ខ្ញុំ និងមិត្តភ័ក្តរបស់ខ្ញុំបានជួបជុំគ្នាជារៀងរាល់ខែ ដើម្បីឲ្យគ្នាយើងទទួលខុសត្រូវ ចំពោះគោលដៅរបស់យើងផ្ទាល់ៗខ្លួន។ ម៉ារី(Mary) មិត្តភក្តិរបស់ខ្ញុំ ចង់ផ្លាស់ប្តូរកម្រាលកៅអី នៅក្នុងផ្ទះបាយរបស់នាង មុនពេលឆ្នាំថ្មីមកដល់។ នៅក្នុងការប្រជុំរបស់យើង ក្នុងខែវិច្ឆិការ នាងក៏បានធ្វើការរាយការណ៍ យ៉ាងឆ្លាតវ័យ អំពីការរីកចម្រើនរបស់នាង ចាប់តាំងពីខែធ្នូមក។ នាងប្រាប់យើងថា នាងបានចំណាយពេល១០ខែ និងពីរម៉ោង ដើម្បីផ្លាស់ប្តូរកម្រាលកៅអីរបស់នាង។ នាងបានចំណាយពេលជាច្រើនខែ ទំរាំតែរកបានកម្រាលដែលនាងត្រូវការ ឬរកបានពេលដ៏ស្ងាត់ស្ងៀម នៅឆ្ងាយពីការទាមទានៃការងាររបស់នាង និងតម្រូវការរបស់កូនតូចរបស់នាង ហើយបន្ទាប់ពីនោះ គម្រោងផ្លាស់ប្តូរកម្រាលកៅអីនេះចំណាយពេលធ្វើការតែពីរម៉ោងប៉ុណ្ណោះ ដើម្បីសម្រេចបានជោគជ័យ ដោយការប្តេជ្ញាចិត្ត។
ព្រះអម្ចាស់បានត្រាសហៅលោកនេហេមា ឲ្យបំពេញកិច្ចការ ដែលធំជាងកិច្ចការនេះ គឺនាំមកនូវការជួសជុលទីក្រុងយេរូសាឡិមឡើងវិញ បន្ទាប់ពីកំផែងនៃទីក្រុងនេះ បានខូចអស់រយៈពេល១៥០ឆ្នាំ(នេហេមា ២:៣-៥,១២)។ ខណៈពេលដែលគាត់កំពុងដឹកនាំពួកបណ្តាជន ឲ្យធ្វើកិច្ចការនេះ ពួកគេក៏បានជួបការសើចចម្អក ការវាយប្រហារ ការរំខាន និងការល្បួងឲ្យប្រព្រឹត្តអំពើបាប(៤:៣,៨ ៦:១០-១២)។ ប៉ុន្តែ ព្រះទ្រង់បានបំពាក់សមត្ថភាពពួកគេ ឲ្យឈរយ៉ាងមាំមួន ដោយការប្តេជ្ញាចិត្ត នៅក្នុងការប្រឹងប្រែង សម្រេចកិច្ចការដ៏សំខាន់នេះ ក្នុងរយៈពេលតែ៥២ថ្ងៃ។
ដើម្បីជម្នះឧបស័គ្គទាំងអស់នេះ លោកនេហេមាមិនគ្រាន់តែចាំបាច់ត្រូវមានបំណងចិត្ត ឬគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែ គាត់ថែមទាំងបានទទួលការជម្រុញចិត្ត ដោយដឹងថា ព្រះទ្រង់បានជ្រើសតាំងគាត់ ឲ្យបំពេញកិច្ចការនេះ។ ការដែលគាត់មានគោលបំណងច្បាស់លាស់ គឺបានជម្រុញចិត្តពួកបណ្តាជន ឲ្យដើរតាមការដឹកនាំរបស់គាត់ ទៅបីជាមានការប្រឆាំង ខ្លាំងយ៉ាងណាក៏ដោយ។ ពេលដែលព្រះទ្រង់ប្រគល់កិច្ចការណាមួយឲ្យយើង ទោះនោះជាការជួសជុលទំនាក់ទំនងដែលបាក់បែក ឬចែករំលែកឲ្យអ្នកដទៃបានដឹង អំពីការអ្វីដែលទ្រង់បានធ្វើក្នុងជីវិតយើង នោះទ្រង់ក៏ប្រទានឲ្យយើងមានជំនាញ និងកម្លាំង ដែលចាំបាច់ ដើម្បីបន្តការប្រឹងប្រែងធ្វើការអ្វីដែលទ្រង់ឲ្យយើងធ្វើ ទោះជាមានឧបស័គ្គអ្វីក៏ដោយ។—KIRSTEN HOLMBERG