មានពេលមួយ កូនស្រីរបស់ខ្ញុំបានរៀបចំខ្លួនទៅរៀន លឿនជាងពេលរាល់ដង ដូចនេះ គាត់ក៏បានសុំឲ្យខ្ញុំឈាងចូលហាងកាហ្វេ នៅតាមផ្លូវទៅសាលារបស់នាង។ ខ្ញុំក៏បានយល់ព្រម។ ខណៈពេលដែលខ្ញុំបើកឡានជិតដល់ផ្លូវបត់ចូលហាងកាហ្វេ ខ្ញុំក៏បានសួរនាងថា “តើកូនចង់ចែករំលែកក្តីអំណររបស់កូន នៅពេលព្រឹកនេះទេ?” នាងក៏បានឆ្លើយថា នាងចង់ចែករំលែក។
យើងក៏បានកម្មង់ទិញអាហាររបស់យើង ហើយទៅបង់លុយ នៅក្បែរបង្អួចហាង។ ខ្ញុំក៏បានប្រាប់អ្នករត់តុថា យើងចង់បង់លុយឲ្យស្រ្តីវ័យក្មេងម្នាក់ ដែលនៅក្រោយយើងផងដែរ។ កូនស្រីខ្ញុំក៏បានបញ្ចេញទឹកមុខញញឹមស្រស់។
បើប្រៀបធៀបរឿងនេះ នឹងរឿងធំៗជាច្រើន ការទិញកាហ្វេមួយពែង ឲ្យនរណាម្នាក់ ហាក់ដូចជាគ្មានអ្វីធំដុំទេ។ តើពិតមែនទេ? ខ្ញុំឆ្ងល់ថា តើការទិញកាហ្វេមួយពែង ឲ្យនរណាម្នាក់ ស្ថិតនៅក្នុងចំណោមអំពើល្អ ដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើសម្រាប់អ្នកតូចបំផុត ក្នុងចំណោមយើងឬទេ?(ម៉ាថាយ ២៥:៤០)។ សូមយើងគិត អំពីអ្នក ដែលនៅក្រោយយើង ឬនៅបន្ទាប់យើង។ ហើយបន្ទាប់មក សូមយើងធ្វើ “អំពើល្អមួយ” ដែលប្រហែលជាការទិញកាហ្វេ ឬប្រហែលជាការធ្វើអ្វីដែលលើសនេះ ឬតូចជាងនេះ សម្រាប់គាត់។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា កាលណាយើង “ធ្វើការទាំងនោះ”(ខ.៤០) ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់ទ្រង់ដែរ។
នៅពេលព្រឹកនោះ ខណៈពេលដែលយើងបើកឡានចេញពីហាងកាហ្វេនោះទៅ យើងក៏បានឃើញស្រ្តីម្នាក់នោះកំពុងទទួលកាហ្វេពីអ្នករត់តុក្នុងហាងកាហ្វេនោះ។ ស្នាមញញឹមស្រស់ បានលេចឡើង នៅលើផ្ទៃមុខរបស់អ្នកទាំងពីរ។—JOHN BLASÉ