កាលពីឆ្នាំ ២០១៦ មានគ្រោះថ្នាក់ក្នុងជណ្ដើរយន្ត នៅទីក្រុងញូយ៉ក បានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង៥១នាក់រងរបួស។ ក្រោយមក អាជ្ញាធរទីក្រុងញូយ៉កក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីអប់រំប្រជាជន អំពីរបៀបរក្សាភាពស្ងប់ស្ងាត់ ហើយស្វែងរកសុវត្ថិភាព។ ករណីដែលគ្រោះថ្នាក់បំផុត នៅក្នុងជណ្តើរយន្ត គឺនៅពេលដែលមនុស្សខំព្យាយាមជួយខ្លួនឯង នៅពេលដែលមានបញ្ហាកើតឡើង។ អាជ្ញាធរបានផ្តល់ការណែនាំថា ដំណោះស្រាយល្អបំផុត គឺគ្រាន់តែ “ចុកកណ្ដឹង រួចនៅឲ្យស្ងៀម ហើយរង់ចាំ”។ អាជ្ញាធរទទួលបន្ទុកផ្នែកសំណង់អគារ បានប្ដេជ្ញាថា នឹងធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារប្រជាជន ឲ្យរួចផុតពីការរងរបួស ហើយស្រោចស្រង់ពួកគេ ពីស្ថានភាពគ្រោះថ្នាក់។
នៅក្នុងព្រះគម្ពីរកិច្ចការ សាវ័កពេត្រុសបានអធិប្បាយព្រះបន្ទូល អំពីកំហុសឆ្គងនៃការព្យាយាមជួយសង្រ្គោះខ្លួនឯង។ លោកលូកា ដែលជាអ្នកនិពន្ធកណ្ឌកិច្ចការ បានកត់ត្រាអំពីព្រឹតិ្តការណ៍ដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលក្នុងនោះ ពួកអ្នកជឿ ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងនិយាយជាភាសា ដែលពួកគេមិនចេះនិយាយ(កិច្ចការ ២:១-១២)។ នៅពេលនោះ សាវ័កពេត្រុសក៏ក្រោកឡើង ហើយពន្យល់ដល់ពួកបងប្អូនសាសន៍យូដាថា អ្វីដែលពួកគេកំពុងតែឃើញនេះ គឺបានសម្រេចបទទំនាយ ដែលមានតាំងពីសម័យបុរាណមក (យ៉ូអែល ២:២៨-៣២) ដែលនិយាយអំពីការចាក់បង្ហូរព្រះវិញ្ញាណ និងថ្ងៃនៃសេចក្តីសង្រ្គោះ។ នៅថ្ងៃនោះ មនុស្សអាចមើលឃើញ គេទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធ គឺបានឃើញនៅក្នុងអ្នកដែលបានទទួលជឿព្រះនាមព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះ រួចពីអំពើបាប ព្រមទាំងរួចពីលទ្ធផលនៃអំពើបាប។ បន្ទាប់មក សាវ័កពេត្រុសក៏បានប្រាប់ពួកគេថា សេចក្តីសង្រ្គោះនោះ គឺមានសម្រាប់មនុស្សគ្រប់គ្នា(ខ.២១)។ យើងមិនអាចចូលទៅរកព្រះជាម្ចាស់ តាមរយៈការកាន់តាមក្រឹត្យវិន័យនោះទេ តែត្រូវចូលទៅរកទ្រង់តាមរយៈការទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ។
ប្រសិនបើយើងជាប់នៅក្នុងអំពើបាប នោះយើងមិនអាចជួយខ្លួនឯងបានទេ។ ដើម្បីឲ្យបានសង្រ្គោះ យើងមានសេចក្តីសង្ឃឹមតែមួយគត់ គឺត្រូវទទួលជឿព្រះយេស៊ូវ ដ៏ជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះ។—Marvin Williams