កាលនៅពីតូច លោកវីលៀម ខារេយ(William Carey) គឺជាក្មេងប្រុសដែលមានសុខភាពខ្សោយ។ គាត់បានកើតក្នុងគ្រួសារតូចទៀបមួយ ក្បែរទីក្រុងនតថាមតុន ចក្រភពអង់គ្លេស។ មើលទៅគាត់ មិនទំនងជាមានអនាគតភ្លឺស្វាងឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់។ គាត់បានធ្វើនូវរឿងដែលមិនគួរឲ្យនឹកស្មាន ដោយផ្លាស់ទៅរស់នៅក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ គាត់បាននាំមកនូវកំណែរទម្រង់សង្គមដែលមិនគួរឲ្យជឿ ហើយបានបកប្រែព្រះគម្ពីរទៅជាភាសាជាច្រើន ក្នុងប្រទេសឥណ្ឌា។ គាត់បានស្រឡាញ់រាស្រ្តរបស់ព្រះជាម្ចាស់ ហើយបានសម្រេចនូវកិច្ចការជាច្រើនថ្វាយទ្រង់។
ដាវីឌ ជាយុវជនវ័យវ័យក្មេង ដែល ជាកូនពៅគេ ក្នុងគ្រួសាររបស់លោកអ៊ីសាយ។ គាត់មានរូបរាងដែលហាក់ដូចជាមិនសក្តិសមនឹងធ្វើជាអ្នកគង្វាលចៀម នៅតំបន់ភ្នំនៃភូមិបេថ្លេហិមនោះទេ(១សំាយ៉ូអែល ១៦:១១-១២)។ តែព្រះជាម្ចាស់បានទតមើលចិត្តរបស់គាត់ ហើយមានផែនការសម្រាប់គាត់។ ព្រះជាម្ចាស់បានបដិសេធស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ស្តេចអង្គនេះ។ ខណៈពេលដែលហោរាសាំយ៉ូអែលមានការសោកស្តាយ ចំពោះទង្វើររបស់ស្តេចសូល ព្រះជាម្ចាស់ក៏បានត្រាសហៅគាត់ ឲ្យចាក់ប្រេងតាំងមនុស្សម្នាក់ទៀត ឲ្យឡើងធ្វើស្តេច ពីក្នុងចំណោមកូនប្រុសរបស់លោកអ៊ីសាយ។
ពេលដែលលោកសាំយ៉ូអែលបានឃើញអេលាប ដែលមានរូបរាងខ្ពស់សង្ហា គាត់គិតថា “នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ”(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តដែលព្រះជាម្ចាស់ប្រើ នៅក្នុងការជ្រើសតាំងស្តេច គឺខុសពីយុទ្ធសាស្រ្តរបស់លោកសាំយ៉ូអែល។ តាមពិត ព្រះមានបន្ទូលបដិសេធ ចំពោះកូនប្រុសទាំងអស់របស់លោកអ៊ីសាយ លើកលែងតែកូនពៅរបស់គាត់ប៉ុណ្ណោះ។ មើលពីដំបូង ការជ្រើសរើសដាវីឌឲ្យឡើងធ្វើស្តេច ហាក់ដូចជាមិនមែនជាយុទ្ធសាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកគង្វាលក៏ក្មេងវ័យម្នាក់ អាចមានប្រយោជន៍អ្វី សម្រាប់សហគមន៍របស់គាត់ ចុះទំរាំតែសម្រាប់ប្រទេសជាតិគាត់ទំាងមូលទៀតនោះ?
តែព្រះអម្ចាស់ស្គាល់ចិត្តរបស់គាត់ ហើយក៏មានផែនការសម្រាប់គាត់ផងដែរ។
ដូចនេះ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលព្រះអម្ចាស់ស្គាល់ចិត្តយើង ហើយមានផែនការសម្រាប់យើង។—ESTERA PIROSCA ESCOBAR