មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​ផ្លាក​សញ្ញា​តាម​ផ្លូវ​ប្រាប់​ខ្ញុំ ឲ្យ​រំពឹង​ថា នឹង​មាន​ភាព​យឺត​យ៉ាវ​ ក្នុង​ផ្លូវ​ខាង​មុខ។ ខ្ញុំ​ក៏​បាន​បន្ថយ​ល្បឿន។ ពេល​នោះ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​ខ្ញុំ​កំពុង​តែ​យឺត​ម៉ោង​ស្រាប់​ហើយ។

ខ្ញុំ​ក៏​បាន​អស់​សំណើច ព្រោះ​ខ្ញុំ​បាន​រំពឹង​ថា អ្វី​ៗ​នឹង​ដំណើរ​ការ តាម​កាល​វិភាគ​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​នឹក​ស្មាន​ថា នឹង​មាន​ការ​ជួស​ជុល​ផ្លូវ នៅ​ផ្លូវ​ខាង​មុខ​ឡើយ។

ក្នុង​ជីវិត​ខាង​វិញ្ញាណ មាន​មនុស្ស​តិច​ណាស់ ដែល​រៀប​ផែន​ការ សម្រាប់​រឿង​វិបត្តិ ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​យឺតយ៉ាវ ឬ​ផ្លាស់​ប្តូរ​ទិស​ដៅ​ជីវិត។ ពេល​ខ្ញុំ​គិត​ពី​រឿង​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង ដែល​កាលៈ​ទេសៈ​នៃ​ជីវិត​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ទិស​ដៅ។ កាល​ពន្យា​ពេល​បាន​កើត​មាន។

ស្តេច​សាឡូម៉ូន​មិន​ដែល​បាន​ឃើញ​ផ្លាក​សញ្ញា​ចរាចរណ៍​ដែល​ប្រាប់​ឲ្យ ទ្រង់​រំពឹង​ថា​នឹង​មាន​ការ​ពន្យា​ពេល​នោះ​ឡើយ។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​សុភាសិត ជំពូក១៦ ទ្រង់​បាន​ប្រៀប​ធៀប​ផែន​ការ​របស់​យើង ទៅ​នឹង​ការ​ដឹក​នាំ ដែល​ផែន​ការ​របស់​ព្រះ​ជា​ម្ចាស់​។ នៅ​ក្នុង ខ.១ ទ្រង់​បាន​សរសេរ​ថា “មនុស្ស​បាន​ធ្វើ​ផែន​ការ តែ​ព្រះ​ជា​ម្ចាស់​ជា​អ្នក​សម្រេច​លទ្ធ​ផល”។  ស្តេច​សាឡូម៉ូន​បាន​មាន​បន្ទូល​ម្តង​ទៀត អំពី​រឿង​នេះ នៅ​ក្នុង​ខ.៩ ថា យើង “គិត​សម្រេច​ផ្លូវ​របស់​ខ្លួន​ឯង តែ​គឺ​ព្រះ​ជា​ម្ចាស់​ទេ ដែល​តម្រង់​ជំហាន​យើង”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មាន​គំនិត​ចង់​ឲ្យ​អ្វី​ៗ​កើត​ឡើង តាម​ផែន​ការ​របស់​យើង តែ​ជួន​កាល ព្រះ​ជា​ម្ចាស់​មាន​ផ្លូវ​ផ្សេង​សម្រាប់​ឲ្យ​យើង​ដើរ។

តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចេះ​តែ​ភ្លេច​សេចក្តី​ពិត​ខាង​វិញ្ញាណ​នេះ? ខ្ញុំ​ធ្វើ​ផែន​ការ​របស់​ខ្ញុំ​ តែ​ពេល​ខ្លះ​ ខ្ញុំ​ភ្លេច​ទូល​សួរ​ព្រះអង្គ​ថា តើ​ព្រះ​អង្គ​មាន​ផែន​ការ​យ៉ាង​ណា សម្រាប់​រឿង​នោះ។ ពេល​ខ្ញុំ​ជួប​ឧបស័គ្គ ខ្ញុំ​ក៏​មាន​ចិត្ត​នឿយ​ណាយ។

ប៉ុន្តែ យើង​មិន​ត្រូវ​ព្រួយ​បារម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​លូត​លាស់ ដោយ​គ្រាន់​តែ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​ដឹក​នាំ​យើង ម្តង​មួយ​ជំហាន​ៗ ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ទ្រង់ ដោយ​ការ​អធិស្ឋាន និង​រង់​ចាំ​ការ​ដឹក​នាំ​របស់​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​បន្ត​នាំ​ផ្លូវ​យើង គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​បង្រៀន​យើង​ស្រាប់។—ADAM HOLZ