ក្នុងអំឡុងឆ្នាំ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) កំពុងបង្រៀននៅមហាវិទ្យាល័យបណ្តុះបណ្តាលព្រះគម្ពីរ នៅទីក្រុងឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់ច្រើនតែធ្វើឲ្យសិស្សទំាងឡាយមានការភ្ញាក់ផ្អើល ដោយសារការអ្វីដែលគាត់បាននិយាយ ក្នុងម៉ោងរៀន។ មានយុវនារីម្នាក់បានពន្យល់ថា ដោយសារការពិភាក្សាត្រូវបានបំរុងទុកសម្រាប់ម៉ោងញាំអាហារបន្ទាប់ នោះជាញឹកញាប់ សិស្សបានចោទសួរ និងបញ្ចេញមតិបដិសេធន៍ជាច្រើន ដល់លោកឆេមប័រ។ គាត់ក៏បានរំឭកផងដែរថា ជាញឹកញាប់ លោកឆេមប័រគ្រាន់តែញញឹម និងនិយាយថា “សូមទុកសំណួរនេះ សម្រាប់ពេលក្រោយ”។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យជញ្ជឹងគិត អំពីសំណួរទាំងនោះដោយខ្លួនឯង ដោយអនុញ្ញាតឲ្យព្រះជាម្ចាស់បើកបង្ហាញសេចក្តីពិតរបស់ទ្រង់ ដល់ពួកគេ។
ការជញ្ជឹង ឬរំពឹងគិតអំពីរឿងអ្វីមួយ គឺជាការផ្តោត និងគិតស៊ីជម្រៅ អំពីរឿងនោះ។ មុនពេលព្រះយេស៊ូវប្រសូត្រ នៅបេថ្លេហិម មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សំគាល់មួយចំនួនបានកើតឡើង ដែលក្នុងនោះពួកទេវតាក៏បានលេចមក ឲ្យពួកអ្នកគង្វាល ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក។ តែនាងម៉ារាបាន “រក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”(លូកា ២:១៩)។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែលជាអ្នកជំនាញព្រះគម្ពីរសញ្ញាថ្មី បានមានប្រសាសន៍ថា “ការរំពឹងគិត” គឺជា “ការប្រមូលអារម្មណ៍ ការគិតបែបពិភាក្សាក្នុងចិត្ត ឬការយករឿងមួយមកគិត ជាមួយនឹងរឿងមួយទៀត ដែលពាក់ព័ន នៅក្នុងកាលៈទេសៈណាមួយ” (Expository Dictionary of New Testament Words)។
ពេលដែលយើងមានការពិបាក នៅក្នុងការស្វែងយល់អំពីរឿងដែលកំពុងកើតឡើងក្នុងជីវិត យើងអាចយកគំរូតាមនាងម៉ារា ដែលបានបង្រៀនយើង អំពីអត្ថន័យនៃការស្វែងរកបំណងព្រះទ័យ និងប្រាជ្ញារបស់ព្រះជាម្ចាស់។
ពេលដែលយើងយកគំរូតាមនាងម៉ារា ដោយអនុញ្ញាតឲ្យព្រះជាម្ចាស់ដឹកនាំជីវិតយើង នោះយើងនឹងមានការថ្មីៗជាច្រើន សម្រាប់ជញ្ជឹងគិត ក្នុងចិត្តយើង តាមរយៈការដឹកនាំប្រកបដោយសេចក្តីស្រឡាញ់របស់ទ្រង់។ —DAVID C. MCCASLAND