មានពេលមួយ ខ្ញុំបានឃើញផ្លាកសញ្ញាតាមផ្លូវប្រាប់ខ្ញុំ ឲ្យរំពឹងថា នឹងមានភាពយឺតយ៉ាវ ក្នុងផ្លូវខាងមុខ។ ខ្ញុំក៏បានបន្ថយល្បឿន។ ពេលនោះខ្ញុំមានការភ្ញាក់ផ្អើល ព្រោះខ្ញុំកំពុងតែយឺតម៉ោងស្រាប់ហើយ។
ខ្ញុំក៏បានអស់សំណើច ព្រោះខ្ញុំបានរំពឹងថា អ្វីៗនឹងដំណើរការ តាមកាលវិភាគរបស់ខ្ញុំ តែខ្ញុំមិនបាននឹកស្មានថា នឹងមានការជួសជុលផ្លូវ នៅផ្លូវខាងមុខឡើយ។
ក្នុងជីវិតខាងវិញ្ញាណ មានមនុស្សតិចណាស់ ដែលរៀបផែនការ សម្រាប់រឿងវិបត្តិ ដែលធ្វើឲ្យខ្លួនមានភាពយឺតយ៉ាវ ឬផ្លាស់ប្តូរទិសដៅជីវិត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា មានពេលជាច្រើនដង ដែលកាលៈទេសៈនៃជីវិតខ្ញុំ បានធ្វើឲ្យខ្ញុំផ្លាស់ប្តូរទិសដៅ។ កាលពន្យាពេលបានកើតមាន។
ស្តេចសាឡូម៉ូនមិនដែលបានឃើញផ្លាកសញ្ញាចរាចរណ៍ដែលប្រាប់ឲ្យ ទ្រង់រំពឹងថានឹងមានការពន្យាពេលនោះឡើយ។ ប៉ុន្តែ ក្នុងបទគម្ពីរសុភាសិត ជំពូក១៦ ទ្រង់បានប្រៀបធៀបផែនការរបស់យើង ទៅនឹងការដឹកនាំ ដែលផែនការរបស់ព្រះជាម្ចាស់។ នៅក្នុង ខ.១ ទ្រង់បានសរសេរថា “មនុស្សបានធ្វើផែនការ តែព្រះជាម្ចាស់ជាអ្នកសម្រេចលទ្ធផល”។ ស្តេចសាឡូម៉ូនបានមានបន្ទូលម្តងទៀត អំពីរឿងនេះ នៅក្នុងខ.៩ ថា យើង “គិតសម្រេចផ្លូវរបស់ខ្លួនឯង តែគឺព្រះជាម្ចាស់ទេ ដែលតម្រង់ជំហានយើង”។ អាចនិយាយបានម្យ៉ាងទៀតថា យើងមានគំនិតចង់ឲ្យអ្វីៗកើតឡើង តាមផែនការរបស់យើង តែជួនកាល ព្រះជាម្ចាស់មានផ្លូវផ្សេងសម្រាប់ឲ្យយើងដើរ។
តើហេតុអ្វីបានជាខ្ញុំចេះតែភ្លេចសេចក្តីពិតខាងវិញ្ញាណនេះ? ខ្ញុំធ្វើផែនការរបស់ខ្ញុំ តែពេលខ្លះ ខ្ញុំភ្លេចទូលសួរព្រះអង្គថា តើព្រះអង្គមានផែនការយ៉ាងណា សម្រាប់រឿងនោះ។ ពេលខ្ញុំជួបឧបស័គ្គ ខ្ញុំក៏មានចិត្តនឿយណាយ។
ប៉ុន្តែ យើងមិនត្រូវព្រួយបារម្ភឡើយ ផ្ទុយទៅវិញ យើងអាចលូតលាស់ ដោយគ្រាន់តែទុកចិត្តថា ព្រះទ្រង់ដឹកនាំយើង ម្តងមួយជំហានៗ ខណៈពេលដែលយើងស្វែងរកទ្រង់ ដោយការអធិស្ឋាន និងរង់ចាំការដឹកនាំរបស់ទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់បន្តនាំផ្លូវយើង គឺដូចដែលស្តេចសាឡូម៉ូនបានបង្រៀនយើងស្រាប់។—ADAM HOLZ