លោកអេឌវើត នើន(Edward Nairne) ដែលជាវិស្វករអង់គ្លេសបានរកឃើញវិធីឆ្នៃបង្កើតជ័រលុបខ្មៅដៃ ដោយចៃដន្យ នៅពេលដែលគាត់ឈោងទៅរកចំណិតនំប៉័ង។ នៅឆ្នាំ១៧៧០ គេក៏បានយកចំណិតនំប៉័ងមកធ្វើជ័រលុប ដើម្បីលប់ស្នាមខ្មៅដៃនៅលើក្រដាស់។ តែពេលលោកអេឌវើតឈោងទៅរកចំណិតនំប៉័ង គាត់បែរជាប៉ះជ័រកៅស៊ូមួយដុំ ដោយចៃដន្យ ហើយគាត់ក៏បានយកវាមកលប់ ឃើញថា ស្នាមខ្មៅដៃក៏បានរលប់ ដោយបន្សល់ទុកនូវកំទេចជ័រល្អិតៗ ដែលគាត់អាចគ្រវាសដៃបោសវាចេញពីក្រដាស់យ៉ាងងាយស្រួល។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបាបរបស់យើង ដែលព្រះជាម្ចាស់ក៏អាចលប់ចោល។ ព្រះអង្គជានំប៉័ងជីវិត ដែលបានលប់បាបរបស់យើង ដោយលះបង់ព្រះជន្មទ្រង់ ហើយសន្យាថា នឹងមិននឹកចាំអំពើបាបរបស់យើងទៀតឡើយ។ បទគម្ពីរអេសាយ ៤៣:២៥ បានចែងថា ព្រះជាម្ចាស់ជាអ្នកដែលលុបអំពើរំលងរបស់យើងចេញ ដោយយល់ដល់ព្រះអង្គទ្រង់ ហើយមិននឹកចាំអំពើបាបរបស់យើងទៀតឡើយ។
នេះអាចជាការជួសជុលដ៏គួរឲ្យកត់សំគាល់ ដែលយើងមិនសមនឹងទទួល។ មនុស្សជាច្រើន ពិបាកនឹងជឿថា ព្រះជាម្ចាស់អាចលប់បាបរបស់យើងចោល យ៉ាងងាយដូចពពកដែលរលាយ។ តើព្រះដែលជ្រាបអំពីអ្វីៗទាំងអស់ អាចបំភ្លេចបាបរបស់យើង យ៉ាងងាយស្រួលដូចនេះឬ?
ព្រះអង្គពិតជាលប់បាបរបស់យើងចោលមែន ពេលដែលយើងទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះ។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌បានសម្រេចព្រះទ័យអត់ទោសបាបឲ្យយើង ហើយឈប់នឹកចាំអំពីវាទៀត ដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខ ដោយមានសេរីភាពរួចពីបាប។ បាបដែលយើងមានកាលពីមុន មិនសង្កត់ពីលើយើងទៀតទេ បានជាយើងមិនប្រឡាក់ ហើយអាចបម្រើទ្រង់ ក្នុងពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។
ជាការពិតណាស់ កំហុសដែលយើងបានធ្វើ អាចនាំឲ្យយើងទទួលលទ្ធផលរបស់វា ក្នុងជីវិតនេះ។ តែព្រះទ្រង់បានដកបាបចេញពីយើងហើយ ដោយអញ្ជើញយើង ឲ្យវិលត្រឡប់ទៅរកទ្រង់វិញ ដើម្បីចាប់ផ្តើមជីវិតថ្មី។ ហើយក្រៅពីទ្រង់ គឺគ្មានផ្លូវណាទៀត ដើម្បីលប់បាបរបស់យើងឡើយ។ —PATRICIA RAYBON