មានពេលមួយខ្ញុំបានប្រាប់កូនប្រុសពៅរបស់ខ្ញុំ ឲ្យចែករំលែករបស់លេងជាមួយអ្នកដទៃ។ គាត់ក៏បានប្រកែកថា គាត់មិនចង់ចែករំលែកទេ។ ពេលនោះ គាត់មានការពិបាកក្នុងចិត្ត ព្រោះគាត់មិនចង់ឲ្យបំណែកដ៏តូចណាមួយនៃគ្រឿងសង់ផ្ទះរបស់គាត់ ត្រូវបែកចេញពីគាត់នោះទេ។ ខ្ញុំក៏បានគិតដល់ភាពមិនទាន់ពេញវ័យរបស់គាត់ ប៉ុន្តែ តាមពិត មិនមែនមានតែក្មេងៗទេ ដែលមានអាកប្បកិរិយាដូចនេះ។ តើក្នុងមួយជីវិតរបស់ខ្ញុំ ដែលជាមនុស្ស មានពេលណាខ្លះ ដែលខ្ញុំបដិសេធន៍មិនព្រមចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា និងសប្បុរស?
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ទ្រង់បានត្រាស់ហៅយើង ឲ្យចែករំលែកជីវិតយើង ដល់គ្នាទៅវិញទៅមក។ គឺដូចដែលនាងរស់ បានធ្វើសម្រាប់នាងណាអូមី ដែលជាម្តាយក្មេករបស់នាង។ ក្នុងនាមជាស្រ្តីមេម៉ាយទាល់ក្រ នាងណាអូមីគ្មានរបស់អ្វី សម្រាប់ផ្តល់ឲ្យនាងរស់ឡើយ។ ប៉ុន្តែ នាងរស់បានតភ្ជាប់ជីវិតរបស់ខ្លួន ជាមួយនឹងម្តាយក្មេក ដោយសន្យាថា ពួកគេនឹងបន្តតស៊ូជាមួយគ្នាទៀត ហើយសូម្បីតែសេចក្តីស្លាប់ក៏មិនអាចបំបែកពួកគេបានឡើយ។ គឺដូចដែលនាងរស់បាននិយាយទៅកាន់នាងណាអូមីថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ នាងក៏បានធ្វើការចែករំលែកដោយចិត្តជ្រះថ្លា និងសប្បុរស ដល់ស្រ្តីដែលមានវ័យចំណាស់ជាងនាង ដោយបង្ហាញសេចក្តីស្រឡាញ់ និងក្តីអាណឹត។
ការចែករំលែកជីវិតរបស់យើង តាមរបៀបនេះ អាចមានការពិបាក ប៉ុន្តែ យើងត្រូវចាំថា យើងនឹងទទួលបាននូវផលផ្លែដ៏មានតម្លៃ ពីអំពើសប្បុរសយ៉ាងដូចនេះ។ នាងរស់បានចែករំលែកជីវិតរបស់ខ្លួន ដល់នាងណាអូមី ប៉ុន្តែ ក្រោយមក នាងមានកូនប្រុសម្នាក់ ដែលជាជីតារបស់ស្តេចដាវីឌ។ ព្រះយេស៊ូវបានចែករំលែកជីវិតទ្រង់ជាមួយយើង ប៉ុន្តែ ក្រោយមក ទ្រង់ក៏ត្រូវបានដំកើងខ្ពស់ឡើង ហើយគ្រងរាជ្យនៅខាងស្តាំនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ខណៈពេលដែលយើងចែករំលែកដល់គ្នាទៅវិញទៅមក ដោយចិត្តសប្បុរស យើងអាចមានទំនុកចិត្តថា យើងនឹងមានជីវិតដែលល្អប្រសើរជាងមុន។—PETER CHIN