បន្ទាប់ពីខ្ញុំចូលដល់វ័យ១៩ឆ្នាំ ខ្ញុំបានផ្លាស់ទៅរស់នៅក្នុងតំបន់ផ្សេង ដែលនៅចម្ងាយ១១០០គីឡូម៉ែត្រ ពីម្តាយខ្ញុំ។ កាលនោះខ្ញុំមិនទាន់មានឧបករណ៍ផ្ញើសារអេឡិចត្រូនិក ឬទូរស័ព្ទចល័តមួយគ្រឿងប្រើទេ ។ នៅពេលព្រឹកថ្ងៃមួយ ខ្ញុំបានចាកចេញទៅទិញទំនិញពីព្រលឹម ហើយក៏បានភ្លេចថា ខ្ញុំបានណាត់ពេលនិយាយជាមួយគាត់តាមទូរស័ព្ទ។ ក្រោយមក នៅពេលយប់ឡើង មានប៉ូលីសពីរនាក់បានមកកន្លែងស្នាក់នៅរបស់ខ្ញុំ។ ម្តាយខ្ញុំបានព្រួយបារម្ភ ព្រោះពីមុនមក ខ្ញុំមិនដែលអាក់ខាន នៅក្នុងការណាត់ពេលនិយាយជាមួយគាត់ តាមទូរស័ព្ទឡើយ។ បន្ទាប់ពីគាត់បានទូរស័ព្ទមកជាច្រើនដង ហើយទូរស័ព្ទខ្ញុំកំពុងជាប់រវល់ទៀត គាត់ក៏បានទៅរកអាជ្ញាធរ ហើយទទូចគេឲ្យរកមើលខ្ញុំ។ ក្នុងចំណោមប៉ូលីសទាំងពីរនាក់នោះ មានម្នាក់បាននិយាយប្រាប់ខ្ញុំថា “វាជាព្រះពររបស់ព្រះ ដែលអ្នកមានម្តាយដែលស្រឡាញ់អ្នក ហើយមិនព្រមឈប់តាមរកអ្នក”។
ពេលដែលខ្ញុំទូរស័ព្ទទៅម្តាយខ្ញុំវិញ ខ្ញុំក៏បានដឹងថា ទូរស័ព្ទនោះបានអស់ថ្ម មិនដឹងតាំងពីពេលណា ដោយសារខ្ញុំមិនបានសាកថ្ម។ បន្ទាប់ពីខ្ញុំបានសុំទោសគាត់ហើយ គាត់ក៏បានប្រាប់ខ្ញុំថា គាត់ចាំបាច់ត្រូវផ្សព្វផ្សាយដំណឹងដ៏ល្អនេះ ដល់ក្រុមគ្រួសារ និងមិត្តភក្តិ ដែលមុននោះ គាត់បានប្រាប់ពួកគេថា ខ្ញុំបានបាត់ខ្លួនហើយ។ ពេលខ្ញុំទម្លាក់ទូរស័ព្ទចុះ ខ្ញុំក៏បានគិតថា គាត់និយាយលើសបន្តិចហើយ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ល្អ ដែលបានដឹងថា គាត់ស្រឡាញ់ខ្ញុំខ្លាំងយ៉ាងនេះ។
ព្រះគម្ពីរបានធ្វើការពិពណ៌នាយ៉ាងក្បោះក្បាយ អំពីព្រះជាម្ចាស់ ដែលទ្រង់ជាសេចក្តីស្រឡាញ់ ហើយបានតាមរកកូនរបស់ទ្រង់ដែលបានវង្វេង។ ក្នុងនាមទ្រង់ជាអ្នកគង្វាលល្អ ទ្រង់ក៏បានយកព្រះទ័យទុកដាក់ និងស្វែងរកចៀមដែលបាត់បង់ ដោយបញ្ជាក់អំពីតម្លៃដែលមិនអាចកាត់ថ្លៃបាន របស់កូនស្ងួនភ្ញានីមួយៗរបស់ព្រះ (លូកា ១៥:១-៧)។
ទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ ដែលមិនព្រមឈប់តាមរកយើងឡើយ។ ទ្រង់នឹងតាមរកយើង ទាល់តែយើងងាកបែរមករកទ្រង់។ យើងអាចអធិស្ឋានឲ្យអ្នកដទៃ ដែលមិនស្គាល់ព្រះ ព្រោះទ្រង់ជាសេចក្តីស្រឡាញ់ ដែលមិនឈប់តាមរកពួកគេឡើយ។—XOCHITL DIXON