លោក​ក្រេក(Greg) និង​អ្នក​ស្រី អេលីហ្សាប៊ែត(Elizabeth) មាន​ទម្លាប់ “និយាយ​រឿង​កំប្លែង​ពេល​យប់” ជា​ទៀង​ទាត់ ជា​មួយ​កូនៗ​ទាំង​បួន​នាក់ ដែល​នៅ​រៀន​នៅ​ឡើយ។ កូន​របស់​គាត់​ម្នាក់​ៗ បាន​យក​រឿង​កំប្លែង​មួយ​ចំនួន ដែលពួក​គេ​បាន​អាន ឬ​បាន​ឮ​(ឬ​ប្រឌិត ដោយ​ខ្លួន​ឯង) ក្នុង​អំឡុង​សប្តាហ៍​នីមួយ​ៗ មក​និយាយ​នៅ​តុ​បាយ​អាហារ​ពេល​ល្ងាច។ ប្រពៃណី​នេះ​បាន​បង្កើត​ឲ្យ​មាន​អនុស្សាវរីយ៍ នៃ​ការ​កម្សាន្ត​សប្បាយ ដែល​ពួក​គេ​បាន​ចែក​រំលែក​ដល់​គ្នា​ទៅវិញ​ទៅ​មក នៅ​តុ​អាហារ។ លោក​ក្រេក និង​អ្នក​ស្រី​អេលីហ្សាប៊ែត ថែម​ទាំង​បាន​កត់​សំគាល់​ឃើញ​ថា ការ​សើច​សប្បាយ​បាន​នាំ​ឲ្យ​កូន​ៗ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ នៅ​ថ្ងៃ​ដែល​មាន​ទុក្ខ​លំបាក។

លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ បាន​កត់​សំគាល់​ឃើញ​ថា ការ​សន្ទនា​ដ៏​រីក​រាយ នៅ​តុ​អាហារ​ពេល​ល្ងាច មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់ បាន​ជា​គាត់​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា “ការសើច​សប្បាយ​ជា​មួយ​គ្នា​ក្នុង​គ្រួសារ នៅ​តុ​អាហារ​ពេល​ល្ងាច គឺ​ជា​ទម្លាប់​ដ៏​ល្អ នៅ​ក្រោយ​ពេល​ថ្ងៃ​លិច”។

បទ​គម្ពីរ​សុភាសិត ១៧:២២ បាន​ចែង​ថា “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ”។ បទ​គម្ពីរ​សុភាសិត​នេះ​បាន​ផ្តល់​ឲ្យ​នូវ “រូប​មន្ត” សម្រាប់​បង្កើត​ឲ្យ​មាន​សុខ​ភាព​ល្អ និង​ការ​ប្រោស​ឲ្យ​ជា ដោយ​អនុញ្ញាត​ឲ្យ​យើង​មាន​អំណរ ដែល​ជា​ថ្នាំ​ដែល​ចំណាយ​តិច តែ​ទទួល​លទ្ធ​ផល​ល្អ​ដ៏​ច្រើន​សន្ធឹក​។

យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​រូប​មន្ត​ក្នុង​ព្រះ​គម្ពីរ​នេះ។ ពេល​ដែល​យើង​នាំ​មក​នូវ​ក្តី​អំណរ ចូល​ទៅ​ក្នុង​ការ​សន្ទនា​ វា​អាច​បញ្ជៀស​ការ​មិន​ចុះ​សម្រុង​គ្នា។ វា​អាច​ជួយ​ឲ្យ​យើង​ពិសោធ​នឹង​សន្តិ​ភាព បន្ទាប់​ពី​យើង​មាន​ភាព​តប់​ប្រមល់​ឬបន្ទាប់​ពី​ការ​ប្រឡង​នៅ​សាលា ឬ​ក៏បន្ទាប់​ពី​យើង​ជួប​រឿង​ស្មុគ្រ​ស្មាញ​នៅ​កន្លែង​ធ្វើ​ការ​ជាដើម។ សំណើច​ក្នុង​គ្រួសារ និង​ក្នុង​ចំណោម​មិត្ត​ភក្តិ អាច​បង្កើត​ឲ្យ​មាន​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព ដែល​យើង​ដឹង  និង​មាន​អារម្មណ៍​ថា គេស្រឡាញ់​យើង។

តើ​អ្នក​ចាំ​បាច់​ត្រូវ​បញ្ចូល​សំណើច នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដូច​ជា “ថ្នាំ​ដ៏​វិសេស” សម្រាប់​វិញ្ញាណ​របស់​អ្នក​ឬ​ទេ? សូម​ចាំ​ថា ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​បង្កើត​ឲ្យ​មាន​ចិត្ត​ដែល​សប្បាយ។—LISA SAMRA