មាន​បញ្ហា​ខ្លះ បុរស​ជា​ឪពុក​ជា​អ្នក​ចេញ​មុខ​ដោះ​ស្រាយ។ ឧទាហរណ៍ ថ្មី​ៗ​នេះ កូន​ៗ​របស់​ខ្ញុំ​បាន​ឃើញ​ឃ្មុំ​ចូល​ទៅ​ធ្វើសំបុក នៅ​ក្នុង​ប្រឡោះ ក្នុង​រាន​ហាន​ខាង​មុខ​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​យក​ថ្នាំ​បាញ់​ដេញ​សត្វ​ល្អិត​មួយ​កំប៉ុង ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​វា។

ខ្ញុំ​ក៏​ត្រូវ​ឃ្មំ​ទិច​៥​មេ។

ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​សត្វ​ល្អិត​ទិច​ទេ។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់ ជា​ជាង​ឲ្យ​ប្រពន្ធ​កូន​ត្រូវ​សត្វ​ល្អិត​ទិច។ និយាយ​រួម ការ​ថែរក្សា​សុខុមាល​ភាព​របស់​គ្រួសារ​ខ្ញុំ គឺជា​ការងារ​ចម្បង​គេ​របស់​ខ្ញុំ។  កូន​ៗ​របស់​ខ្ញុំ​យល់​អំពី​តម្រូវ​ការ​នេះ ហើយ​ពួក​គេ​ក៏​បាន​រំពឹង​ឲ្យ​ខ្ញុំ​ជួយ​បំពេញ។ ពួក​គេ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ការពារ​ពួក​គេ ឲ្យ​រួច​ពី​ការ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច។

ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក​៧ បាន​បង្រៀន​ថា យើង​ក៏​គួរ​តែ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ(ខ.៧) ដោយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង។ ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ធៀប​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា។ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?”(ខ.៩-១០)។ សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ត្រូវ​ឆ្លើយ​ដូច​ម្តេច ចំពោះ​សំណួរ​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តែ​ម្តង ដើម្បី​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​អស់​ជំនឿ ចំពោះ​សេចក្តីល្អ​ដ៏​សប្បុរស​របស់​ព្រះ​វរបិតា​នៃ​យើង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត”(ខ.១១)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ស្រឡាញ់​កូន​ៗ​របស់​ខ្ញុំ កាន់​តែ​ខ្លំាង​ថែម​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ល្អ​បំផុត​នៅ​ផែន​ដី ក៏​នៅ​តែ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ។—ADAM HOLZ