ក្នុង​កំណាព្យ​ប៉ទុយហ្កាល់ ដែល​លោក​ហ្វឺនេនដូ ប៉េសូ(Fernando Pessoa) បាន​និពន្ធ មាន​ឃ្លា​មួយ​បាន​សរសេរ​ថា “កំពង់​ផែ​នីមួយ​ៗ ជា​ការ​ស្រេក​ឃ្លាន ដែល​ជាប់​ក្នុង​ថ្ម”។ លោក​ប៉េសូ​បាន​និយាយ​អំពី​កំពង់​ផែ សំដៅ​ទៅ​លើអារម្មណ៍​ដែល​យើង​មាន ពេល​ដែល​នាវា​បាន​ចាក​ចេញ​ពី​យើង​យឺត​ៗ។ នាវា​ចាក​ចេញ​ទៅ តែ​កំពង់ផែ​នៅ​កន្លែង​ដដែល​ ជា​តំណាង​ឲ្យ​ភាព​យូរ​អង្វែង នៃ​ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ ការ​បែក​គ្នា និង​ការ​ស្រេក​ឃ្លាន។ យើង​ស្រេក​ឃ្លានរក​អ្វី​ដែល​យើង​បាន​បាត់​បង់ និង​អ្វី​ដែល​យើង​មិន​អាច​ឈោង​ទៅ​ដល់។

ក្នុង​ភាសា​ប៉ទុយហ្កាល់ ពាក្យ​ក្នុង​កំណាព្យ​នេះ ដែល​ប្រែ​មក​ថា “ការ​ស្រេក​ឃ្លាន” គឺ​សំដៅ​ទៅ​លើ​ការ​អាឡោះអាល័យ​ដ៏​ខ្លាំង ដែល​មាន​ក្នុង​ជម្រៅ​ចិត្ត​យើង ដែល​ពិបាក​ពិពណ៌​នា។ អ្នក​និពន្ធ​បទ​កំណាព្យ​នេះ កំពុង​តែ​ពិពណ៌នា អំពី​អ្វី​ដែល​មិន​អាច​ពិពណ៌នា​បាន។

ភ្នំ​នេបូរ ​អាច​ជា​កន្លែង​ដែល​លោក​ម៉ូសេ​មាន​ការ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង។ គាត់​បាន​ឈរ​នៅ​លើ​ភ្នំ​នេបូរ មើល​ទៅ​ទឹកដី​សន្យា ជា​ទឹក​ដី​ដែល​គាត់​មិន​អាច​ទៅ​ដល់។ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា ទ្រង់​បាន​ឲ្យ​គាត់​ឃើញ​ទឹក​ដី​សន្យា​ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ឡើយ​(ចោទិយកថា ៣៤:៤)។ ស្តាប់​មើល​ទៅ ព្រះ​បន្ទូល​ទ្រង់​ហាក់ដូច​ជា​ធ្ងន់​ធ្ងរ​ណាស់។​ តែបើ​យើង​គិត​ដូច​នេះ នោះ​មាន​ន័យ​ថា​យើង មិន​បាន​យល់​អំពី​រឿង​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ពេល​នោះ​ទេ។ តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​មាន​បន្ទូល​កម្សាន្ត​ចិត្ត​គាត់​ថា ព្រះ​អង្គ​នឹង​ប្រទាន​ទឹក​ដី​សន្យា​នោះដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់​(ខ.៤)។ មិន​យូរ​ប៉ុន្មាន លោក​ម៉ូសេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ភ្នំ​នេបូរ ទៅ​ទឹក​ដី​មួយ ដែល​ល្អ​ជាង​ទឹក​ដី​កាណាន​ទៅ​ទៀត(ខ.៥)។

ជា​ញឹក​ញាប់ ជីវិត​របស់​យើង​បាន​ជួប​នូវ​រឿង ដែល​ធ្វើ​ឲ្យ​យើង​ឈរ​អាឡោះ​អាល័យ ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់បាន​បែក​ចេញ​ពី​យើង ក្តី​សង្ឃឹម​បាន​រលាយ ឬ​ក្តី​ស្រមៃ​បាត់​បង់​ជា​ដើម។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ប្រហែល​ជាមាន​អារម្មណ៍​ដូច​អ័ដាម និង​នាង​អេវ៉ា កាល​ដែល​ពួក​គេ​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ក្នុង​សួន​ច្បារ​អេដែន តែ​យើង​ត្រូវងាក​បែរ​ទៅ​រក​ព្រះ​ជា​ម្ចាស់ ព្រោះ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​ប្រទាន​នូវ​ភាព​ស្កប់​ស្កល់ សម្រាប់​ការ​ស្រេក​ឃ្លាន​របស់​យើង​។​  —TIM GUSTAFSON