នៅក្នុងគ្រួសារមួយ មានសមាជិកម្នាក់ចង់ឲ្យសមាជិកដទៃទៀត ជួយបង់ថ្លៃផ្ទះរបស់គាត់ នៅខែធ្នូ។ សម្រាប់ក្រុមគ្រួសារគាត់ ការស្នើសុំនោះហាក់ដូចជាបន្ទុកដ៏ធ្ងន់មួយ ជាពិសេស នៅពេលដែលពួកគេត្រូវត្រៀមលុយសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក នៅចុងឆ្នាំ។ ប៉ុន្តែ ពួកគេបានកកាយប្រាក់សន្សំរបស់ពួកគេចេញមក ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះឲ្យគាត់ ដោយការអរព្រះគុណ សម្រាប់ការផ្គត់ផ្គង់របស់ទ្រង់ ហើយគាត់ក៏បានទទួលព្រះពរ ពីការអរព្រះគុណរបស់សាច់ញាតិគាត់។
គាត់ក៏បានប្រគល់កាតសម្រាប់ថ្លែងអំណរគុណ ដល់ពួកគេ ដោយសរសេរនៅក្នុងនោះថា “សូមអរគុណអ្នកទាំងអស់គ្នា ជាថ្មីម្តងទៀត ដែលបានធ្វើនូវការដ៏ល្អ ដោយយកលុយមកជួយខ្ញុំ ដោយគិតថា វាមិនមែនជារឿងធំដុំ”។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការជួយអ្នកដទៃ គឺជារឿងធំដុំ។ គឺដូចដែលហោរាអេសាយ បានលើកយកបញ្ហានេះ មកថ្លែង ទៅកាន់ប្រជាជនអ៊ីស្រាអែល។ កាលនោះ ពួកគេកំពុងតែអធិស្ឋានតម តែមិនព្រមឈប់ឈ្លោះប្រកែកគ្នា។ បានជាហោរាអេសាយមានប្រសាសន៍ថា “តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬ?”(អេសាយ ៥៨:៦-៧)។
លោកអេសាយក៏បានមានប្រសាសន៍ផងដែរថា ការលះបង់បែបនេះ នឹងនាំឲ្យពួកគេទទួលពន្លឺពីព្រះជាម្ចាស់ ហើយពន្លឺនោះនឹងបានភ្លឺឡើង ហើយថែមទាំងបានទទួលការប្រោសឲ្យជាផងដែរ(ខ.៨)។ សម្រាប់អ្នកដែលចែករំលែកដល់អ្នកដទៃ ដោយចិត្តសប្បុរស ព្រះជាម្ចាស់បានសន្យាថា “ពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្តីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្តីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង”(ខ.៨)។ សរុបមក ការចែករំលែកដល់សាច់ញាតិរបស់ពួកគេ នាំឲ្យពួកគេបានទទួលព្រះពរកាន់តែច្រើន។ ចុះចំណែកព្រះជាម្ចាស់វិញ តើទ្រង់បានចែករំលែកអ្វីខ្លះដល់យើង? គឺទ្រង់បានប្រទានអ្វីៗទាំងអស់ដល់យើង ដោយសេចក្តីស្រឡាញ់។—PATRICIA RAYBON