វិចិត្រករឈ្មោះ ហ្គែតស៍(Goetze) បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ចក្រភពអង់គ្លេស នៅសម័យក្សត្រីវិចតូរីយ៉ា ដោយសារផ្ទាំងគំនូរមួយផ្ទាំង ដែលមានចំណងជើងថា “ត្រូវមនុស្សស្អប់ខ្ពើម និងបដិសេធន៍”។ ក្នុងរូបគំនូរនេះ គាត់បានបង្ហាញអំពីព្រះយេស៊ូវ ដែលកំពុងទុក្ខវេទនា និងត្រូវគេកាត់ទោស នៅជុំវិញមនុស្ស ដែលកំពុងរស់នៅក្នុងជំនាន់របស់លោកហ្គែតស៍។ ពួកគេមានការងប់ងល់ នឹងចំណង់ចំណូលចិត្តរបស់ពួកគេ ដែលមានដូចជា មុខជំនួញ ស្នេហា និងនយោបាយជាដើម បានជាពួកគេមិនខ្វល់អំពីការលះបង់របស់ព្រះអង្គសង្រ្គោះឡើយ។ ហ្វូងមនុស្សដែលនៅជុំវិញព្រះយេស៊ូវ ក្នុងផ្ទាំងគំនូរនោះ មិនយកចិត្តទុកដាក់ចំពោះទ្រង់ទេ គឺមិនខុសពីហ្វូងមនុស្សនៅសតវត្សរ៍ទីមួយ ដែលមកជុំគ្នានៅជុំវិញឈើឆ្កាងព្រះយេស៊ូវ ដោយមិនដឹងថា ខ្លួនកំពុងមើលរំលងរឿងដ៏សំខាន់ ឬមើលរំលងព្រះមួយអង្គ ដែលកំពុងសុគតដើម្បីពួកគេ។
នៅសម័យបច្ចុប្បន្ន ក៏មានរឿងអញ្ចឹងដែរ។ អ្នកជឿព្រះ ក៏ដូចជាអ្នកមិនជឿ សុទ្ធតែអាចមានអ្វីមករំខាន មិនឲ្យគិតអំពីភាពអស់កល្បជានិច្ច។ តើធ្វើដូចម្តេច ឲ្យអ្នកដើរតាមព្រះយេស៊ូវ អាចចេញពីអព្ធនៃការរំខាននេះ ដោយសេចក្តីពិត នៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ? គឺយើងអាចចេញពីការរំខាននោះ ដោយស្រឡាញ់គ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនរួមជំនឿរបស់ព្រះ។ ព្រះយេស៊ូវមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(យ៉ូហាន ១៣:៣៥)។
ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ពិត មិនមែនមានតែប៉ុណ្ណេះទេ។ យើងត្រូវចែករំលែកក្តីស្រឡាញ់នោះ ដល់អ្នកដទៃផងដែរ ដោយផ្សាយដំណឹងល្អ ដើម្បីនាំអ្នកដទៃឲ្យមករកព្រះអង្គសង្រ្គោះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។
កាលណាយើងធ្វើដូចនេះ រូបកាយរបស់ព្រះគ្រីស្ទ អាចឆ្លុះបញ្ចាំង និងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ ដល់គ្នាទៅវិញទៅមក និងដល់លោកិយ ដែលកំពុងស្រេកឃ្លានសេចក្តីស្រឡាញ់នោះ។ ចូរយើងពឹងផ្អែកអំណាចនៃព្រះវិញ្ញាណ ដើម្បីខិតខំជម្នះការរំខាន ដែលរារាំងមិនឲ្យយើងមើលឃើញការអស្ចារ្យនៃសេចក្តីស្រឡាញ់របស់ព្រះ ក្នុងអង្គព្រះយេស៊ូវ។ —BILL CROWDER