ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ ចំពោះ​កន្លែង​ដែល​គេ​យក​រថយន្ត​ចាស់​ៗ​ទៅ​គរ​ចោល។ ខ្ញុំ​ចិត្ត​ធ្វើ​ការ​ជួស​ជុល​រថយន្ត ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​កន្លែង​ប្រភេទ​នោះ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ។ វា​ជា​កន្លែង​ដ៏​ឯកោ ដែល​មាន​សម្លេង​ខ្យល់​ថ្ងួច​ថ្ងូរ​កាត់​តាម​ចន្លោះ​ដែក​អេតចាយ​ដែល​គេ​បោះ​បង់​ចោល ដែល​ពី​មុន ពួក​វា​ជា​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​នរណា​ម្នាក់។ ឡាន​ខ្លះ​បាន​ខូច​ទ្រង់​ទ្រាយ​អស់ ខ្លះ​បាក់​បែក ហើយ​ចាស់ ហើយ​ខ្លះ​ទៀត​ក៏​លែង​មាន​ប្រយោជន៍​អ្វី​តទៅ​ទៀត។  ពេល​ខ្ញុំ​កំពុង​តែ​ដើរ នៅ​ចន្លោះ​ឡាន​ទាំង​នោះ ដែល​គេ​បាន​តម្រៀប​ជា​ជួរ ជួន​កាល មាន​ឡាន​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ឡាន​នោះ​បាន​ឆ្លង​កាត់​ដំណើរ​ផ្សង​ព្រេង​អ្វី​ខ្លះ​ ក្នុង​មួយ​ជីវិត​របស់​វា។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​ សម្រាប់​ចែក​ចាយ ដូច​ជា​កញ្ចក់​ដែល​ឆ្លុះ​មើល​អតីត​កាល ដោយ​យើង​ម្នាក់​ៗ​កាល​ពី​មុន សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដែល​ទាន់​សម័យ  តែក្រោយ​មក ក៏​បាន​ហួស​សម័យ ដោយ​ជៀស​មិន​រួច​ពី​ដំណើរ​នៃ​ពេល​វេលា។

ប៉ុន្តែ ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ជា​ពិសេស នៅ​ក្នុង​ការ​យក​របស់​ចាស់​ៗ ទៅ​កែ​ឆ្នៃ​ឲ្យ​មាន​ជីវិត​ថ្មី​ឡើង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំហាក់​ដូច​ជា​បាន​យក​ជ័យ​ជម្នះ​ដ៏​តូច​មួយ មក​លើ​ពេល​វេលា និង​ភាព​អន់​ថយ  ពេល​ណា​ខ្ញុំ​អាច​យក​គ្រឿង​បន្លាស់​ចាស់​ៗ​ដែលគេ​បោះ​ចោល ហើយ​ធ្វើ​ឲ្យ​វា​មាន​ជីវិត​ថ្មី​ឡើង ឬ​មាន​ប្រយោជន៍ នៅ​ក្នុង​ការ​ជួស​ជុល​រថយន្ត​ណា​មួយ ឲ្យ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។

ជួន​កាល រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​ថា ព្រះ​អង្គកំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ថ្មី​ឡើង (វិវរណៈ ២១:៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ និយាយ​សំដៅ​ទៅ​លើ​ការ​ដែល​ព្រះជា​ម្ចាស់​ស្តា​ឡើង​វិញ នូវ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​រាប់​បញ្ចូល​ទាំង​អ្នក​ជឿ​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ថ្មី​ឡើង។ ជា​ការ​ពិត​ណាស់ អស់​អ្នក​ដែល​ទទួល​ជឿ ឬ​នៅ​ក្នុង​ព្រះ​យេស៊ូវ គឺ​ឈ្មោះ​ថា “បាន​កើត​ជា​ថ្មី​ហើយ”(២កូរិនថូស ៥:១៧)។

ហើយ​ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច​ជា​មួយ​ទ្រង់ ដូច​ដែល​ទ្រង់​បាន​សន្យា​(យ៉ូហាន ១៤:៣)។  ពេល​នោះ អាយុ និង​ជម្ងឺ​នឹង​មិន​មាន​អំណាច​អ្វី​មក​លើ​យើង​ទៀត​ឡើយ ហើយ​យើង​នឹង​បន្ត​ការ​ធ្វើ​ដំណើរ ក្នុង​ជីវិត​ដ៏​អស់​កល្ប។

យើង​ម្នាក់​ៗ​មាន​រឿង​មួយ ដែល​ត្រូវ​ថ្លែង​ប្រាប់​អ្នក​ដទៃ គឺ​រឿង​ស្តី​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សង្រ្គោះ ដែល​បាន​ប្រោស​លោះ និង​ស្តី​អំពី​សេចក្តី​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់​។—JAMES BANKS