ក្នុងកំណាព្យប៉ទុយហ្កាល់ ដែលលោកហ្វឺនេនដូ ប៉េសូ(Fernando Pessoa) បាននិពន្ធ មានឃ្លាមួយបានសរសេរថា “កំពង់ផែនីមួយៗ ជាការស្រេកឃ្លាន ដែលជាប់ក្នុងថ្ម”។ លោកប៉េសូបាននិយាយអំពីកំពង់ផែ សំដៅទៅលើអារម្មណ៍ដែលយើងមាន ពេលដែលនាវាបានចាកចេញពីយើងយឺតៗ។ នាវាចាកចេញទៅ តែកំពង់ផែនៅកន្លែងដដែល ជាតំណាងឲ្យភាពយូរអង្វែង នៃក្តីសង្ឃឹម និងក្តីស្រមៃ ការបែកគ្នា និងការស្រេកឃ្លាន។ យើងស្រេកឃ្លានរកអ្វីដែលយើងបានបាត់បង់ និងអ្វីដែលយើងមិនអាចឈោងទៅដល់។
ក្នុងភាសាប៉ទុយហ្កាល់ ពាក្យក្នុងកំណាព្យនេះ ដែលប្រែមកថា “ការស្រេកឃ្លាន” គឺសំដៅទៅលើការអាឡោះអាល័យដ៏ខ្លាំង ដែលមានក្នុងជម្រៅចិត្តយើង ដែលពិបាកពិពណ៌នា។ អ្នកនិពន្ធបទកំណាព្យនេះ កំពុងតែពិពណ៌នា អំពីអ្វីដែលមិនអាចពិពណ៌នាបាន។
ភ្នំនេបូរ អាចជាកន្លែងដែលលោកម៉ូសេមានការស្រេកឃ្លានយ៉ាងខ្លាំង។ គាត់បានឈរនៅលើភ្នំនេបូរ មើលទៅទឹកដីសន្យា ជាទឹកដីដែលគាត់មិនអាចទៅដល់។ ព្រោះព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ថា ទ្រង់បានឲ្យគាត់ឃើញទឹកដីសន្យា តែទ្រង់មិនអនុញ្ញាតឲ្យគាត់ចូលឡើយ(ចោទិយកថា ៣៤:៤)។ ស្តាប់មើលទៅ ព្រះបន្ទូលទ្រង់ហាក់ដូចជាធ្ងន់ធ្ងរណាស់។ តែបើយើងគិតដូចនេះ នោះមានន័យថាយើង មិនបានយល់អំពីរឿងដែលកំពុងតែកើតឡើងនៅពេលនោះទេ។ តាមពិត ព្រះជាម្ចាស់កំពុងតែមានបន្ទូលកម្សាន្តចិត្តគាត់ថា ព្រះអង្គនឹងប្រទានទឹកដីសន្យានោះដល់កូនចៅជំនាន់ក្រោយរបស់គាត់(ខ.៤)។ មិនយូរប៉ុន្មាន លោកម៉ូសេនឹងត្រូវចាកចេញពីភ្នំនេបូរ ទៅទឹកដីមួយ ដែលល្អជាងទឹកដីកាណានទៅទៀត(ខ.៥)។
ជាញឹកញាប់ ជីវិតរបស់យើងបានជួបនូវរឿង ដែលធ្វើឲ្យយើងឈរអាឡោះអាល័យ ដោយសារមនុស្សជាទីស្រឡាញ់បានបែកចេញពីយើង ក្តីសង្ឃឹមបានរលាយ ឬក្តីស្រមៃបាត់បង់ជាដើម។ ស្ថិតក្នុងពេលបែបនេះ យើងប្រហែលជាមានអារម្មណ៍ដូចអ័ដាម និងនាងអេវ៉ា កាលដែលពួកគេធ្លាក់ចូលក្នុងអំពើបាប ក្នុងសួនច្បារអេដែន តែយើងត្រូវងាកបែរទៅរកព្រះជាម្ចាស់ ព្រោះមានតែទ្រង់ទេដែលអាចប្រទាននូវភាពស្កប់ស្កល់ សម្រាប់ការស្រេកឃ្លានរបស់យើង។ —TIM GUSTAFSON