លោក​អេឌវើត នើន(Edward Nairne) ដែល​ជា​វិស្វករ​អង់​គ្លេស​បាន​រក​ឃើញ​វិធី​ឆ្នៃ​បង្កើត​ជ័រ​លុប​ខ្មៅ​ដៃ ដោយ​ចៃ​ដន្យ នៅ​ពេល​ដែល​គាត់​ឈោង​ទៅ​រក​ចំណិត​នំប៉័ង។ នៅ​ឆ្នាំ​១៧៧០ គេ​ក៏​បាន​យក​ចំណិត​នំប៉័ង​មក​ធ្វើ​ជ័រ​លុប ដើម្បីលប់​ស្នាម​ខ្មៅ​ដៃ​នៅ​លើ​ក្រដាស់។ តែ​ពេល​លោក​អេឌវើត​ឈោង​ទៅ​រក​ចំណិត​នំប៉័ង គាត់​បែរ​ជា​ប៉ះ​ជ័រ​កៅស៊ូ​មួយ​ដុំ ដោយ​ចៃដន្យ ហើយ​គាត់​ក៏​បាន​យក​វា​មក​លប់ ឃើញ​ថា ស្នាម​ខ្មៅ​ដៃ​ក៏​បាន​រលប់ ដោយ​បន្សល់​ទុក​នូវ​កំទេច​ជ័រ​ល្អិត​ៗ ដែល​គាត់​អាច​គ្រវាស​ដៃ​បោស​វា​ចេញ​ពី​ក្រដាស់​យ៉ាង​ងាយ​ស្រួល។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បាប​របស់​យើង ដែល​ព្រះ​ជា​ម្ចាស់​ក៏​អាច​លប់​ចោល។ ព្រះ​អង្គ​ជា​នំប៉័ង​ជីវិត ដែល​បាន​លប់​បាប​របស់​យើង ដោយ​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ហើយ​សន្យា​ថា នឹង​មិន​នឹក​ចាំ​អំពើ​បាប​របស់​យើង​ទៀត​ឡើយ​។ បទ​គម្ពីរ​អេសាយ ៤៣:២៥ បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​យើង​ចេញ ដោយ​យល់​ដល់​ព្រះ​អង្គ​ទ្រង់ ហើយ​មិន​នឹក​ចាំ​អំពើ​បាប​របស់​យើង​ទៀត​ឡើយ។

នេះ​អាច​ជា​ការ​ជួស​ជុល​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដែល​យើង​មិន​សម​នឹង​ទទួល។ មនុស្ស​ជា​ច្រើន ពិបាក​នឹង​ជឿ​ថា ព្រះ​ជាម្ចាស់​អាច​លប់​បាប​របស់​យើង​ចោល យ៉ាង​ងាយ​ដូច​ពពក​ដែល​រលាយ។ តើ​ព្រះ​ដែល​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​ អាចបំភ្លេច​បាប​របស់​យើង យ៉ាង​ងាយ​ស្រួល​ដូច​នេះ​ឬ?

ព្រះ​អង្គ​ពិត​ជា​លប់​បាប​របស់​យើង​ចោល​មែន ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ។ ព្រះ​វរបិតា​នៃយើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​សម្រេច​ព្រះ​ទ័យ​អត់​ទោស​បាប​ឲ្យ​យើង ហើយ​ឈប់​នឹក​ចាំ​អំពី​វា​ទៀត ដើម្បី​ឲ្យ​យើង​អាច​បន្ត​ដំណើរ​ទៅ​មុខ ដោយ​មាន​សេរីភាព​រួច​ពី​បាប។ បាប​ដែល​យើង​មាន​កាល​ពី​មុន មិន​សង្កត់​ពី​លើ​យើង​ទៀត​ទេ បាន​ជា​យើង​មិន​ប្រឡាក់ ហើយ​អាច​បម្រើ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន និង​អស់​កល្ប​ជា​និច្ច។

ជា​ការ​ពិត​ណាស់ កំហុស​ដែល​យើង​បាន​ធ្វើ អាច​នាំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​របស់​វា ក្នុង​ជីវិត​នេះ។ តែ​ព្រះ​ទ្រង់​បាន​ដក​បាប​ចេញ​ពី​យើង​ហើយ ដោយ​អញ្ជើញ​យើង ឲ្យ​វិល​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​ ដើម្បី​ចាប់​ផ្តើម​ជីវិត​ថ្មី។ ហើយ​ក្រៅ​ពីទ្រង់​ គឺ​គ្មាន​ផ្លូវណា​ទៀត ដើម្បី​លប់​បាប​របស់​យើង​ឡើយ។ —PATRICIA RAYBON