មាន​ពេល​មួយ បង​ប្អួន​ជី​ដូន​មួយ​របស់​ខ្ញុំ បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ទៅ​ចាប់​បង្កង​ក្រហម​ជា​មួយ​គាត់។ ពេល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់។ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​គាត់​ហុច​កូន​ធុង​ជ័រ​មួយ​ឲ្យ​ខ្ញុំ។ ពេល​ខ្ញុំ​សួរ​រក​គំរប​ធុង គាត់​ក៏​បានប្រាប់​ខ្ញុំ​ថា យើង​មិន​ចាំ​បាច់​ប្រើ​គំរប​នោះ​ក៏​បាន ហើយ​គាត់​ក៏​បាន​លើក​សន្ទូច និង​កំទេច​សាច់​មាន់ ដែល​យើង​បាន​ប្រើ​ជា​នុយ។

ក្រោយ​មក ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សត្វ​បង្កង​តូច​ៗ​ទាំង​នោះ​ព្យាយាម​ឡើង​ពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គេច​ចេញ​ពី​ធុង ដែល​ជិត​ពេញ ខ្ញុំ​ក៏​បាន​ដឹង​អំពី​មូល​ហេតុ​ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​គំរប​ធុង​មែន។ ពេល​ណា​បង្កង​ណា​មួយ​ឡើង​ជិត​ដល់​មាត់​ធុង បង្កង​ផ្សេង​ទៀត ក៏​បាន​ទាញ​វា​ទម្លាក់​មក​វិញ នៅ​ក្នុង​ការ​ដណ្តើម​គ្នា​ចេញ​ពី​ក្នុង​ធុង​ដ៏​វឹក​វរ​នោះ។

បរាជ័យ​របស់​សត្វ​បង្កង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ហិន​ហោច ដែល​កើត​ឡើង ពី​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាងគិត​ប្រយោជន៍​រួម។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​ការ​ការ​ទំនាក់​ទំនង ដែល​ជួយ​ជ្រោង និង​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ដាស់​តឿន​អ្នកដែល​ខ្ជិល​ច្រអូស និង​បង្ក​ការ​រំខាន ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​បាក់​ទឹក​ចិត្ត ព្រម​ទាំង​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​មាន​ការ​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់​(១ថែស្សាឡូនីច ៥:១៤)។

សាវ័កប៉ុល​ក៏​បាន​កោត​សរសើរ​សហគមន៍​របស់​ពួក​គេ ដែល​ចេះ​យក​អសារ​គ្នា​(ខ.១១) រួច​គាត់​ក៏​បាន​លើក​ទឹក​ចិត្តពួក​គេ ឲ្យ​មាន​ទំនាក់​ទំនង​ដែល​មាន​ក្តី​ស្រឡាញ់ និង​មេត្រី​ភាព​កាន់​តែ​ខ្លាំង​(ខ.១៣-១៥)។ ការ​ព្យាយាម​បង្កើត​វប្បធម៌​នៃ​ការ​អត់​ទោស ភាព​សប្បុរស និង​សេចក្តី​អាណឹត បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ ជា​មួយ​ព្រះជា​ម្ចាស់ និង​ជា​មួយ​អ្នក​ដទៃ(ខ.១៥,២៣)។

ពួក​ជំនុំ​អាច​លូត​លាស់ និង​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​រួប​រួម ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ​ឯង។ យើង និង​ពួក​ជំនុំ​របស់​យើង នឹង​មាន​ការ​លូត​លាស់ ពេល​ណា​អ្នក​ជឿ​ព្រះ ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ទ្រង់ ដោយ​ជួយ​ជ្រោង​អ្នក​ដទៃ​ឡើង ជា​ជាង​ទាញ​ពួក​គេ​ទម្លាក់ ដោយ​ពាក្យ​សម្តី ឬ​ទង្វើ​អាក្រក់​។—XOCHITL DIXON