លោកក្រេក(Greg) និងអ្នកស្រី អេលីហ្សាប៊ែត(Elizabeth) មានទម្លាប់ “និយាយរឿងកំប្លែងពេលយប់” ជាទៀងទាត់ ជាមួយកូនៗទាំងបួននាក់ ដែលនៅរៀននៅឡើយ។ កូនរបស់គាត់ម្នាក់ៗ បានយករឿងកំប្លែងមួយចំនួន ដែលពួកគេបានអាន ឬបានឮ(ឬប្រឌិត ដោយខ្លួនឯង) ក្នុងអំឡុងសប្តាហ៍នីមួយៗ មកនិយាយនៅតុបាយអាហារពេលល្ងាច។ ប្រពៃណីនេះបានបង្កើតឲ្យមានអនុស្សាវរីយ៍ នៃការកម្សាន្តសប្បាយ ដែលពួកគេបានចែករំលែកដល់គ្នាទៅវិញទៅមក នៅតុអាហារ។ លោកក្រេក និងអ្នកស្រីអេលីហ្សាប៊ែត ថែមទាំងបានកត់សំគាល់ឃើញថា ការសើចសប្បាយបាននាំឲ្យកូនៗរបស់ពួកគេមានសុខភាពល្អ ដោយលើកទឹកចិត្តពួកគេ នៅថ្ងៃដែលមានទុក្ខលំបាក។
លោកស៊ី អេស លូអ៊ីស(C. S. Lewis) ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញ បានកត់សំគាល់ឃើញថា ការសន្ទនាដ៏រីករាយ នៅតុអាហារពេលល្ងាច មានអត្ថប្រយោជន៍ច្រើនណាស់ បានជាគាត់សរសេរក្នុងសៀវភៅរបស់គាត់ថា “ការសើចសប្បាយជាមួយគ្នាក្នុងគ្រួសារ នៅតុអាហារពេលល្ងាច គឺជាទម្លាប់ដ៏ល្អ នៅក្រោយពេលថ្ងៃលិច”។
បទគម្ពីរសុភាសិត ១៧:២២ បានចែងថា “ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ”។ បទគម្ពីរសុភាសិតនេះបានផ្តល់ឲ្យនូវ “រូបមន្ត” សម្រាប់បង្កើតឲ្យមានសុខភាពល្អ និងការប្រោសឲ្យជា ដោយអនុញ្ញាតឲ្យយើងមានអំណរ ដែលជាថ្នាំដែលចំណាយតិច តែទទួលលទ្ធផលល្អដ៏ច្រើនសន្ធឹក។
យើងរាល់គ្នាសុទ្ធតែត្រូវការរូបមន្តក្នុងព្រះគម្ពីរនេះ។ ពេលដែលយើងនាំមកនូវក្តីអំណរ ចូលទៅក្នុងការសន្ទនា វាអាចបញ្ជៀសការមិនចុះសម្រុងគ្នា។ វាអាចជួយឲ្យយើងពិសោធនឹងសន្តិភាព បន្ទាប់ពីយើងមានភាពតប់ប្រមល់ឬបន្ទាប់ពីការប្រឡងនៅសាលា ឬក៏បន្ទាប់ពីយើងជួបរឿងស្មុគ្រស្មាញនៅកន្លែងធ្វើការជាដើម។ សំណើចក្នុងគ្រួសារ និងក្នុងចំណោមមិត្តភក្តិ អាចបង្កើតឲ្យមានកន្លែងដ៏មានសុវត្ថិភាព ដែលយើងដឹង និងមានអារម្មណ៍ថា គេស្រឡាញ់យើង។
តើអ្នកចាំបាច់ត្រូវបញ្ចូលសំណើច នៅក្នុងជីវិតរបស់អ្នក ដូចជា “ថ្នាំដ៏វិសេស” សម្រាប់វិញ្ញាណរបស់អ្នកឬទេ? សូមចាំថា ព្រះគម្ពីរបានលើកទឹកចិត្តអ្នក ឲ្យបង្កើតឲ្យមានចិត្តដែលសប្បាយ។—LISA SAMRA