ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ អំពី​ពិធី​ចូល​កាន់​តំណែង របស់​ប្រធានា​ធិបតី​អាមេរិក ស្បែក​ខ្មៅ​ទីមួយ​ កាំមីរ៉ា​បាន​បង្ហាញ​រូប​ភាព​មនុស្ស​ជិត​២​លាន​នាក់ ដែល​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​ជាប្រវត្តិ​សាស្រ្ត​នេះ។ លោក​បប់ ស្គីហ្វឺ(Bob Schieffer) ដែល​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​សារ​ព័ត៌​មាន​CBS បាន​ធ្វើ​ការ​កត់​សំគាល់​ថា “តួរ​ឯក​នៃ​កម្ម​វិធី​នេះ គឺ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​សណ្ឋឹក ដែល​កាំមីរ៉ា​ពិបាក​នឹង​ថត​យក​រូប​ភាព​ដ៏​វែង​ដាច់​កន្ទុយ​ភ្នែក”។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​គេ​អាច​ថត​យក​រូប​ភាព​របស់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ​ឲ្យ​អស់ ដែល​បាន​លាត​សន្ធឹង​ពីវិមាន​រំឭក​លោក​លីនខិន ទៅ​ដល់​វិមាន​កាពីតូល?

ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​លើស​នេះ​ទៀត ដែល​ពួក​គេ​បាន​រួប​រួម​គ្នា ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ បទ​គម្ពីរ ១ពេត្រុស ២:៩ បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួកសង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំងលក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”។

នេះ​មិន​មែន​ជា​ទិដ្ឋភាព​ដែល​មាន​មនុស្ស​ពីរ​បី​នាក់​ដែល​មាន​ឯកសិទ្ធិ​ មក​ចូល​រួម​នោះ​ទេ តែ​នៅ​ពេល​នោះ មាន​មនុស្សដែល​បាន​ទទួល​ការ​ប្រោស​លោះ​ជា​ច្រើន​ឥត​គណនា មក​ពី “គ្រប់​ពូជ​អំបូរ ភាសា និង​ជាតិ​សាសន៍”(វិវរណៈ ៥:៩)។ សព្វ​ថ្ងៃ​នេះ គ្រីស្ទ​បរិស័ទ​កំពុង​រស់​នៅ​រាយ​ប៉ាយ នៅ​ទូទាំង​ពិភព​លោក ដែល​ក្នុង​នោះ មាន​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថានៅ​ដាច់​ពី​គេ និង​កំពុង​តែ​រង​ទុក្ខ ដោយ​សារ​ភាព​ស្មោះ​ស្ម័គ្រ​ដែល​ពួក​គេ​មាន​ចំពោះ​ព្រះ​យេស៊ូវ។ ប៉ុន្តែ តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង​ក្នុង​ព្រះ​បន្ទូល​ព្រះ យើង​អាច​ឃើញ​មាន​អ្នក​ដែល​ចូល​រួម​ព្រឹត្តិការណ៍​នោះ ដែល​ជា​រូប​ភាព​ដ៏វែង​ដាច់​កន្ទុយ​ភ្នែក ដែល​ពួក​គេ​ជា​បង​ប្អួន​ប្រុស​ស្រី​រួម​ជំនឿ​របស់​យើង កំពុង​តែ​ឈរ​ផ្តុំ​គ្នា ដើម្បី​ថ្វាយ​ព្រះ​កិត្តិ​នាម ដល់​ព្រះ ដែល​បាន​ប្រោស​លោះ​យើង និង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​រាស្រ្ត​របស់​ទ្រង់។

ចូរ​យើង​រួម​គ្នា​សរសើរ​ដំកើង​ព្រះ​មួយ​អង្គ ដែល​បាន​លោះ​យើង ចេញ​ពី​ភាព​ងងឹត ហើយ​នំា​យើង​ចូល​ទៅ​ក្នុង​ពន្លឺ។—DAVID C. MCCASLAND