កាលពីឆ្នាំទៅ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំបានអធិស្ឋាន សូមការប្រោសឲ្យជា សម្រាប់ស្រ្តីបីនាក់ ដែលកំពុងតែតយុទ្ធនឹងជម្ងឺមហារីក។ យើងដឹងថា ព្រះទ្រង់មានអំណាចប្រោសពួកគេឲ្យជា ហើយយើងក៏បានទូលសូមឲ្យទ្រង់ប្រោសពួកគេឲ្យជា ជារៀងរាល់ថ្ងៃ។ យើងបានឃើញទ្រង់ប្រោសគេឲ្យជា ដោយការអស្ចារ្យ កាលពីមុន ហើយយើងជឿថា ទ្រង់អាចធ្វើការប្រោសឲ្យជានៅលើកក្រោយៗទៀត។ ក្នុងអំឡុងពេលដែលពួកគេម្នាក់ៗកំពុងតយុទ្ធនឹងជម្ងឺរនោះ នៅថ្ងៃខ្លះ យើងបានឃើញការប្រោសឲ្យជា ហាក់ដូចជាបានកើតឡើងមែន បានជាយើងមានការអរសប្បាយ។ ប៉ុន្តែ ពេលរដូវស្លឹកឈើជ្រុះមកដល់ ពួកគេទាំងបីបានលាចាកលោក។
អ្នកខ្លះនិយាយថា ការលាចាកលោករបស់ពួកគេ គឺជា “ការប្រោសឲ្យជា ដ៏ប្រសើរបំផុត”។ ប៉ុន្តែ ការបាត់បង់នេះ នៅតែធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំង។ យើងចង់ឲ្យព្រះអង្គប្រោសពួកគេទាំងបីឲ្យជា នៅពេលនោះ ប៉ុន្តែ យើងមិនយល់ទេថា ហេតុអ្វីទ្រង់មិនបានធ្វើការអស្ចារ្យ ឲ្យពួកគេជាពីជម្ងឺនោះ។
មនុស្សមួយចំនួនបានដើរតាមព្រះយេស៊ូវ ដោយសារការអស្ចារ្យដែលទ្រង់បានធ្វើ និងដើម្បីបំពេញតម្រូវការរបស់ពួកគេ(យ៉ូហាន ៦:២,២៦)។ អ្នកខ្លះគ្រាន់តែបានគិតថា ទ្រង់ជាកូនប្រុសរបស់ជាងឈើប៉ុណ្ណោះ(ម៉ាថាយ ១៣:៥៥-៥៨) ហើយអ្នកដទៃទៀតរំពឹងថា ទ្រង់នឹងធ្វើជាអ្នកដឹកនាំនយោបាយរបស់ពួកគេ(លូកា ១៩:៣៧-៣៨)។ អ្នកខ្លះគិតថា ទ្រង់ជាគ្រូបង្រៀនដ៏អស្ចារ្យ(ម៉ាថាយ ៧:២៨-២៩) ខណៈពេលដែលអ្នកដទៃទៀត បានដើរតាមទ្រង់ ដោយសារការបង្រៀនរបស់ទ្រង់ ពិបាកនឹងឲ្យពួកគេយល់(យ៉ូហាន ៦:៦៦)។
ព្រះយេស៊ូវមិនតែងតែធ្វើអ្វី ដែលយើងរំពឹងឲ្យទ្រង់ធ្វើនោះឡើយ។ តែទ្រង់ល្អហួសក្តីស្រមៃរបស់យើង។ ទ្រង់ជាអ្នកប្រទានជីវិតអស់កល្បជានិច្ច(ខ.៤៧-៤៨)។ ទ្រង់ល្អ និងប្រកបដោយប្រាជ្ញា ហើយទ្រង់ស្រឡាញ់ អត់ទោស គង់នៅក្បែរ ហើយនាំមកនូវការកម្សាន្តចិត្ត។ ចូរយើងស្វែងរកការសម្រាក ក្នុងព្រះយេស៊ូវ ដោយដឹងថាទ្រង់ជានរណា ហើយបន្តដើរតាមទ្រង់ជានិច្ច។—ANNE CETAS