខ្ញុំមិនបានរំពឹងថា គាត់នឹងនៅតែបន្តបង្ហាញចេញនូវភាពស្មោះស្ម័គ្រ យ៉ាងដូចនេះទៀតឡើយ។ ប៉ុន្តែ នៅថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី១៩របស់យើង ផ្កាដែលបានរីកឡើង យ៉ាងស្រស់ស្អាត បានស្វាគមន៍ខ្ញុំ ពីលើទីតាំងរបស់វា នៅលើតុអាហាររបស់យើង។ ដោយសារគាត់បានឲ្យតម្លៃទៅលើការបន្តប្រពៃណីមួយនេះ ដែលយើងបានធ្វើប្រចាំឆ្នាំ នោះគាត់ក៏បានសន្សំលុយខ្លះៗជារៀងរាល់ខែ ដើម្បីឲ្យគាត់អាច មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ពិសេសផ្ទាល់ខ្លួននេះ។
ស្វាមីរបស់ខ្ញុំបានរៀបគម្រោងធ្វើការបង្ហាញចេញ នូវភាពសប្បុរសដ៏ក្លៀវក្លានេះ គឺស្រដៀងទៅនឹងការអ្វីដែលសាវ័កប៉ុលបានលើកទឹកចិត្តឲ្យគេធ្វើ តាមរយៈសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស។ លោកសាវ័កបានសរសើរពួកជំនុំមួយនេះ សម្រាប់ការដាក់ដង្វាយ ដោយអស់ពីចិត្ត និងដោយចិត្តឆេះឆួល(២កូរិនថូស ៩:២,៥) ដោយរំឭកពួកគេថា ព្រះទ្រង់សព្វព្រះទ័យនឹងអ្នកដែលថ្វាយដោយចិត្តសប្បុរស និងអំណរ(ខ.៦-៧)។ សរុបមក គ្មាននរណាម្នាក់ ដែលបានឲ្យ ច្រើនជាងព្រះដ៏ផ្គត់ផ្គង់ ដែលពេញដោយក្តីស្រឡាញ់នៃយើង ដែលតែងតែត្រៀមខ្លួនជានិច្ច ដើម្បីបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់យើង(ខ.៨-១០)។
យើងអាចមានចិត្តសប្បុរស នៅក្នុងការឲ្យ ក្នុងការគ្រប់យ៉ាង ដោយមើលថែរគ្នាទៅវិញទៅមក ព្រោះព្រះអម្ចាស់បំពេញសេចក្តីត្រូវការ ទាំងខាងសម្ភារៈ អារម្មណ៍ និងវិញ្ញាណរបស់យើង(ខ.១១)។ ខណៈពេលដែលយើងធ្វើអំណោយ ឬធ្វើទានដល់អ្នកដទៃ យើងអាចបង្ហាញចេញនូវការដឹងគុណចំពោះព្រះជាម្ចាស់ សម្រាប់អ្វីៗដែលទ្រង់បានប្រទានយើង។ យើងថែមទាំងអាចលើកទឹកចិត្តអ្នកដទៃ ឲ្យសរសើរដំកើងព្រះអម្ចាស់ ហើយឲ្យធ្វើទាន ឬធ្វើអំណោយ ពីអ្វីទាំងអស់ដែលទ្រង់បានប្រទានពួកគេ(ខ.១២-១៣)។
ការឲ្យ ឬការធ្វើទានដោយចិត្តសុទ្ធា គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ និងការដឹងគុណ ព្រមទាំងបង្ហាញចេញនូវទំនុកចិត្ត ដែលយើងមាន ចំពោះការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ សម្រាប់រាស្រ្តរបស់ទ្រង់ទាំងអស់។—XOCHITL DIXON