ថ្ងៃមួយ នៅរដូវរងា កូនៗរបស់ខ្ញុំបានទទូចសុំទៅចេញលេងជិះរំអិលនៅលើព្រឹល។ ស៊ីតុណ្ហភាពថ្ងៃនោះ បានធ្លាក់ចុះ ជិត -២០អង្សាសេ ក្រោមសូន្យ។ គ្រាប់ព្រឹលតូចៗបានរសាត់តាមបង្អួចផ្ទះយើង។ ខ្ញុំក៏បានគិតមួយសន្ទុះ ហើយក៏បានយល់ព្រមឲ្យពួកគេចេញទៅលេងខាងក្រៅ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេ ឲ្យលេងជុំគ្នា ហើយចូលក្នុងផ្ទះវិញ បន្ទាប់ពីលេងបាន១៥នាទី។
ដោយសារសេចក្តីស្រឡាញ់ ខ្ញុំក៏បានបង្កើតច្បាប់នេះ ដើម្បីឲ្យកូនៗរបស់ខ្ញុំអាចលេង ដោយសេរី និងមិនមានគ្រោះថ្នាក់កកចុងម្រាមដៃ ឬម្រាមជើង ដោយសារត្រជាក់ខ្លាំង។ ខ្ញុំគិតថា អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ បានទទួលស្គាល់ថា ព្រះជាម្ចាស់ទ្រង់មានបំណងល្អ ពេលដែលទ្រង់ដាក់ក្រឹត្យវិន័យឲ្យរាស្រ្តរបស់ទ្រង់ គឺដូចដែលគាត់បានសរសេរក្នុងខគម្ពីរពីរខជាប់គ្នាថា “ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ។ ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់”(ខ.៤៤-៤៥)។ ត្រង់ចំណុចនេះ តើហេតុអ្វីបានជាអ្នកនិពន្ធទំនុកដំកើងបានផ្សាភ្ជាប់សេរីភាព ជាមួយនឹងជីវិតដែលកាន់តាមក្រឹត្យវិន័យខាងវិញ្ញាណ?
ការអនុវត្តន៍តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ជួយយើងមិនឲ្យជួបផលវិបាក ដែលបានមកពីការសម្រេចចិត្ត ដែលធ្វើឲ្យយើងស្តាយក្រោយ។ យើងនឹងមានសេរីភាពកាន់តែច្រើន នៅក្នុងការអរសប្បាយនឹងជីវិត បើសិនជាយើងគ្មានបន្ទុកនៃកំហុស ឬការឈឺចាប់ទេនោះ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងគ្រប់គ្រងយើង ដោយបញ្ជា និងបម្រាមនោះឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ដាក់ក្រឹត្យវិន័យឲ្យយើង គឺដោយសារទ្រង់ស្រឡាញ់យើង។
ពេលដែលកូនៗរបស់ខ្ញុំកំពុងតែជិះរំអិលលេង នៅលើព្រឹល ខ្ញុំបានមើលពួកគេរំអិលខ្លួនចុះពីលើទួលមកក្រោម។ ខ្ញុំក៏បានញញឹម ពេលឮសម្លេងសំណើចរបស់ពួកគេ និងបានឃើញថ្ពាល់របស់ពួកគេឡើងពណ៌ផ្កាឈូក។ ពួកគេអាចលេងដោយសេរី ក្នុងដែនកំណត់ ដែលខ្ញុំបានដាក់ឲ្យពួកគេ។ ក្នុងទំនាក់ទំនងដែលយើងមានជាមួយព្រះជាម្ចាស់ ទ្រង់ក៏បានឲ្យយើងប្រើសេរីភាពរបស់យើង ដើម្បីរស់នៅដោយអំណរ នៅក្នុងដែនកំណត់នៃក្រឹត្យវិន័យរបស់ទ្រង់ បានជាយើងអាចពោលដូចអ្នកនិពន្ធទំនុកដំកើងថា “សូមបណ្តាលឲ្យទូលបង្គំដើរ ទៅតាមផ្លូវច្រកនៃសេចក្តីបង្គាប់របស់ទ្រង់ដ្បិតទូលបង្គំមានសេចក្តីរីករាយក្នុងផ្លូវនោះ”(ខ.៣៥)។—JENNIFER BENSON SCHULDT