ខ្ញុំ និងបងប្រុសរបស់ខ្ញុំ បានចម្រើនវ័យធំឡើង នៅក្នុងតំបន់ជើងភ្នំ ដែលមានមានព្រៃដុះច្រើន ក្នុងរដ្ឋវើជីនាខាងលិច ដែលបានផ្តល់ឲ្យនូវទេសភាពដ៏សម្បូរបែប សម្រាប់ឲ្យយើងធ្វើអ្វី តាមការស្រមើស្រមៃរបស់យើង។ កាលនៅក្មេង យើងបានធ្វើតាមសាច់រឿង ដែលយើងឃើញមានក្នុងរឿងដែលយើងបានអាន និងក្នុងខ្សែភាពយន្តដែលយើងបានទស្សនា ដោយតោងវល្លិធំៗ យោលខ្លួនចុះឡើង ដូចតួអង្គតាហ្សង់ ឬសង់ផ្ទះនៅលើដើមឈើ ដូចក្រុមគ្រួសាររ៉ូប៊ីនសិន ដែលជាជនជាតិស្វីសជាដើម។ ការសាងសង់បន្ទាយទ័ព ក៏ជាអ្វីដែលយើងចូលចិត្តលេងជាងគេផងដែរ ដោយយើងបានកុហក់ខ្លួនឯងថា យើងមានសុវត្ថិភាព រួចពីការវាយប្រហារផ្សេងៗ។ ជាច្រើនឆ្នាំក្រោយមក កូនៗរបស់ខ្ញុំក៏បាននាំគ្នាលេងសង់បន្ទាយទ័ព ដោយប្រើភួយ កម្រាលពួក និងខ្នើយកើយ ដើម្បីសាងសង់ “កន្លែងដ៏មានសុវត្ថិភាព” ផ្ទាល់ខ្លួន ប្រឆាំងនឹងសត្រូវក្នុងការស្រមៃរបស់ពួកគេ។ យើងហាក់ដូចជាមានសុភាវគិត ដែលចង់បានកន្លែងលាក់ខ្លួន ដែលយើងអាចមានអារម្មណ៍ថា មានសុវត្ថិភាព និងសុខសាន្ត។
ពេលដែលស្តេចដាវីឌ ដែលជាអ្នកចម្រៀង និងកវីកំណាព្យនៃជនជាតិអ៊ីស្រាអែល ស្វែងរកកន្លែងដែលមានសុវត្ថិភាព ទ្រង់បានស្វែងរកកន្លែងជ្រកកោននោះ នៅក្នុងព្រះជាម្ចាស់ គឺមិនបានទៅរកនៅកន្លែងផ្សេងឡើយ។ គឺដូចដែលមានចែងនៅក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១-២ ថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ”។ ពេលដែលអ្នកពិចារណា អំពីសេចក្តីដែលបានចែងក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីដំណើរជីវិតរបស់ស្តេចដាវីឌ និងការគំរាមកំហែង ដែលទ្រង់បានជួប ស្ទើរតែជាប្រចាំ បទគម្ពីរទំនុកដំកើងនេះ បានបង្ហាញថា ទ្រង់មានការទុកចិត្ត ចំពោះព្រះជាម្ចាស់ ក្នុងកំរិតដ៏អស្ចារ្យ។ ទោះទ្រង់បានជួបការគំរាមកំហែងយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែជឿជាក់ថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចប្រទាននូវសុវត្ថិភាពដ៏ពិត។
យើងក៏អាចមានទំនុកចិត្ត ចំពោះព្រះជាម្ចាស់ ដូចស្តេចដាវីឌផងដែរ។ ព្រះដែលបានសន្យាថា នឹងមិនដែលចាកចេញពីយើង ឬបោះបង់យើងចោល(ហេព្រើរ ១៣:៥) គឺជាព្រះដែលយើងអាចទុកចិត្តថា ទ្រង់នឹងថែរក្សាជីវិតយើង ជារៀងរាល់ថ្ងៃ។ ទោះយើងកំពុងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ក៏ដោយ ក៏ព្រះនៃយើងប្រទានយើង នូវសន្តិភាព និងការធានា សម្រាប់ពេលបច្ចុប្បន ក៏ដូចជាពេលអនាគត។ ព្រះអង្គជាកន្លែងជ្រកកោន ដ៏មានសុវត្ថិភាពសម្រាប់យើង។ —BILL CROWDER