មាន​ពេល​មួយ ខ្ញុំ​មាន​ភាព​ឯកោ​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ក្នុង​ខ្ទម​របស់​ជីតា​ខ្ញុំ នៅ​ក្បែរ​ក្រុង​សាកូហ្គូ នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ហ្កាណា។ កាល​នោះ ខ្ញុំ​មាន​អាយុ​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​ខ្ញុំ កំពុង​តែ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ ចម្ងាយ​រាប់​ពាន​គីឡូ​ម៉ែត្រ។ កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​តែង​តែ​នៅ​ជា​មួយ​ពួក​គេ និង​នៅ​ជា​មួយ​មិត្ត​ភក្តិ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ធ្វើ​ឲ្យ​ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល តែង​តែ​មាន​ភាព​ធំ​ដុំ និង​សប្បាយ​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ បុណ្យ​ណូអែល នៅ​ឆ្នាំ​នោះ​មាន​ភាព​ស្ងាត់​ស្ងៀម និង​ឯកោ​ណាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​គេង​លើ​កន្ទេល ដែល​បាន​ក្រាល​ពី​លើ​កម្រាល​ឥដ្ឋ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​ចម្រៀង​ប្រចាំ​តំបន់​មួយ​បទ ដែល​គេ​ច្រៀង​ថា “ឆ្នាំ​ចាស់​បាន​ចប់​ហើយ បុណ្យ​ណូអែល​បាន​មក​ដល់ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ចាប់​កំណើត​ហើយ។ សូម​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ បាន​កើត​មាន ដល់​មនុស្ស​គ្រប់​គ្នា”។ ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ចម្រៀង​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​ទួញ​យំ។

ជី​ដូន​របស់​ខ្ញុំ​ក៏​បាន​ចូល​មក ហើយ​សួរ​ខ្ញុំ​ថា “តើ​ចៅ​កំពុង​ច្រៀង​បទ​អី​ហ្នឹង?” កាល​នោះ តា​យាយ​របស់​ខ្ញុំ មិន​ដឹង​ថា បុណ្យ​ណូអែល​ជា​បុណ្យ​អ្វី​ទេ ហើយ​ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ទ​ដែរ។ ដូច​នេះ​ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ប្រាប់​ពួក​គាត់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង អំពី​បុណ្យ​ណូអែល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជម្នះ​ភាព​ឯកោ​របស់​ខ្ញុំ។

កាល​ស្តេច​ដាវីឌ នៅ​ក្មេង​ ទ្រង់​ធ្លាប់​នៅ​យាម​សត្វ​ចៀម​តែ​ម្នាក់​ឯក ហើយ​ជួន​កាល​មាន​សត្វ​សាហាវ​មក​រំខាន។ ពេល​នោះ ក្មេង​គង្វាល​ចៀម​ម្នាក់​នេះ ក៏​បាន​ជួប​ភាព​ឯកោ​ផង​ដែរ។ ទ្រង់​មាន​ភាព​ឯកោ មិន​មែន​តែ​នៅ​ពេល​នោះ​ប៉ុណ្ណោះ​ទេ។ នៅ​ពេល​ក្រោយ​មក​ទៀត ទ្រង់​បាន​សរសេរ​ថា  “​ទូល​បង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្តី​វេទនា”(ទំនុកដំកើង ២៥:១៦)។ ប៉ុន្តែ ស្តេច​ដាវីឌ​មិន​បាន​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ពិបាក​ចិត្ត ដោយ​សារ​ភាព​ឯកោ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ច្រៀង​ថា ទ្រង់​មាន​សេចក្តី​សង្ឃឹម ក្នុង​ព្រះ​ជា​ម្ចាស់(ខ.២១)។

ពី​ពេល​មួយ ទៅ​ពេល​មួយ យើង​រាល់​គ្នា​សុទ្ធ​តែ​ជួប​ភាព​ឯកោ។ ទោះ​អ្នក​មាន​អារម្មណ៍​ថា ឯកោ ឬ​មាន​អ្នក​ដទៃ​នៅ​ក្បែរ​ក្តី​  អ្នក​អាច​អរ​សប្បាយ​នឹង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​មួយ​ព្រះ​គ្រីស្ទ។—LAWRENCE DARMANI