បន្ទាប់ពីខ្ញុំបានយកអំពូលភ្លើងជាច្រើនខ្សែ មកព័ទ្ធជុំវិញដើមណូអែល ខ្ញុំក៏បានយកបូពណ៌ផ្កាឈូក និងពណ៌ខៀវ មកចងនឹងមែកវា ហើយដាក់ឈ្មោះឲ្យដើមនោះថា ដើមណូអែល “នៃក្តីសង្ឃឹម ចំពោះព្រះរាជបុត្រតូច”។ ខ្ញុំ និងស្វាមីខ្ញុំបានរង់ចំាទទួលកូនចិញ្ចឹមម្នាក់ ជាងបួនឆ្នាំមកហើយ។ ពិតណាស់ យើងរំពឹងថា ព្រះទ្រង់នឹងប្រទានពរយើង នៅថ្ងៃណូអែល!
រៀងរាល់ពេលព្រឹក ខ្ញុំបានមកអធិស្ឋាន នៅក្បែរដើមណូអែលនោះ ដោយរំឭកខ្លួនឯង អំពីសេចក្តីសប្បុររបស់ព្រះអម្ចាស់។ នៅថ្ងៃទី២១ ធ្នូ យើងក៏បានទទួលដំណឹងថា យើងនឹងមិនបានទទួលកូនចិញ្ចឹមនៅថ្ងៃណូអែលឆ្នាំនោះទេ។ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏បានដើរទៅឈប់នៅពីមុខដើមណូអែលនោះ ដែលជានិមិត្តរូបនៃការផ្គត់ផ្គង់របស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់នៅតែស្មោះត្រង់ឬទេ? តើខ្ញុំបានធ្វើអ្វីខុសឬ?
នៅពេលខ្លះ ព្រះជាម្ចាស់មិនទាន់ឆ្លើយតបចំពោះការទូលសូមរបស់យើង ព្រោះទ្រង់សព្វព្រះទ័យនឹងបង្រៀន ឬលត់ដំយើង ដោយសេចក្តីស្រឡាញ់។ នៅពេលខ្លះទៀត ព្រះទ្រង់ពន្យាពេលការឆ្លើយតបរបស់ទ្រង់ ដើម្បីជួយឲ្យយើងមានការទុកចិត្តជាថ្មី ចំពោះទ្រង់។ ក្នុងបទគម្ពីរបរិទេវ ហោរាយេរេមាបានពិពណ៌នា អំពីការដែលព្រះទ្រង់កែតម្រង់ប្រជាជនអ៊ីស្រាអែល។ ការនោះពិតជាធ្វើឲ្យគាត់ឈឺចាប់ណាស់ បានជាគាត់ពោលថា “ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ”(៣:១៣)។ ក្នុងពេលដ៏ពិបាកនោះ លោកយេរេមា ក៏បានបង្ហាញចេញនូវការទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់។ គឺដូចដែលគាត់ថ្លែងថា “សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់(ខ.២២-២៣)។
ខ្ញុំក៏បានទុកឲ្យដើមណូអែលនៅបន្តឈរនៅទីនោះទៀត បន្ទាប់ពីថ្ងៃណូអែលបានកន្លងផុតទៅ ហើយខ្ញុំក៏បានបន្តអធិស្ឋាននៅពេលព្រឹកដូចរាល់ដង។ ទីបំផុត នៅចុងសប្តាហ៍នៃថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ យើងក៏បានទទួលចិញ្ចឹមកូនស្រីម្នាក់ មកក្នុងគ្រួសារយើង។ ព្រះទ្រង់តែងតែស្មោះត្រង់ជានិច្ច ទោះទ្រង់មិនបានឆ្លើយតបភ្លាមៗ តាមពេលវេលា ឬបំណងចិត្តដែលយើងចង់បានក៏ដោយ។
សព្វថ្ងៃនេះ កូនចិញ្ចឹមរបស់ខ្ញុំបានចូលដល់វ័យ៣០ហើយ ប៉ុន្តែ រៀងរាល់ឆ្នាំ ខ្ញុំបានដាក់តាំងដើមណូអែលដែលតូចជាងមុន តាមលំនាំដើមណូអែលឆ្នាំនោះ ដើម្បីរំឭកខ្លួនឯង និងអ្នកដទៃទៀត ឲ្យមានសង្ឃឹម ចំពោះសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់។—ELISA MORGAN