ស្តេចសេសារ-អូគូស្ទ ត្រូវបានគេនឹកចាំថា ជាអធិរាជ្យទីមួយ និងអស្ចារ្យបំផុតរបស់ចក្រភពរ៉ូម៉ាំង។ ទ្រង់បានប្រើជំនាញនយោបាយ និងអំណាចទាហាន ដើម្បីកំចាត់សត្រូវរបស់ទ្រង់ និងពង្រីកចក្រភពរបស់ទ្រង់ ហើយកែប្រែទីក្រុងរ៉ូម ពីតំបន់រស់នៅរាយប៉ាយ ឲ្យក្លាយជាទីក្រុងដ៏ស៊ីវីល័យ ដែលមានរូបចម្លាក់ និងព្រះវិហារសាសនា ធ្វើពីថ្មម៉ាប។ ពលរដ្ឋនៃចក្រភពរ៉ូម ដែលស្រឡាញ់អធិរាជ្យអូគូស្ទ បានហៅទ្រង់ថា បិតាជាតិដែលមកពីស្ថានសួគ៌ និងអ្នកជួយសង្រ្គោះមនុស្សជាតិ។ នៅពេលដែលរាជ្យ៤០ឆ្នាំរបស់ទ្រង់ បានឈានដល់ទីបញ្ចប់ ទ្រង់បានមានបន្ទូលចុងក្រោយជាផ្លូវការ “ខ្ញុំបានកសាងទីក្រុងរ៉ូម ចាប់តាំងពីពេលដែលទីក្រុងនេះគ្រាន់តែជាទីក្រុងធ្វើពីឥដ្ឋ ប៉ុន្តែ ខ្ញុំបានធ្វើឲ្យវាប្រែក្លាយជាទីក្រុងធ្វើពីថ្មម៉ាប មុនពេលខ្ញុំចាកចេញទៅ”។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមមហេសីរបស់ទ្រង់ តាមពិត បន្ទូលចុងក្រោយរបស់ទ្រង់គឺ “តើខ្ញុំបានរួមចំណែក នៅក្នុងផ្នែករបស់ខ្ញុំបានល្អឬទេ? បន្ទាប់មក គេបានទះដៃអបអរខ្ញុំហើយ ខណៈពេលដែលខ្ញុំចាកចេញទៅ”។
អ្វីដែលស្តេចអូគូស្ទមិនបានជ្រាបនោះគឺ ទ្រង់បានបំពេញនូវតួនាទីបន្ទាប់បន្សំដ៏សំខាន់ ក្នុងរឿងមួយ ដែលធំប្រសើរជាងរឿងរបស់ទ្រង់។ ក្នុងស្រមោលនៃរាជ្យរបស់ទ្រង់ ព្រះរាជបុត្រានៃព្រះបានយាងមកប្រសូត្រ ជាកូនប្រុសរបស់ជាងឈើ ដើម្បីបើកបង្ហាញនូវអ្វីដែលល្អអស្ចារ្យជាងជ័យជម្នះកងទ័ព ព្រះវិហារ ទីលានប្រកួត ឬរាជវាំងរបស់ចក្រភពរ៉ូម៉ាំងទៅទៀត(លូកា ២:១)។
ព្រះរាជបុត្រានៃព្រះ មានព្រះនាមថា យេស៊ូវ។ នៅពេលយប់ ដែលជនរួមជាតិទ្រង់ទាមទាឲ្យពួករ៉ូម៉ាំងយកទ្រង់ទៅឆ្កាងសម្លាប់ ទ្រង់បានអធិស្ឋានសូមព្រះវរបិតាដំកើងទ្រង់ ជាមួយនឹងព្រះវរបិតា ដោយសិរីល្អដែលទ្រង់មានជាមួយនឹងព្រះវរបិតាទ្រង់។ តើមាននរណាខ្លះយល់អំពីសិរីល្អ ដែលទ្រង់បានអធិស្ឋានសូមនៅយប់នោះ?(យ៉ូហាន ១៧:៤-៥)។ មុនពេលគេយកទ្រង់ទៅឆ្កាង តើមាននរណាខ្លះ បានដឹងអំពីភាពអស្ចារ្យនៃការលះបង់របស់ទ្រង់ ដែលគេនឹងទះដៃអបអរ នៅស្ថានសួគ៌ ក៏ដូចជានៅផែនដី?
នេះជារឿងដ៏អស្ចារ្យណាស់។ ពីដំបូង ព្រះនៃយើងបានឃើញយើង ដេញតាមក្តីស្រមៃដ៏ល្ងង់ខ្លៅ ហើយក៏ឈ្លោះប្រកែកក្នុងចំណោមគ្នាឯង តែទ្រង់បានកែប្រែជីវិតយើង បានជាយើងនាំគ្នាច្រៀងសរសើរ អំពីឈើឆ្កាងដ៏គួរស្បើមរបស់ទ្រង់។—MART DEHAAN