កាលពីប៉ុន្មានឆ្នាំមុន មិត្តភក្តិរបស់ខ្ញុំ ឈ្មោះបាបារ៉ា(Barbara) បានផ្ញើកាតលើកទឹកចិត្ត និងអំណោយរាប់មិនអស់ ដោយបានគិតដល់ខ្ញុំ។ បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំបានទទួលជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្ញុំហើយ គាត់ក៏បានប្រគល់អំណោយដ៏ល្អបំផុត គឺព្រះគម្ពីរទីមួយរបស់ខ្ញុំ។ គាត់ថា ខ្ញុំអាចមានភាពស្និទ្ធស្នាលនឹងព្រះជាម្ចាស់កាន់តែខ្លាំង ហើយមានការពេញវ័យខាងវិញ្ញាណ ដោយជួបទ្រង់ជារៀងរាល់ថ្ងៃ និងអានព្រះគម្ពីរ អធិស្ឋាន ព្រមទាំងទុកចិត្ត ហើយស្តាប់បង្គាប់ទ្រង់។ ជីវិតខ្ញុំក៏បានផ្លាស់ប្រែ ពេលដែលបាបារ៉ានាំខ្ញុំ ឲ្យស្គាល់ព្រះអង្គកាន់តែច្បាស់។ បាបារ៉ាបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កភីលីព។ បន្ទាប់ពីព្រះយេស៊ូវត្រាសហៅលោកភីលីពឲ្យដើរតាមព្រះអង្គ(យ៉ូហាន ១:៤៣) ពួកសាវ័កក៏បានប្រញាប់ប្រាប់លោកណាថាណែល ដែលជាមិត្តភក្តិគាត់ថា ព្រះយេស៊ូវ គឺជា “ព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង”(ខ.៤៥)។ ពេលលោកណាថាណែលមានការសង្ស័យ លោកភីលីពមិនបានប្រកែកគ្នា រិះគន់ ឬបោះបង់មិត្តភក្តិម្នាក់នេះចោលទេ។ លោកភីលីពគ្រាន់តែអញ្ជើញគាត់ ឲ្យទៅជួបព្រះយេស៊ូវមុខទល់នឹងមុខ(ខ.៤៦)។
លោកភីលីពប្រហែលជាមានក្តីអំណរណាស់ ពេលគាត់បានឮលោកណាថាណែលប្រកាស់ថា ព្រះយេស៊ូវជា “ព្រះរាជបុត្រានៃព្រះ” និងជា “ស្តេចនៃសាសន៍អ៊ីស្រាអែល”(ខ.៤៩)។ នេះជាព្រះពរដ៏អស្ចារ្យ ដែលលោកភីលីពបានដឹងថា មិត្តភក្តិគាត់នឹងបានឃើញ “រឿងដែលអស្ចារ្យជាងនោះទៀត” ដែលព្រះយេស៊ូវបានសន្យាថា ពួកគេនឹងបានឃើញ(ខ.៥០-៥១)។
ព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកផ្តួចផ្តើមទំនាក់ទំនងជិតស្និទ្ធ រវាងយើង និងព្រះជាម្ចាស់ ហើយទ្រង់ក៏គង់នៅក្នុងអស់អ្នក ដែលឆ្លើយតប ដោយការទទួលជឿព្រះយេស៊ូវ។ ព្រះវិញ្ញាណជួយឲ្យយើងស្គាល់ព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន ហើយអញ្ជើញអ្នកដទៃ ឲ្យជួបទ្រង់ជារៀងរាល់ថ្ងៃ តាមរយៈព្រះវិញ្ញាណ និងព្រះគម្ពីររបស់ទ្រង់។ ការអញ្ជើញឲ្យស្គាល់ព្រះយេស៊ូវ កាន់តែច្បាស់ គឺជាអំណោយដ៏ប្រសើរបំផុត សម្រាប់ឲ្យយើងទទួល និងចែករំលែកដល់អ្នកដទៃ។—XOCHITL DIXON