កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មិត្ត​ភក្តិ​របស់​ខ្ញុំ ឈ្មោះ​បាបារ៉ា(Barbara) បាន​ផ្ញើ​កាត​លើក​ទឹក​ចិត្ត និង​អំណោយ​រាប់​មិន​អស់ ដោយ​បាន​គិត​ដល់​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ធ្វើជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ​ហើយ គាត់​ក៏​បាន​ប្រគល់​អំណោយ​ដ៏​ល្អ​បំផុត គឺ​ព្រះ​គម្ពីរ​ទី​មួយ​របស់​ខ្ញុំ។ គាត់​ថា ខ្ញុំ​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ជាម្ចាស់​កាន់​តែ​ខ្លាំង ហើយ​មាន​ការ​ពេញ​វ័យ​ខាង​វិញ្ញាណ ដោយ​ជួប​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ និង​អាន​ព្រះ​គម្ពីរ​ អធិស្ឋាន ព្រម​ទាំង​ទុក​ចិត្ត ហើយ​ស្តាប់​បង្គាប់​ទ្រង់។ ជីវិត​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្រែ ពេល​ដែល​បាបារ៉ា​នាំ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​អង្គ​កាន់​តែច្បាស់។ បាបារ៉ា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ភីលីព។ បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រាស​ហៅ​លោក​ភីលីព​ឲ្យ​ដើរ​តាម​ព្រះ​អង្គ(យ៉ូហាន ១:៤៣) ពួក​សាវ័ក​ក៏​បាន​ប្រញាប់​ប្រាប់​លោក​ណាថាណែល ដែល​ជា​មិត្ត​ភក្តិ​គាត់​ថា ព្រះ​យេស៊ូវ គឺ​ជា “​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រឹត្យវិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង”(ខ.៤៥)។ ពេល​លោក​ណាថាណែល​មាន​ការ​សង្ស័យ លោក​ភីលីព​មិន​បាន​ប្រកែក​គ្នា រិះ​គន់ ឬ​បោះ​បង់​មិត្ត​ភក្តិ​ម្នាក់​នេះ​ចោលទេ។ លោក​ភីលីព​គ្រាន់​តែ​អញ្ជើញ​គាត់ ឲ្យ​ទៅ​ជួប​ព្រះ​យេស៊ូវ​មុខ​ទល់​នឹង​មុខ(ខ.៤៦)។

លោក​ភីលីព​ប្រហែល​ជា​មាន​ក្តី​អំណរ​ណាស់ ពេល​គាត់​បាន​ឮ​លោក​ណាថាណែល​ប្រកាស់​ថា ព្រះ​យេស៊ូវ​ជា “ព្រះរាជ​បុត្រា​នៃ​ព្រះ” និង​ជា “ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល”(ខ.៤៩)។ នេះ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ ដែល​លោក​ភីលីព​បានដឹង​ថា មិត្ត​ភក្តិ​គាត់​នឹង​បាន​ឃើញ “រឿង​ដែល​អស្ចារ្យ​ជាង​នោះ​ទៀត” ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា ពួក​គេ​នឹង​បាន​ឃើញ(ខ.៥០-៥១)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​អ្នក​ផ្តួច​ផ្តើម​ទំនាក់​ទំនង​ជិត​ស្និទ្ធ រវាង​យើង និង​ព្រះ​ជា​ម្ចាស់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​អស់​អ្នក ដែល​ឆ្លើយ​តប ដោយ​ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ។ ព្រះវិញ្ញាណ​ជួយ​ឲ្យ​យើង​ស្គាល់​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ខ្លួន ហើយ​អញ្ជើញ​អ្នក​ដទៃ ឲ្យ​ជួប​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ព្រះ​វិញ្ញាណ និង​ព្រះ​គម្ពីរ​របស់​ទ្រង់។ ការ​អញ្ជើញ​ឲ្យ​ស្គាល់​ព្រះយេស៊ូវ កាន់​តែ​ច្បាស់ គឺ​ជា​អំណោយ​ដ៏​ប្រសើរ​បំផុត សម្រាប់​ឲ្យ​យើង​ទទួល និង​ចែក​រំលែក​ដល់​អ្នក​ដទៃ។​—XOCHITL DIXON